Header Ads

គួរឲ្យអាណិតណាស់! ចុះងូតទឹកស្រះ៣នាក់ លង់ស្លាប់នារីអាយុ១៧ឆ្នាំម្នាក់

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ មាននារីម្នាក់ បានលង់ទឹកស្លាប់ យ៉ាងអណោចអធ័ម ខណៈដែលនារីរងគ្រោះ រូបនេះបានទៅ ងូតទឹកស្រះមួយកន្លែង ទល់មុខរោងចក្រ ផលិតទឹកសុទ្ធយីហោ អាវកាស។ ករណីខាងលើនេះ បានកើតឡើងក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមមន្ត្រីនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ថា វិបុល ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនី រោងចក្រផលិតទឹកសុទ្ធ មានស្រុកកំណើត ភូមិស្វាយសាក់ ឃុំពោធិទី ស្រុកសន្ធរកណ្តាល ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នារីរងគ្រោះ បានចេញពីធ្វើការ រួចបាននាំមិត្តភក្តិស្រីៗ ៣នាក់ទៅងូតទឹកស្រះ ដែលនៅខាងមុខរោងចក្រដែលខ្លួនធ្វើការ ខណៈងូតទឹក បានមួយសន្ទុះ ស្រាប់តែនារីរងគ្រោះបានលង់ទឹក ភ្លាមៗនោះមិត្តភក្តិ៣នាក់ទៀត បានឃើញហេតុការណ៍ដូច្នោះ តែមិនអាចជួយបាន ដោយមិនមានអ្នកណាមួយ ចេះហែលទឹកឡើយ ក៏នាំគ្នារត់ហៅបងប្អូន ដែលធ្វើការក្នុងរោងចក្រមកជួយ។

តែជាអកុសល នារីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទំរាំតែមានមនុស្សរត់មកជួយ ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលបានចុះធ្វើការពិនិត្យ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ព័ន្ធ ទៅនឹងបទល្មើសអ្វីផ្សេងឡើយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments