Header Ads

ពិតជាស្ដែងៗណាស់!! រថយន្តកុងតឺន័របើកលឿន បុករះផ្ទះ ៣ល្វែង ផ្អើលមនុស្សរត់ជាន់ជើងគ្នា និងរបួស…

ខេត្តកណ្ដាល៖ រថយន្ដកុងតឺន័រមួយគ្រឿងបានបើកបោះពួយយ៉ាងលឿន ក្នុងទីប្រជុំជន លុះពេលមានឧបសគ្គមកពីមុខ ធ្វើឲ្យអ្នកបើកបរភ័យ ជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឲ្យរថយន្តវេរក្បាលទៅបុករះផ្ទះចំនួន៣ល្វែង និងបណ្ដាលឲ្យមនុស្ស៤នាក់រងរបួស​ស្រាល កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូ​ម៉ែត្រ​១៩-២០ នៅមុខផ្សារគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា​ រថយន្តបង្ក ម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ (ប្រភេទ​សណ្តោង​​សឺមី​រ៉ឺម៉ក) ពាក់​​ស្លាក​​លេខ ភ្នំពេញ 3A-1684 បើកបរ​ដោយឈ្មោះ ខែន ចន្ធា ភេទប្រុស អាយុ២៦ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិដំណាក់​ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

រីឯម្ចាស់ផ្ទះរងគ្រោះ ទី១-ឈ្មោះ ប្រាក់ ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ មាន​លំនៅ​ផ្ទះលេខ៣៥៣ ផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ លក់ទូរស័ព្ទ ទី២-ឈ្មោះ ស្រី វឌ្ឍនៈ ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅក្នងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខូចខាតសម្ភារទូរទស្សន៍ និងទី៣-ឈ្មោះ មាស ស៊ីម ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ទួរទស្សន៍ រងរបួសស្រាល រស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកអ្នកអង្គុយលើរ៉ឺម៉ករង់ចាំចេញដំណើរ ហើយត្រូវវរថយន្តបុកដែរនោះ ទី១-ឈ្មោះ សារិន សៀងឡេន អាយុ៣២ឆ្នាំ (របួសស្រាល) មានលំនៅក្នុងភូមិ១ ឃុំខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល និងទី២-ឈ្មោះ អ៊ុន ស្រីវ៉ិត ភេទស្រី អាយុ៣៥ឆ្នាំ(របួសស្រាល) រស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបោះពួយយ៉ាងលឿន តាមបណ្ដាយផ្លូវជាតិ​លេខ១ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តភ្នំពេញ។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ក៏​ជែង​នឹងរ៉ឺម៉កម៉ូតូ លុះពេលមានឧបសគ្គមកពីមុខ អ្នកបើកបរក៏ជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឲ្យរថយន្តសណ្តោងសឺមីរ៉ឺម៉ក រេចង្កូត​ទៅបុករះផ្ទះចំនួនល្វែង និងបណ្ដាលឲ្យមនុស្សរងរបួសស្រាល៤​នាក់ ព្រមទាំងបណ្ដាលឲ្យខូចខាតសម្ភារអស់ច្រើន។

អ្នកបើកបររថយន្តបង្កឈ្មោះ ខែន ចន្ធា

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់អ្នកបើកបររថយន្ត និងយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា មកពីរថយន្តបើកលឿន នៅក្នុងទីប្រជុំ ពេលជួបឧបសគ្គ ក៏ជាន់ហ្វ្រាំងទាំងបង្ខំ ទើបធ្វើឲ្យរថយន្តវិលបោកចូលទៅចិញ្ចើមផ្លូវ បុករះផ្ទះប្រជាពលរដ្ឋ​បែបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments