Header Ads

ហួសចិត្តណាស់ ពេលឭឃាតកសារភាព!! ដោះបង់កាំភ្លើងចេញអស់ហើយ ក៏តំរង់មុខនាង កេះកៃលេងផ្ទុះផូង….

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋានយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បំបែកសំណុំរឿង ឃាតកម្មដ៏ល្បីមួយ ដែលរំលងផុត រយៈពេល៨ខែមកហើយ ដោយសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណី បាញ់សម្លាប់នារីជាសង្សា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រតិបត្តិការ ឃាត់ខ្លួនឃាតករបាននៅពេលនេះ គឺធ្វើឡើងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

គួររំលឹកដែរថា នារីម្នាក់ឈ្មោះស៊ុន ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវគេអះអាងថា ជាស្រីស្នេហ៍របស់បុរសម្នាក់ ឈ្មោះ អ៊ុំ សុផា អាយុ៣០ឆ្នាំ ដែលដំបូងឡើយ បុរសរូបនេះ ត្រូវគេអះអាងផងដែរថា ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជនដៃដល់ បានយកកាំភ្លើងបាញ់សម្លាប់នាងជាសង្សារ ចំភ្នែកធ្លាយទៅក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹង កន្លែង កាលពីវេលាម៉ោង ១២និង៤០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបន្ទប់លេខ៤០៤ ផ្ទះសំណាក់យីហោ «សារីធំ» ។

ក្រោយពេល កើតហេតុភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ ត្រួតពិនិត្យឈ្មោះ ក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថ បញ្ជាក់ថា ឈ្មោះ អ៊ុំ សុផា ពុំមានឈ្មោះនៅក្នុងបញ្ជី និងមិនមែនជាមន្ត្រីអាវុធហត្ថនោះទេ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងកងរាជអាវុធហត្ថ ឲ្យបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករ ជាបន្ទាន់ លើករណីឃាតកម្មមួយនេះ ឲ្យខាងតែបាន។

ឆ្លងតាមរយៈការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ របស់សមត្ថកិច្ច កងរាជអាវុធហត្ថ បានធ្វើការ តាមប្រម៉ាញ់ជនល្មើស ប្រកិតៗ ទាំងនៅក្នុងរាជធានីភ្នំពេញ និងចេញពីខេត្តមួយទៅខេត្តមួយ តែត្រូវជនល្មើសធ្វើការ បង្វែរដាន និងគេចខ្លួនពីកន្លែងមួយ ទៅកន្លែងមួយ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ទើបកម្លាំងស្នងការដ្ឋាន យុត្តិធម៌នៃកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់ ទីតាំងជនល្មើស ច្បាស់ថា កំពុងលាក់ខ្លួន នៅខេត្តប៉ៃលិន ក៏ចុះទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនឃាតករ បាននៅចំនុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោង ១១និង២៥នាទី ដោយយោងលើដីកា បញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ផងដែរ។

បើយោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ ឈ្មោះ អ៊ុំ សុផា បានរៀបរាប់ថា ៖ – នៅឆ្នាំ២០០៨រូបគេជា ប្រធានប៉ុស្ត៍សន្តិសុខឯកជនក្រុមហ៊ុន ស្កាយ និងគ្រប់គ្រងកូនចៅចំនួន៤ទៅ៥នាក់។ – នៅឆ្នាំ២០១១ ក្រុមហ៊ុនបានតម្លើងតួនាទី រូបគេឲ្យឡើងជាប្រធាន តំបន់គ្រប់គ្រង៤ខណ្ឌ គឺទួលគោក, ៧មករា ដូនពេញ និងឬស្សីកែវ។ ហើយនៅពេលនោះ រូបគេបានស្គាល់ជាមួយឈ្មោះ អ៊ុក វាសនា ជាបុគ្គលិកក្រុមហ៊ុន សន្តិសុខស្កាយដូចគ្នា តែធ្លាប់ធ្វើជាយោធា ពីមុនមក ហើយនាងបានសួររូបគេថា ចង់ធ្វើជាកងកម្លាំងដែរទេ គេយក២០០ដុល្លារ រូបខ្លួនក៏ព្រមឲ្យឈ្មោះ អ៊ុក វាសនា រត់ការឲ្យចូលធ្វើប៉េអឹម ហើយបានទៅកាត់ត រូបថតឯកសណ្ឋាន ប៉េអ៊ឹមសក្កិពីរ នៅហាងថតរូប ខាងជើងសាលាសន្ធរម៉ុក និងផ្តិតចំនួន០៨សន្លឹក ឲ្យឈ្មោះ អ៊ុក វាសនា។

ក្រោយមកប្រហែល១ខែ ឈ្មោះ អ៊ុក វាសនា បានយកសេចក្តីសម្រេច និងអត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទស័ក្តិពីរ អត្តលេខ១៩៩២៧៨ មកឲ្យរូបគេ តែជាច្បាប់ថតចំលង ដោយឈ្មោះ អ៊ុក វាសនា ប្រាប់ថា ច្បាប់ដើមអង្គភាព ជាអ្នករក្សាទុក ហើយមិនមានប្រាក់ខែបើកទេ ព្រោះរូបគេធ្វើការក្រៅអង្គភាព។ ពេលនោះរូបគេ បានទៅទិញសម្លៀកបំពាក់ប៉េអ៊ឹម នៅផ្សារទឹកថ្លា យកមកពាក់ និងថតបង្ហោះហ្វេសប៊ុកម្តងម្កាល។

– នៅឆ្នាំ២០១២ រូបគេបានប្តូរ ពីក្រុមហ៊ុនសន្តិសុខស្កាយ មកធ្វើការនៅក្រុមហ៊ុន សន្តិសុខស្តារវិញម្តង តែក្រោយមក ដោយពិបាកបើកលុយពេក រូបគេក៏បានប្តូរការងារ ពីក្រុមហ៊ុនស្តារ ទៅធ្វើនៅ ក្រុមហ៊ុនសន្តិសុខ អែស ស៊ី វ៉ាយ ម្តង តែទ្រាំអត់ងងុយមិនបាន ក៏ឈប់ពីក្រុមហ៊ុន អែស ស៊ី វ៉ាយ ទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុន សន្តិសុខឯកជន ខេ ដាប់បាយយូ ហើយពេលនោះ រូបគេបានទាក់ទង ទិញកាំភ្លើងខ្លី០១ដើម ម៉ាកកា៥៩ ពីយោធាម្នាក់ មិនស្គាល់ឈ្មោះ យកមកប្រើប្រាស់ ដោយគ្មានលិខិតស្នាម។

– នៅដើមឆ្នាំ២០១៦ រូបគេបានឈប់ធ្វើការនៅក្រុមហ៊ុន ខេ ដាប់បាយយូ ហើយមកជួលឡាយសិន ក្រុមហ៊ុនសន្តិសុខឯកជន អឹម ប៊ី អេ បើកដោយខ្លួនឯង ដោយចូលហ៊ុនគ្នា៤នាក់ តែបានកន្លះឆ្នាំក៏ក្ស័យធន រូបគេក៏ទៅស៊ីឈ្នួលយាមយប់ នៅហាងវ័ន្តមួរ ម្តុំទួលគោកបាន២ខែ ក៏ប្តូរទៅធ្វើការ ឲ្យមិត្តភក្តិនៅក្រុមហ៊ុន អ៊ិនធឺណែត២៤/២៤ម៉ោង ម្តុំផ្លូវសឡា។

– នៅពាក់កណ្តាល ឆ្នាំ២០១៦ រូបគេបានឈប់ធ្វើការ ពីក្រុមហ៊ុនអ៊ិនធឺណែត ហើយទៅធ្វើការ យាមផ្ទះលក់មាស ដោយប្រើឯក សណ្ឋានអង្គរក្សឈុតខ្មៅ និងឈុតទឹកដោះគោ ហើយពេលនោះ រូបគេបាន ខ្ចីលុយម្ចាស់ហាងមាស១៥៥០ដុល្លារ ទិញកាំភ្លើងថ្មីម៉ាក សេអែស៩៨ និងសន្យាសងម្ចាស់ហាងវិញ ១ខែ៥០ដុល្លារ រីឯកាំភ្លើងចាស់កា៥៩ បានយកទៅលក់ឲ្យយោធាម្នាក់ មិនស្គាល់ឈ្មោះ បាន៦០០ដុល្លារ ព្រមជាមួយគ្នានោះ ខ្លួនបានទាក់ទងជាមួយ ឈ្មោះ អ៊ុក វាសនា ម្តងទៀត ដើម្បីឲ្យជួយធ្វើស័ក្តិ៤(វរសេនីយ៍ត្រី) ឲ្យរូបខ្លួន ដោយឈ្មោះ អ៊ុក វាសនា បានទារយក៨០ដុល្លារ។ ក្នុងអំឡុងពេល យាមហាងមាសនោះដែរ រូបគេបានស្គាល់ជាមួយ នារីរងគ្រោះឈ្មោះ ស្រីលក្ខណ៍ ក្នុងលក្ខណៈដូចជាប្តីប្រពន្ធ ដោយនាងជាស្ត្រីមេម៉ាយកូនពីរ ជួលផ្ទះនៅម្តុំ ខាងក្រោយមន្ទីរពេទ្យ សែនសុខ។

– រហូតមកដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ខណៈពេលរូបគេ ជាមួយមិត្តភ័ក្រ្ត កំពុងផឹកស៊ី នៅម្តុំបឹងសាឡាង ស្រីល័ក្ខណ៍ដែលជាសង្សាខ្លួន បានខលហៅឲ្យទៅញ៉ាំអី ជាមួយនាង នៅហាងម្តុំអង់តែនទួលគោក ហើយនៅពេលនោះ រូបគេបានទៅជាមួយ មិត្តភក្តិពីរនាក់ផ្សេងទៀត។ ពេលទៅជួបស្រីល័ក្ខណ៍ នាងក៏មាន មិត្តភក្តិស្រីៗ២នាក់ និងប្រុសម្នាក់ផ្សេងទៀត កំពុងអង្គុយផឹកស៊ីជាមួយគ្នា ហើយរូបគេ ក៏បានអង្គុយក្បែរ ស្រីល័ក្ខណ៍ និងផឹកស៊ីជាមួយគ្នា។

អង្គុយបានប្រហែល១៥នាទី រូបគេបានលេងសើច ជាមួយមិត្តភក្ត្រស្រី របស់ស្រីល័ក្ខណ៍ ដោយនាងបានហុចដៃ ឲ្យរូបគេថើប ធ្វើឲ្យស្រីល័ក្ខណ៍ប្រចណ្ឌលែងនិយាយស្តី។ ក្រោយពេលគិតលុយរួច រូបគេក៏បានឌុបស្រីល័ក្ខណ៍ ទៅផ្ទះសំណាក់សារីធំ ចូលក្នុងបន្ទប់៤០៤ រូបគេបានលួងលោម និងអង្វរស្រីល័ក្ខណ៍ កុំឲ្យខឹង និងប្រចណ្ឌរូបគេ នៅកន្លែងផឹកស៊ីអី គ្រាន់តែជាការលេងសើច ជាមួយមិត្តភ័ក្ត្រនាងទេ ពេលនោះនាង ក៏បានទំលាក់ខ្លួន ដេកផ្ងារនៅលើពូក ហើយរូបគេ ក៏បានដកកាំភ្លើងចេញពីចង្កេះ ដោះបង់ចេញ ដាក់ចូលក្នុងហោប៉ៅខោ បន្ទាប់មកយកកាំភ្លើង ភ្ជង់តម្រង់ទៅលើស្រីល័ក្ខណ៍ ក្នុងបំណងលេងសើច រួចកេះកៃ ស្រាប់តែកាំភ្លើងផ្ទុះតែម្តង បណ្តាលឲ្យត្រូវមុខស្រីល័ក្ខណ៍ ហូរឈាមពេញកម្រាលពូក។

ឃើញដូច្នោះ ខ្លួនក៏រត់ចេញមកក្រៅ យកម៉ូតូ រត់គេចខ្លួនតែម្តង រីឯកាំភ្លើងខ្លួន បានបោះចោលក្នុងទន្លេ លើស្ពានព្រែកតាមាក់ ពេលដែលខ្លួនរត់ទៅព្រៃវែង។ យោងតាមចម្លើយ របស់ឃាតករឈ្មោះ អ៊ុំ សុផា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុក វាសនា ហើយ អ៊ុក វាសនា បានសារភាពថា ពិតជាបានទទួលលុយ ពីឃាតករ អ៊ុំ សុផា ដើម្បីធ្វើឯកសារ សេចក្តីសម្រេច និងអត្តសញ្ញាណប័ណ្ណប៉េអឹម ក្លែងក្លាយពិតប្រាកដមែន តែខ្លួនមិនបានធ្វើផ្ទាល់ទេ គឺយកទៅឲ្យឈ្មោះ ណុប ច័ន្ទ ជាអ្នកធ្វើបន្ត។

ក្រោយមកអាវុធហត្ថ រាជធានីភ្នំពេញ បានឈានទៅ ឃាត់ខ្លួន ឈ្មោះ ណុប ច័ន្ទ ម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទ ក៏បានសារភាពថា រូបគេពិតជាបានបោកប្រាស់ ឈ្មោះ អ៊ុំ សុផា ដោយធ្វើឯកសារ និងអត្តសញ្ញាណប័ណ្ណ អាវុធហត្ថក្លែងក្លាយ ឲ្យពិតប្រាកដមែន ដោយខ្លួនបានទៅជួលក្មេងៗ នៅហាងហ្វូតូកូពីឯកជន ជាអ្នកកាត់ត ឯកសារសេចក្តីសម្រេច និងអត្តសញ្ញាណប័ណ្ណទាំងនោះ ដើម្បីបោក អ៊ុំ សុផា យកលុយចាយប៉ុណ្ណោះ តែមិននឹកស្មានតែមានរឿងធំដល់ម្លឹងទេ។ នៅទីបំផុត សកម្មភាពល្មើសច្បាប់ របស់ពួកគេទាំងបីនាក់ គឺមិនអាចគេចផុតពីសំណាញ់ច្បាប់ បានឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments