Header Ads

ចិញ្ចៀនភ្ជាប់ពាក្យ បាត់ជាង១០ឆ្នាំ ចុងក្រោយរកឃើញវិញ ដោយសាររឿងដ៏ចម្លែកមួយ...

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ធ្លាប់​គិត​ថា នឹង​លែង​បាន​ឃើញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​សារ​ជា​ថ្មី​ម្ដង​ទៀត និង​បាន​ទិញ​កូន​ចិញ្ចៀន​តូច​មួយ ដើម្បី​មក​ជំនួស​នោះ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​កូន​ប្រសា​ស្រី​របស់​ខ្លួន បាន​រក​ឃើញ​ចិញ្ចៀន​នោះ ជាប់​ជាមួយ​ផ្លែ​ការ៉ុត​យ៉ាង​ចម្លែក​បំផុត។

នៅ​មុន​ពេល​រក​ឃើញ​ចិញ្ចៀន​នោះ គ្រួសារ​ខាង​លើ​នេះ បាន​ប្រមូល​ផល​ការ៉ុត​ពី​កសិដ្ឋាន​របស់​ពួក​គេ នៅ​ក្នុង​ខេត្ត Alberta ប្រទេស​កាណាដា ដើម្បី​យក​មក​ធ្វើ​អាហារ​ពេល​ល្ងាច ប៉ុន្តែ​បែរ​ជា​ប្រទះ​ឃើញ​ការ៉ុត​មួយ​ផ្លែ បាន​ដុះ​ចំ​ប្រឡោះ​ចិញ្ចៀន និង​រុញ​វា​ចេញ​ពី​ក្នុង​ដី​ឡើង​មក​តែម្ដង។

គួរ​ឲ្យ​ដឹង​ថា លោកស្រី Mary Grams អាយុ ៨៤ ឆ្នាំ បាន​បាត់​ចិញ្ចៀន​ជា​ទី​ស្រលាញ់​របស់​ខ្លួន កាល​ពី​ឆ្នាំ ២០០៤ ខណៈ​ពេល​ដែល​លោក​ស្រី​កំពុង​នៅ​ក្នុង​សួនច្បារ ហើយ​បាន​គិត​ថា លោកស្រី​នឹង​លែង​បាន​ឃើញ​វា​ទៀត។ លោកស្រី Grams បាន​ពាក់​ចិញ្ចៀន​នោះ តាំង​ពី​ឆ្នាំ ១៩៥១ មក​ម្ល៉េះ ពោល​គឺ​រយៈពេល ១ ឆ្នាំ​មុន​ពេល​លោក​ស្រី​រៀបការ​ជាមួយ​ស្វាមី ឈ្មោះ Norman។

ទោះ​បី​ជា​យ៉ាង​ណា ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដ៏​មាន​តម្លៃ​សម្រាប់ លោកស្រី Grams ត្រូវ​បាន​អ្នក​ស្រី Colleen Daley ដែល​ជា​កូន​ប្រសា​ស្រី​រក​ឃើញ ជាប់​នៅ​ក្នុង​ផ្លែ​ការ៉ុត​ដ៏​ធំ​មួយ។ លោកស្រី Grams បាន​និយាយ​ថា «ខ្ញុំ​នឹង​ពាក់​វា​វិញ ព្រោះ​វា​នៅ​តែ​ល្មម​ដៃ​ខ្ញុំ»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments