Header Ads

ប្រពន្ធឈឺពោះគ្រប់ខែ ប្ដីប្រញ៉ាប់ប្រយ៉ាល់យកទៅពេទ្យ ស្រាបតែប្រពន្ធត្រូវសម្រាលកូននៅកណ្ដាលសមុទ្រ...

ខេត្តកោះកុង៖ បុរសម្នាក់ឃើញ ប្រពន្ធរបស់ខ្លួនឈឺពោះគ្រប់ខែ ក៏ដឹកតាមទូក បញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែសម្រាលកូន​ នៅកណ្ដាលសមុទ្រ កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ស្រ្តីកម្សត់ខាងលើនេះ ឈ្មោះ រស់ សុឃីម អាយុ​៣៤ឆ្នាំ មានប្ដី ឈ្មោះ ឡាន កាន។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ មានកូន៤នាក់ នៅក្នុងបន្ទុក ដោយប្រកបរបរជាអ្នក​ធ្វើ​ស្រែចម្ការ និងនេសាទ ហើយមានលំនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រីឯកូនរបស់គាត់ដែលសម្រាលនៅលើទូក កណ្ដាល​​សមុទ្រនោះ គឺជាកូនប្រុស និងមានសុខភាពល្អទៀតផង។

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ស្ត្រីកម្សត់ខាងលើនេះ នៅពេលឈឺពោះសម្រាលកូន គាត់ក៏​បានឲ្យប្ដីរបស់គាត់ និងសាច់ញាតិជូនដំណើរមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប៉ុន្តែពេលប្ដីរបស់គាត់​បើក​ទូកកាត់សមុទ្រ មកដល់ត្រឹមតែពាក់កណ្តាលផ្លូវ ស្រាប់តែប្រពន្ធសម្រាលទារក នៅលើទូកបាត់ទៅហើយ។

ក្រោយពេលសម្រាលរួច បុរសជាប្ដីក៏ស្រូតដំណើរមកដល់ច្រាំង ទើបក្រុមគ្រូពេទ្យមកទទួល នាំទៅ​​សង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយនៅពេលនេះ ទាំងម្ដាយ និងទារក គឺមានសុខ​ភាពល្អ បានរួចផុតពីគ្រោះថ្នាក់អស់ហើយ។ ស្របគ្នានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឧបត្ថម្ភប្រាក់៤ម៉ឺនរៀល ហើយអាជ្ញាធរកបានជូនជាសម្ភារ​សម្រាប់ទារក និងទឹកដោះគោមួយចំនួនទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments