Header Ads

លើសហើយៗ! លួចលុយគេហើយមិនអស់ចិត្ត ដុតផ្ទះគេចោលទៀត…

ខេត្តឧត្តរមានជ័យ៖ យុវជនម្នាក់បានលួចលុយរបស់ប្រជាពលរដ្ឋ រួចហើយដុតផ្ទះចោល ក៏ត្រូវសមត្ថ​កិច្ច​​ចុះ​ទៅ​ឃាត់​ខ្លួន​​ កាល​ពី​វេលាម៉ោង​៨ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិថ្នល់​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង។

មន្ត្រី​នគរបាល​ស្រុកអន្លង់​វែង បានឲ្យដឹង​ថា ជន​សង័្សយ​ដែលសមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ធុន បារាំង ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ។ ជននេះ​បានលួចប្រាក់របស់ជនរងគ្រោះចំនួន ៥ម៉ឺនរៀល និងបាន​បំផ្លាញ​ទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា (ដុតផ្ទះប្រជាពលរដ្ឋទំហំ៥​ម៉ែត្រ​គុណនឹង៦ម៉ែត្រ សង់​អំពី​ឈើ ប្រក់ស័ង្កសី បណ្ដាលឲ្យឆេះអស់ទាំងស្រុង)។ រីឯជនរងគ្រោះ ឈ្មោះ វង់ វឿន ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់​វែង។

មន្ត្រីនគរបាលដដែល បានបន្តថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៧កន្លងទៅ​នេះ ជន​សង័្សយ​បាន​ចូល​ទៅលួចលុយរបស់ជនរងគ្រោះ រួចហើយដុតបំផ្លាញផ្ទះរបស់គាត់ នៅក្នុងភូមិថ្នល់​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បណ្ដាលឲ្យឆេះអស់អស់មួយ​ខ្នង រួមទាំងទ្រព្យសម្បតិ្ត នៅក្នុងនោះ។ បន្នាប់ពីកើតហេតុភ្លាម សមត្ថ​កិច្ចក៏​បានចុះទៅស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណរបស់​ជនសង័្សយ ហើយក៏ចុះទៅឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments