Header Ads

តោះមកមើលគ្រោះថ្នាក់ចរាចរណ៍ក្នុងទឹងវិញម្ដង! កាណូតជនបរទេស បុកកាណូតអ្នកមកពីស៊ីការ ស្លាប់ម្នាក់..

ខេត្តកំពង់ឆ្នាំង៖ កាណូតដឹកភ្ញៀវទេសចរបរទេសមួយគ្រឿង បានបើកបុកកាណូត ដឹកមនុស្ស​ត្រឡប់​មកពីស៊ីការ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់យ៉ាងអណោចអធ័ម និង២នាក់​ទៀត​រងរបូសធ្ងន់ កាល​ពី​វេលា​ម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ជិតម្តុំ​ផ្ទះ​បណ្តែត​ទឹក ស្ថិត​ក្នុង​ភូមិ​ចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

មន្ត្រីនគរបាលចរាចរ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា​ ជនរងគ្រោះ​នៅក្នុងហេតុការណ៍ កាណូតបុកគ្នានោះ ទី១-ឈ្មោះ ឃុត ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​លំនៅ​ក្នុង​ស្រុកកំពង់លែង រងរបួសធ្ងន់ ហើយស្លាប់​ពេល​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ ទី២-ឈ្មោះ ទេព មុនី ភេទប្រុស អាយុ​៤៥​ឆ្នាំ រងរបួសធ្ងន់ និងទី៣-ឈ្មោះ ឡន ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រងរបួសធ្ងន់។ ជន​រង​គ្រោះ​ទាំង២នាក់ មាន​លំនៅ​ក្នុង​ភូមិ​សំរោង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ រីឯអ្នកបើកបរកាណូតដឹកភ្ញៀវទេស​ចរ​បរទេស ឈ្មោះ​ សឿន ផល្លី ភេទប្រុស អាយុ​៥០​ឆ្នាំ មានលំនៅក្នុងភូមិផ្លូវលំ ឃុំកំពង់ហៅ ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង។

ប្រភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញកាណូតមួយគ្រឿង ​បានបើកដឹកភ្ញៀវ​ត្រឡប់​មក​ពីស៊ីការ ដោយបើកតាមបណ្តោយ ទន្លេត្រើយខាងលិច ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ជាមួយនឹងកាណូត​ដឹក​ភ្ញៀវបរទេស។ លុះពេលកាណូតដឹកភ្ញៀវ ​ត្រឡប់មកពីស៊ីការនេះ បើកមកដល់​​ចំណុចកើតហេតុ ក៏បត់អែបចូលច្រាំង ដើម្បីដាក់មនុស្សឡើងគោក ស្រាប់តែកាណូតដឹកភ្ញៀវទេសចរបរទេស រេចង្កូតទៅបុកពេញមួយទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរង​របួស​តែម្តង។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាព័ទ្ធចាប់អ្នកបើកបរកាណូតដឹកភ្ញៀវទេសចរបរទេស ​​​​​​​​​​​​​​ព្រួតគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនាំទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តកំពង់ឆ្នាំង។ ដោយឡែក​អ្នករងរបួស ត្រូវគេបញ្ជូនទៅសង្រ្គោះ​ នៅក្នុងមន្ទីរពេទ្យ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments