Header Ads

ពិតជាភ្ញាក់ផ្អើលណាស់! ឃើញអ្នកទេសចរ​អង្គុយយំក៏ហុចលុយឲ្យ ៥ដុល្លារ ៣ឆ្នាំក្រោយ លុយនេះក្លាយជា​របស់គួរ….

ឃើញអ្នកទេសចរ​អង្គុយយំក៏ហុចឲ្យ ៥ដុល្លារ ៣ឆ្នាំក្រោយ លុយនេះក្លាយជា​របស់គួរឲ្យភ្ញាក់ផ្អើល

វាសនា​មនុស្ស​ គឺ​មើល​មិន​ឃើញ អ្នកក្រ​អាច​ក្លាយ​ជា​​អ្នក​មាន អ្នក​មាន​អាច​ធ្លាក់​ខ្លួន​ជា​​​ក្រ។ មិន​ខុស​ពី​នារី​​ម្នាក់ ដែល​រស់​នៅ​ក្រោម​ដំបូល​ដ៏​ផ្ទះ​តូច​មួយ​នេះ​ឡើយ គឺ​នាង​បាន​ក្លាយ​ជា​ប្រពន្ធ​ស្រប​​ច្បាប់​​ របស់​ថៅកែ​រោងចក្រ​ស្រាបៀ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ហូឡង់ ព្រោះ​តែ​លុយ ៥ ដុល្លារ។

នេះ​ជា​រឿង​ពិត​របស់​ស្ត្រី សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​នាង​ចង់​ចែក​រំលែក​​​បទពិសោធន៍​ស្នេហា​របស់​​ខ្លួន ថា​វាសនា​មនុស្ស​មើល​មិន​ឃើញ​ទេ ហើយ​​ក៏​មិន​នឹកស្មាន​ថា នារី​កើត​ក្នុង​គ្រួសារ​លំបាក​ដូច​នាង​ មាន​ថ្ងៃ​នេះ​ដែរ។

កាល​ពី​ប៉ុន្មាន​​ឆ្នាំមុន​ គ្រួសារ​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់។ ពុក​ (ពិការ​ជើង) ម៉ែ និង​ប្អូន​របស់​​ខ្ញុំ ជា​អ្នក​កាប់​ដើម​ព្រៃភ្នំ​តាម​តំបន់​ឆ្ងាយៗ​មក​លក់​នៅ​​​វិមានឯករាជ្យ​​ក្នុង​ទីក្រុង​ភ្នំពេញ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​គាត់​ខំប្រឹង​ប្រែង​​ណាស់ ដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹម​ក្រពះ ចំណែកឯ​​ខ្ញុំ​ដែល​ជា​បង​ស្រី​ច្បង​ក្នុង​គ្រួសារ ក៏​មាន​បន្ទុក​រក​ប្រាក់​ដែរ គឺ​ជា​អ្នក​លក់​បបរ​លត ​​តាម​មាត់​សមុទ្រ​​នៅ​ខេត្ត​​ព្រះសីហនុ ជា​ទឹក​ដី​កំណើត​របស់​ខ្ញុំ។ របប​រក​ប្រាក់​របស់​ខ្ញុំ រៀង​ពិបាក​បន្តិច​ ​គឺ​ជួន​លក់​ដាច់ ជួន​លក់​​មិន​ដាច់ បើ​ទោះបី​ជា​មាន​ភ្ញៀវ​ច្រើន​យ៉ាងណា​ក្ដី ប៉ុន្តែ​ខ្ញុំ​មិន​អស់​សង្ឃឹម​ឡើយ ព្រោះ​ដឹង​ថា​បើ​មិន​ប្រឹង​ ក៏​គ្មាន​នរណា​ជួយ​គ្រួសារ​ខ្ញុំ​ដែរ។ ហេតុ​ដូច្នេះ មាន​តែ​ខាំមាត់​សង្កត់​ចិត្ត។

មិន​បាន​ចាំ​ថ្ងៃ​ខែ តែ​ច្បាស់​ថា​ថ្ងៃ​មួយ​ក្នុង​​ឆ្នាំ​ ២០០៦ ​ខ្ញុំ​ទៅ​​បបរ​លក់​ដូច​សព្វ​មួយ​ដង ក៏​បាន​ជួប​នឹង​បុរស​ជនជាតិ​ហូឡង់​​ម្នាក់​ ដែល​កំពុង​តែ​អង្គុយ​យំ។ ខ្ញុំ​ចេះ​អង់គ្លេស​តិចតួច​ដែរ ហើយ​ក៏​បាន​សួរ​ថា តើ​អ្នក​ឯង​កើត​អី? គាត់​តប​មក​​ខ្ញុំ​​វិញ​ថា ពេល​កំពុង​លេង​ទឹកសមុទ្រ ​​ចោរ​​បាន​ធ្វើ​ស៊ី ឥវ៉ាន់ ឯកសារ លិខិត​ឆ្លង​ដែន​អស់​គ្មាន​សល់ សល់​តែ​ខោ​ខ្លី​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ។

គាត់​ប្រាប់​ខ្ញុំ​ថា គាត់​​អត់​មាន​លុយ​សូម្បី​​តែ​​មួយ​រយ​រៀល អស់​ពី​ខ្លួន​រលីង​ហើយ […] អ្ហឺម! កោត​លោក​ចោរ​​ណាស់! ហេតុ​អី​ធ្វើបាប​ជនបរទេស​ម៉េស? មិន​ដឹង​ធ្វើ​យ៉ាងម៉េច អាណិត​គាត់​ពេក ខ្ញុំ​ក៏​ហុច ៥ ដុល្លារ ដែល​បាន​ពី​​លក់​បបរ​លត​ ​ឱ្យ​គាត់​យក​ទៅ​ចូល​ទូរ​អ៊ីនធឺណិត ទាក់​ទង​ទៅ​គ្រួសារ​សាច់ញាតិ។

ពេល​ទទួល ៥ ដុល្លារ​នោះ គាត់​សប្បាយ​ចិត្ត​ណាស់ អរគុណ​ខ្ញុំ​ ហើយ​ថែម​ទាំង​​ប្រាប់​ខ្ញុំ​ថា ពេល​ទៅ​ហុឡង់ដ៍​បាន​បី​ឆ្នាំ គាត់​នឹង​ត្រឡប់​មក​វិញ ដើម្បី​យក​ខ្ញុំ​ទៅ​នៅ​ជាមួយ។ និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​​​ជួយ​មិន​ចង់​បាន​អ្វី​​ពី​​គាត់​ឡើយ ហើយ​ក៏​មិន​ដែល​គិត​ថា ចង់​បាន​ប្ដី​បរទេស​ដែរ ព្រោះ​អី​ខ្ញុំ​មិន​សូវ​ជា​ចូល​​ចិត្ត​ទេ។

គួរ​ឱ្យ​ភ្ញាក់ផ្អើល អ្វី​ដែល​ខ្ញុំ​មិន​ដែល​នឹង​​គិត​ផង​ បែរ​ក្លាយ​ជា​ការ​ពិត​ទៅ​វិញ។ ​ក្នុង​ឆ្នាំ ២០០៨ គាត់​​ក៏​ត្រឡប់​មក​ខ្មែរ​វិញ ហើយ​​តាម​ទាក់ទង​រក​អាសយដ្ឋាន​​ខ្ញុំ​ទាល់​តែ​ឃើញ។ គាត់​បាន​ធ្វើ​តាម​ការ​សន្យា​របស់​គាត់ ទាំង​ខ្ញុំ​មិន​ដែល​គិត សូម្បី​តែ​បន្តិច​។ គាត់​បាន​សុំ​ខ្ញុំ​រៀបការ ហើយ​បើ​តាមដឹង​ពី​ប្រពន្ធ​របស់​មិត្ត​ភ័ក្តិ​គាត់ (ប្រពន្ធ​ខ្មែរ ប្ដីបរទេស)​ គាត់​ជា​ថៅកែ​រោងចក្រ​ស្រាបៀ​មួយ​នៅ​ហូឡង់​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ព្រម​ភ្លាម​ទេ ព្រោះ​ដូច​ខ្ញុំ​និយាយ​ខាងដើម​អីចឹង ខ្ញុំ​​មិន​ចូលចិត្ត​ជនបរទេស​ទេ។ ដល់​​គិត​​យូរ​ៗទៅ ដើម្បី​ជួយ​គ្រួសារ​ ​ខ្ញុំ​និង​គ្រួសារ​ក៏​សម្រេច​ចិត្ត​ព្រម​រៀបការ​ជាមួយ​គាត់​តាម​ផ្លូវច្បាប់។

ខ្ញុំ​និង​គ្រួសារ​គិត​ថា បើ​គាត់​​ជា​មនុស្ស​អាក្រក់ គាត់​ច្បាស់​ជា​មិន​គោរព​តាម​សន្យា​ឡើយ។ គាត់​បាន​ចូល​ស្ដី​ខ្ញុំ​តាម​ប្រពៃណី ជាមួយ​នឹង​ថ្លៃ​ទឹកដោះ ១ ម៉ឺន​ដុល្លារ​អាមេរិក។ ​លុយ​ទាំង​នេះ គាត់​បាន​ឱ្យ​គ្រួសារ​ខ្ញុំ​យក​ទៅ​​រៀប​ចំ​ផ្ទះ រួម​ទាំង​ប្រាក់​មួយ​ចំនួន​ផ្សេង​ទៀត។ ចាប់​ពី​ពេល​នោះ​មក គ្រួសារ​ខ្ញុំ​ចាប់​ផ្ដើម មាន​ជីវភាព​ធូរធារ​ដូច​គេ​ដូច​ឯង​ដែរ រីឯ​ឪពុក​ និង​ប្អូន​ខ្ញុំ ​ក៏​ឈប់​ទៅ​កាប់​ដើម​ព្រៃភ្នំ​ទៅ​លក់​ទៀត ដោយ​ប្ដូរ​មុខ​របស់​ថ្មី។ ចំណែក​ម្ដាយ​ខ្ញុំ មាន​តូប​លក់​មួយ​នៅ​ផ្សារ ដែល​អាច​រក​ចំណូល​តិចតួច តែ​ល្អ​ប្រសើរ​​ជាង​កាល​ពី​មុន។

ជា​ចុង​ក្រោយ ខ្ញុំ​ចង់​និយាយ​ថា វាសនា​មនុស្ស​មើល​មិន​ឃើញ​ទេ ហើយ​បើ​ជួយ​គេ​ហើយ ត្រូវ​​ជួយ​ដោយ​ចិត្ត​ស្មោះ ដោយ​មិន​គួរ​ចង់​បាន​ការ​តបស្នង​ពី​គេ​វិញ​ឡើយ។ ​អ្នក​នឹង​ជួប​សំណាង​ល្អ​ក្នុង​ថ្ងៃ​ណាមួយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments