Header Ads

នេះហើយទឹកចិត្តបង! ខ្លួនឈឺជិតស្លាប់មិនឲ្យពេទ្យ​ព្យាបាល សុខចិត្ត​ទុកប្រាក់ឲ្យ…

នា​ពេល​ថ្មី​ៗ​នេះ​ក្មេង​ស្រី​ជនជាតិ​ចិនម្នាក់​ បាន​ធ្វើ​​ឲ្យ​មហាជន​រំជួល​ចិត្ត អាណិត​ស្ទើរ​ស្រក់​ទឹក​ភ្នែក ព្រោះ​តែ​​នាង​​មាន​ជំងឺ​កាច​សាហាវ​ប៉ះពាល់​ដល់​ជីវិត​ តែ​បដិសេធ​មិន​ឲ្យ​គ្រូពេទ្យ​ព្យាបាល។

កុមារី Wang Yue អាយុ ៧​ឆ្នាំ ​បាន​កើត​ជំងឺ​ឆ្អឹង​ក៏​កម្រ​ម្យ៉ាង ហើយ​បាន​ប្រគល់​កាក់​ដែល​នាង​ខំ​សន្សំ​ពី​មុន​​ទៅ​ឲ្យ​ឪពុក ព្រោះ​នាង​ចង់​បោះ​បង់​ការ​ព្យាបាល ដើម្បី​ទុក​លុយ​ជួយ​សង្គ្រោះ​ប្អូន​ស្រី​វិញ​ដែល​មាន​ជំងឺ​ដូច​ខ្លួន​។ រឿង​រ៉ាវ​​រំជួល​ចិត្ត​​នេះ​កើត​ឡើង​ខេត្ត​ហេណាន ប្រទេស​ចិន។

បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន China Press រៀប​រាប់​ថា កុមារី Wang Yue ​បាន​កើត​ជំងឺ​​ពុក​ឆ្អឹង​ដែល​ជា​ជំងឺ​គំរាម​កំហែង​​ដល់​អាយុ​ជីវិត ហើយ​ឆ្អឹង​​ចាប់​​ផ្ដើម​រឹង​​គ្រប់​ផ្នែក​នៅ​រាង​កាយ។ រោគ​សញ្ញា​ជំងឺ​នេះ​មាន​ដូច​ជា ស្នាម​ប្រេះ​ឆ្អឹង ការ​ផលិត​កោសិកា​​ឈាម​ចុះ​ទាប ​និង​បាត់​បង់​មុខងារ​​សរសៃ​ប្រសាទ​ក្បាល និង​ធ្វើ​ឲ្យ​នាង​អាច​ពិការ​ភ្នែក ថ្លង់ និង​សាច់​មុខ​ឡើង​រឹង។

ស្ថាន​ភាព​ជំងឺ​របស់ Wang Yue ​កាន់​តែ​អាក្រក់​ទៅ​​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​ស្លាប់​គ្រប់​ពេល។ ទោះ​យ៉ាង​ណា នាង​បាន​បដិសេធ​​មិន​ឲ្យ​គ្រូពេទ្យ​ព្យាបាល បែរ​​មក​ត្រឹម​តែ​ផឹក​ថ្នាំ​បុរាណ​ចិន ៧​ចាន​ក្នុង​មួយ​ថ្ងៃ​​វិញ ព្រោះ​ចង់​សន្សំ​ប្រាក់​ឲ្យ​ប្អូន​ស្រី​។

Wang Yue ​ជា​សិស្ស​រៀន​បាន​ច្រើន​ម្នាក់ តែ​ក្រោយ​កើត​ជំងឺ ធ្វើ​ឲ្យ​នាង​ព្រាលៗ​ភ្នែក​ពិបាក​អាន​សៀវភៅ។ ជា​ដំណឹង​ល្អ​មួយ​ ឪពុក​ម្ដាយ​របស់​នាង​បាន​រក​ឃើញ​អ្នក​ជួយ​សង្គ្រោះ​ខួរ​ឆ្អឹង​ខ្នង ហើយ​អ្នក​បរិច្ចាគ​នឹង​ត្រូវ​​ឆ្លង​​កាត់​ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​មុន​សិន។ ឪពុក​ម្ដាយ​​​ដដែល មាន​គម្រោង​វះកាត់​ខួរ​ឆ្អឹង​ឲ្យ​កូន​ៗ​ទាំង​ពីរ​តែ​ម្ដង។

ជា​រឿង​គួរ​ឲ្យ​​ក្រៀម​ក្រំ ​តម្លៃ​វះកាត់​​កូន​ម្នាក់​ គឺ​ត្រូវ​ចំណាយ​ប្រមាណ ៧៤ ៤០០​ដុល្លារ ខណៈ​ឪពុក​ម្ដាយ​អស់​ប្រាក់​តាំង​ពី​​ការ​ព្យាបាល​ពី​ដើម​មក។ បន្ទាប់​ពី​សម្រេច​ខ្ចី​ប្រាក់​ពី​មិត្តភ័ក្ដិ និង​គ្រួសារ​សាច់​ញាតិ ​ពួក​គាត់​រក​បាន​ប្រមាណ ២៩ ០០០​ដុល្លារ ហើយ​មាន​ម្នាក់​​ប៉ុណ្ណោះ​ក្នុង​ចំណោម​កូន​ទាំង ២ ​មាន​ឱកាស​អាច​​​វះកាត់​បាន។

កូន​ស្រី​​បង​បាន​និយាយ​​ទៅ​កាន់​ឪពុក​ថា “​ចាប់តាំង​ពី​គ្រួសារ​យើង​​​​មិន​​អាច​ខ្ចី​ប្រាក់​បាន​ច្រើន កូន​​នឹង​បោះបង់​ការ​ព្យាបាល​ហើយ។ កូន​មាន​​ប្រាក់​សន្សំ​បន្តិច​បន្តួច​នៅ​ទី​នេះ រួម​​បញ្ចូល​ជា​មួយ​ប្រាក់​​ពុក​ខ្ចី​គេ​បាន ទុក​ជួយ​សង្គ្រោះ​ប្អូន​​ស្រី​​ទៅ​ចុះ​។ ​កូន​ជា​មនុស្ស​ធំ​ហើយ វា​អត់​បញ្ហា​ទេ ​​បើ​កូន​មិន​វះកាត់។ នេះ​ប្រាក់​ខ្លះ ​កូន​បាន​សន្សំ​ទុក​យូរ​ហើយ។ យក​វា​ទុក​ទៅ​ពុក”។

​រឿងរ៉ាវ ​​គួរ​ឲ្យ​រំជួល​ចិត្ត​នេះ​បាន​ឆក់​បេះ​ដូង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ចិន​​​​​​មាន​ចិត្ត​អាណិត​​ខ្លាំង​ ​រួច​​កៀរគរ​គ្នា​រៃ​អង្គាស​ប្រាក់​ជា​បណ្ដើរ​ៗ​ផងដែរ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments