Header Ads

គួរឲ្យរន្ធត់ណាស់!! រថយន្តឃ្លុបបើកលឿន​បុកម៉ូតូ​ ឃ្ទាតមនុស្សចូលក្រោមកង់រថយន្ត បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ភ្លាមៗ...

ខេត្តកំពង់ចាម៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់យ៉ាងអណោចអធ័មមួយរំពេច ដោយសាររថយន្តឃ្លុបបើកលឿន​បុកម៉ូតូ​ ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវលេខ៧០ សិ្ថតក្នុងភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលចរាចរស្រុកព្រៃឈរ បានឲ្យដឹងថា រថយន្តបង្ក ម៉ាក់FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-5827 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់(ពីព្រោះគេរត់គេចខ្លួនបាត់)។ រីឯម៉ូតូរងគ្រោះ ម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-9725 បើកបរដោយឈ្មោះ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខ​របរ​​រត់ម៉ូតូ​ឌុប មានលំនៅក្នុង​ភូមិ​បន្ទាយ​​រឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ​និងអ្នករួមដំណើរជាមួយចំនួន២នាក់ ទី១-ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០​ឆ្នាំ និងឈ្មោះ សុខ លាប អាយុ១០ឆ្នាំ។ ពួកគាត់ទាំង២នាក់យាយ និងចៅប្រុស មានលំនៅក្នុងភូមិទួលតាកោរ ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវ​លេខ​៧០ ក្នុងទិសដៅបញ្ច្រេសគ្នាជាមួយនឹងបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ដឹកស្ត្រីចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់។ លុះពេលជនរង​គ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុកម៉ូតូពេញទំហឹង ដួលអូសនឹងថ្នល់ជាច្រើនម៉ែត្រ ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កិនស្លាប់យ៉ាងអណោចអធ័មទាំង៣នាក់មួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នក​បើកបរបានឈប់រថយន្តបង្ក បើកទ្វារលោតចុះ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ រួចហើយប្រគល់សាកសពរបស់ជនគ្រោះទៅឲ្យក្រុមគ្រួសារ ដឹកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមសេចក្ដីសោកសង្រេងពីសាច់ញាតិ។ ដោយឡែកយានយន្តទាំងពីរគ្រឿង ត្រូវ​សមត្ថ​កិច្ចវាស់វែង រួចហើយយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើក​បរ​រថយន្ត​បង្ក​នាំមក​ចាត់ការ​តាមច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments