Header Ads

វាយគ្នាផ្អើលផ្សារស្ទឹងមានជ័យថ្មី ដោយសារដណ្ដើមម៉ូយគ្នា...

ភ្នំពេញ: អាជីវករ២នាក់លក់ខោអាវ នៅតូបជិតគ្នា បានឈ្លោះគ្នាដណ្ដើមម៉ូយ រហូតឈានដល់ការវាយតប់គ្នា បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សុខ ផល្លា ហៅគីម ភេទស្រី អាយុ​៣៥​ឆ្នាំ មុខរបរលក់ដូរខោអាវ ស្នាក់នៅផ្ទះលេខ២៤E០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រី​ឯ​ជនរងគ្រោះ ឈ្មោះ ឆេន ស៊ីម៉ា ហៅប៉ុម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងតែឈរ និយាយគ្នាជាមួយនឹងភ្ញៀវ ដែលមកទិញខោអាវរបស់នាង។ នៅពេលនោះឈ្មោះ ភិន ចន្ថា ហៅស្រីទូច ជាកូនឈ្នួលលក់ខោអាវ របស់ជនរងគ្រោះ ក៏ប្រាប់ឲ្យ ឈ្មោះ ប៊ិន ស្រីអូន នៅតូបក្បែរគ្នា ក្នុងផ្សារស្ទឹងមានជ័យ ហៅភ្ញៀវនោះឲ្យមកមើលខោអាវ នៅតូបរបស់នាងវិញ។ ឮបែបនេះ ជនសង្ស័យ​ ក៏ផ្ទុះកំហឹងឡើង ហើយបានស្រែកខ្លាំងៗទៅឲ្យឈ្មោះ ភិន ចន្ថា ទើបបង្កឲ្យទំនាស់ពាក្យសម្តីគ្នា។

ភ្លាមៗនេះ ជនរងគ្រោះ​ដែល​កំពុង​​ តែ​ឈរលក់ខោអាវនៅតូបក្បែរគ្នា ក៏ស្ទុះទាញទុយោជ័រ ពណ៌ខៀវ ដើរចេញមកពីក្នុងតូប។ រីឯជនសង្ស័យ ក៏ទាញបានដែកអ៊ីណុកជ្រុង១ដើម មានប្រវែង១ម៉ែត្រ៣តឹក ចេញមកដែរ ក៏បង្កឲ្យមានការវាយប្រតាយប្រតប់គ្នា ទៅវិញទៅមក ជាមួយនឹងជនរងគ្រោះ។ ឃើញបែបនេះ ឈ្មោះ ប៊ិន ស្រីអែម ក៏យកដែកអ៊ីណុកមូល មកឲ្យជនរងគ្រោះវាយ តែត្រូវជនសង័្សយចាប់បាន ហើយក៏ប្រតាយប្រតប់គ្នាបន្តទៀត បណ្តាលឲ្យជនរងគ្រោះ រងរបួសត្រង់ថ្ងាស ពីចំហៀងខាងឆ្វេង និងរបួសដាច់រលាត់ដៃខាងឆ្វេង។ ចំណែកជនសង្ស័យ របួសជាំហើមម្រាមដៃ និងកំភួនដៃខាងឆ្វេង។

ប្រភពព័ត៌មានដដែល បានបន្តថា នៅពេលឃើញភាគីទាំង២វាយតប់គ្នាបែបនេះ សន្តិសុខយាមផ្សារ និងប្រជាពលរដ្ឋនៅក្បែរនោះ ក៏នាំគ្នាជួយចាប់បំបែកចេញពីគ្នា ហើយចុចទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកនាំខ្លួនភាគីទាំង២ នាំទៅសាកសួរ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ និងចាត់ការតាមនីតិវិធី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments