Header Ads

អានហើយឡើងព្រឺរោម!! ស្តាប់លោកយាយនិយាយពីកាំជណ្តើរនៅមន្ទីពេទ្រ កាលម៉ែត្រ គឺមានខ្មោចជើងកបទាញ…(សូមអាន)

តើអ្នកជឿទេ? ថាលើលោកនេះ ពិតជាមានបាតុភូត អាថ៌កំបាំងជាច្រើន ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រពូកែៗ ក៏មិនអាចធ្វើការស្រាយបញ្ជាក់បានដែរ។ បើមិនជឿទេ សូមកាន់ដៃខ្ញុំអោយជាប់ រួចយើងធ្វើដំណើរទៅកាន់កន្លែង ដ៏គួរអោយខ្លាចមួយ ជាមួយគ្នា។ បើយើងធ្វើដំណើរ ពីវិមានឯករាជ្យឆ្ពោះទៅកាន់រង្វង់មូល សម្តេចសង្ឃជួនណាត យើងនឹងឃើញផ្លូវមួយនៅខាងស្តាំដៃ នោះជាផ្លូវដែលបង្កប់ទៅដោយអគារដ៏ចាស់មួយ ដែលជាប្រភពនៃទីស្នាក់អាស្រ័យរបស់មនុស្សជាច្រើន ដែលគេតែងតែហៅថា “បូឌីញ”។ នៅពេលដែលយើង ដើរតាមផ្លូវបូឌីញ ទៅត្រង់រហូត យើងនឹងឈប់ ត្រង់អគារមួយដែលស្ងប់ស្ងាត់ជាងគេ ព្រោះនៅទីនោះហាក់ប្រជុំទៅដោយវិញ្ញាណវិលវល់ជាច្រើន ដែលដាស់អារម្មណ៏យើង អោយត្រជាក់ស្រើបពេញក្បាល និងព្រឺសម្បុរខ្ញាកភ្លាមៗ។ ទីនោះហើយ ដែលខ្ញុំចង់ណែនាំអ្នកអោយស្គាល់។ ឈរចំពីមុខអគារនោះ អ្នកនឹងឃើញជណ្តើរដ៏ចាស់ទ្រុឌទ្រោមមួយ ដែលហាក់ត្រូវគេបោះបង់ចោល ហើយទោះជាមានមនុស្សឡើងចុះម្តងម្កាល ក៏គេប្រើប្រាស់បានតែពេលថ្ងៃប៉ុណ្ណោះ ព្រោះពេលយប់ឡើង

គឺជណ្តើរនេះ ត្រូវបានវិញ្ញាណវិលវល់ជាច្រើន ទិញផ្តាច់មុខមិនអោយមនុស្សឆ្លងកាត់ដាច់ខាត។

ឆ្ងល់ទេ ថាធ្លាប់មានរឿងអ្វីកើតឡើងខ្លះ កាលពីមុន? បើចង់ដឹង ចាំខ្ញុំប្រាប់។ Hmmm ប៉ុន្តែ ឈប់សិន ! អ្នកត្រូវសន្យានឹងខ្ញុំថា ត្រូវតែអានរឿងនេះដល់ចប់ បានអត់? ! អូខេ បើបាន …. Let’s start ….

————————————————— រឿងហេតុគឺចាប់ផ្តើមតាំងពីឆ្នាំមុន គឺតាំងពីពេលដែលខ្ញុំបានរើទៅនៅប៊ូឌីញថ្ងៃដំបូងម្ល៉េះ។ ខ្ញុំចាំថាពេលនោះ គឺជារដូវភ្លៀង ខ្ញុំត្រូវជញ្ជូនឥវ៉ាន់ពីផ្ទះចាស់ ទៅផ្ទះថ្មីដែលឋិតនៅអគារប៊ូឌីញ ជាន់ទី១ ទាំងភ្លៀងធ្លាក់យ៉ាងជោគជាំ។ ខ្ញុំបន្តឡើងចុះជណ្តើរយ៉ាងលំបាក ព្រោះវាមានសភាពចោទ ណាមួយខ្ញុំស្ទើរតែរអិលដួល ដោយសារទឹកភ្លៀង និងជ្រាំជាប់បាតស្បែកជើង។ ប៉ុន្តែនៅប្រហែលជាម៉ោង៥ល្ងាច ភ្លៀងក៏អន់ថយជាងមុន ខ្ញុំក៏អាចសម្រាកបាន ដោយសារតែជញ្ជូនឥវ៉ាន់រហូតដល់អស់។ ប៉ុន្តែ ខ្ញុំមិនទាន់លង់លក់ក្នុងដំណេកផង ស្រាប់តែសម្លេងដ៏ខ្លាំងមួយ បានដាស់ខ្ញុំអោយភ្ញាក់យ៉ាងលឿន។

…………អូយ………… (សំឡេងនោះស្រែកបន្លឺឡើងយ៉ាងខ្លាំង)។

នោះជាសម្លេងស្ត្រីម្នាក់ ដែលបង្ហាញពីភាពឈឺចាប់ក្នុងរាងកាយ។

ខ្ញុំស្ទុះទៅបើកទ្វារក្រាក ឃើញមនុស្សម្នាឈរពទ្ធ័ជុំវិញ រាងកាយស្ត្រីពោះធំម្នាក់ ដែលដេកបាក់.ក ស្លាប់ ក្រាលគ្របដោយឈាមពណ៌ក្រហមឆ្អៅ ពេញផ្ទៃជណ្តើរ គួរអោយរន្ធត់។ អ្វីដែលគួរអោយសង្វេគបំផុតនោះ គឺគាត់ស្លាប់ដោយសាររអិលជណ្តើរ ស្លាប់ទាំងបើកភ្នែកធំៗ សំលឹងមកកាន់ខ្ញុំ។ ព្រះអើយ ខ្ញុំរន្ធត់ចិត្តស្ទើរគាំងបេះដូង។

…..ទេ ទេ ! គាត់មិនមែនធ្លាក់ជណ្តើរដោយសារខ្ញុំទេ។ មិនមែនមកពីខ្ញុំទេ ទើបជណ្តើររអិល។ គាត់មិនមែនរអិលដោយសារ ភក់ជ្រាំដែលជាប់លើជើងខ្ញុំទេ។ ខ្ញុំព្យាយាមនិយាយពន្យល់ខ្លួនឯង ទាំងដែលខ្ញុំកំពុងមានវិប្បដិសារី ព្រួយបារម្ភខ្លាចស្ត្រីម្នាក់នោះរអិល ដោយសារតែភក់ជ្រាំដែលខ្ញុំបានឡើងជណ្តើរ។

មិនយូរប៉ុន្មាន ប្រហែលជាម៉ោង៦ល្ងាច ប៉ូលីសក៏បានមកដល់ រួចក៏ដឹកសាកសព ដើម្បីយកទៅធ្វើកោសល្យវិច្ច័យ។ ខ្ញុំចាំយ៉ាងច្បាស់ថា បន្ទាប់ពីរឿងហេតុដ៏អាក្រក់នោះកើតឡើង ទិដ្ឋភាពនៅកន្លែងកើតហេតុ ហាក់ប្រែជាស្ងាត់ជ្រងំ បន្សល់ទុកអព្ទ័ដ៏ក្រាក់ឃ្មឹក រុំពទ្ធ័ស្នាមឈាមប្រឡាក់ជណ្តើរ ដែលមិនទាន់បានជូតសម្អាតអស់នៅឡើយ។ ខ្ញុំបានត្រឹមឃុំឃាំងខ្លួនឯងនៅក្នុងផ្ទះ ជាមួយអារម្មណ៏រន្ធត់ព្រឺព្រួច ស្ងប់ស្ងាត់ម្នាក់ឯង ត្បិតម្តាយឪពុកខ្ញុំត្រូវយាមឥវ៉ាន់នៅផ្ទះចាស់ប៉ុន្មានថ្ងៃសិន។ ទោះជាខ្ញុំប្រឹងបន្លប់ស្មារតី បើកទូរទស្សន៏អោយខ្លាំងៗប៉ុណ្ណា ក៏អារម្មណ៏ខ្ញុំនៅតែស្រមៃឃើញដល់ភ្នែកធំៗមួយគូ របស់ស្ត្រីមានផ្ទៃពោះម្នាក់នោះ។ ទេ !

ព្រះអើយ ខ្ញុំខ្លាចរហូតដល់គេងលក់ស្រមុកឃូ។ ប៉ុន្តែខ្ញុំបានបើកភ្នែកឡើងវិញ បន្ទាប់ពីមានអារម្មណ៏ថា លឺសំលេងមនុស្សគោះទ្វារផ្ទះខ្ញុំ។

តុកៗ តុកៗ …… តុកៗ តុកៗ

ខ្ញុំស្ទុះក្រាក ឈរពីមុខទូរទស្សន៏ដែលបើកចោល ក្រឡេកឃើញទ្រនិចនាឡិកាដែលចង្អុលដល់ម៉ោង ១រំលងអាធ្រាត។ ខ្ញុំហាក់ភាំងមួយស្របក់ រួចបេះដូងខ្ញុំក៏លោតញាប់ខុសប្រក្រតី។

“អ្នកណា ??? ពីណាគេមានការអី?” … ខ្ញុំស្រែកសួរ ទាំងតក់ស្លុត ព្រោះតែខួរក្បាលខ្ញុំកំពុងតែគិតពីរឿង ដែលកើតឡើងកាលពីល្ងាច។

រំពេចនោះ សម្លេងគោះទ្វារក៏បាត់ស្ងាត់សូន្យ បន្សល់ទុកតែសំលេងខ្យល់ធ្លាក់ល្វើយៗ គួរអោយព្រឺខ្លួន។ ខ្ញុំស្ទុះវឹង រត់ចូលបន្ទប់ យកភួយគ្របយ៉ាងជិត សម្ងំដេកទាំងប្រហោងពោះ ព្រោះខ្ញុំដឹងច្បាស់ណាស់ ថាសម្លេងគោះទ្វារនោះ ប្រាកដជាមានអ្វីមិនស្រួល បើទោះនោះមិនមែនសម្លេងខ្មោច ក៏វាប្រហែលជាក្រុមចោរដែរ។

ស្អែកឡើង ពោលគឺមួយថ្ងៃបន្ទាប់ពីស្ត្រីមានផ្ទៃពោះ ធ្លាក់ពីលើជណ្តើរស្លាប់ អាកាសធាតុត្រជាក់ល្ហឹម ខ្ញុំលួចបើកទ្វារថ្មមៗ ព្រោះមិនទាន់ហ៊ានចេញទៅក្រៅ ដោយសារនៅនឹកឃើញរឿងកាលពីម្សិល។ ប៉ុន្តែ អ្វីៗគឺខុសពីការស្មានរបស់ខ្ញុំ។ ទិដ្ឋភាពនៅខាងក្រៅ បែរជាអ៊ូអរធម្មតាវិញ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចឹង បើទោះបីជាកាំជណ្តើរខ្លះ នៅប្រឡាក់ឈាមតិចតួចក៏ដោយ។ ខ្ញុំរឹតតែរីករាយ នៅពេលចាប់ផ្តើមស្គាល់ អ្នកជិតខាងទាំងអស់ ដែលមានគ្នាប្រហែលបីបួនគ្រួសារ ស្នាក់នៅរួមអគារជាមួយខ្ញុំ។ អារម្មណ៏ខ្ញុំ ដែលចុះទៅស៊ីព្រលិតកាលពីយប់ បានហោះចូលក្នុងខ្លួនវិញភ្លាមៗ ហើយភាពភ័យខ្លាចក៏បាត់ស្ទើរតែទាំងអស់។ ប៉ុន្តែ រំលងផុតមិនដល់មួយអាទិត្យផង រឿងដ៏រន្ធត់ព្រឺព្រួចនោះ បានកើតឡើងម្តងទៀត។

ខ្ញុំនៅចាំយ៉ាងច្បាស់ថា នៅថ្ងៃនោះ ខ្ញុំបានដើរលេងសប្បាយជាមួយមិត្តភក្តិ នៅឯកោះពេជ្រពេញមួយថ្ងៃ រហូតដល់ពេលយប់ទើបត្រលប់ទៅផ្ទះវិញ។ អ្វីដែលខ្ញុំចាំមិនភ្លេចនោះ គឺម៉ោងមិនទាន់៨ស្រួលបួលផង អ្នកជិតខាងខ្ញុំបែរជានាំគ្នាចូលផ្ទះអស់ បង្កើតអោយមានបរិយាកាស ស្ងប់ស្ងាត់ជាថ្មី មិនខុសពីថ្ងៃដែលមានមនុស្សស្លាប់ឡើយ។ អារម្មណ៏ខ្ញុំស្ទាក់ស្ទើរ មិនចង់ដើរចូលផ្ទះឡើយ ព្រោះទិដ្ឋភាពនៅពេលនោះ គឺមិនខុសពីរឿងខ្មោច ត្រង់ឈុតដែលខ្មោចចេញលងនោះទេ។ ផ្គរលាន់គ្រហឹមតិចៗ នាំយកនូវផ្លេកបន្ទោរភ្លឹបភ្លែត រំលេចឆ្លុះអោយឃើញស្នាមឈាម នៅលើជណ្តើរ បង្កើតជាបរិយាកាសល្អឥតខ្ចោះ សំរាប់ពួកខ្មោច។ ទីបំផុត ខ្ញុំក៏តាំងអារម្មណ៏ក្លាហាន ដើរឡើងជណ្តើរ ដោយទឹកមុខមុតមាំ ដូចតួចិនកាប់ដាវ ដើរឡើងភ្នំថៃសានបេះបិទ។ ប៉ុន្តែ ឡើងមិនទាន់ដល់ស្រួលបួលផង ស្រាប់តែសោរទ្វារផ្ទះ ធ្លាក់ចេញពីក្នុងហោប៉ៅខ្ញុំ ទៅទើលើកាំជណ្តើរមួយ ដែលប្រឡាក់ពោរពេញដោយឈាម របស់ស្ត្រីមានផ្ទៃពោះ។ ខ្ញុំប្រឹងសម្រួលអារម្មណ៏ខ្លួនឯង រួចថយចុះយ៉ាងលឿន ដើម្បីអោនរើសសោរផ្ទះ ស្រាប់តែរឿងដ៏មិននឹកស្មានមួយបានកើតឡើង។

… រាងកាយស្ត្រីម្នាក់ គ្រងដោយសម្លៀកបំពាក់.ស បានលេចចេញនៅចន្លោះជើងរបស់ខ្ញុំ បែរខ្នងមករកខ្ញុំ អមដោយសម្លេងយំតិចៗ ហាក់ដាស់អារម្មណ៏ខ្ញុំ អោយព្រឺព្រួចស្ទើរដល់ចំនុចកំពូល។ ជើងទាំងគូររបស់ខ្ញុំ ហាក់ឈានទៅមុខមិនរួច រីឯបេះដូង ហាក់លោតញាប់ជាងម៉ាស៊ីនផុងទៅទៀត។ ខ្ញុំប្រឹងប្រមូលអារម្មណ៏ពីបំពង់ក សួត និងថ្លើម ដើម្បីស្រែកអោយអ្នកជិតខាងជួយ។

“ជ ជ ជ ជួយ ផង ! ជួយ ខ្ញុំផង បងប្អូនអើយ”។ “ខ្មោច ខ្មោច….” (ខ្ញុំស្រែកខ្លាំង ជាងគេប្រលង THE VOICE ទៀត)

រំពេចនោះ ស្រ្តីម្នាក់នោះ សំលឹងមកកាន់ខ្ញុំ រួចក៏ស្រែកជេរខ្ញុំ ទាំងញីញ័រ យ៉ាងចាស់ដៃ។

“@#*!^#&%#(@*%^#%*#%” ! “ខ្មោចប៉ាកាច់ យ ស្អី? អញមនុស្សទេ”។ (ជេររួច គាត់ក៏បន្តយំខ្សឹកខ្សួលទៀត)។

ខ្ញុំភ្ញាក់ព្រឺត តែហាក់ធូរទ្រូងក្នុងចិត្តវិញ។ អាយុប្រហែលជាជាង៧០ឆ្នាំ ស្លៀកសំលៀកបំពាក់ស ខ្ញុំអាចស្មានបានថា គាត់ជាលោកយាយជរាម្នាក់ ហើយអ្វីដែលខ្ញុំប្រាកដក្នុងចិត្តនោះ គឺគាត់មិនមែនខ្មោចទេ។ ប៉ុន្តែ តើគាត់មានរឿងអ្វីបានជាគាត់យំ? សំណួរនេះ ក៏ខ្ញុំមិនដឹងដូចគ្នា។ “អោយ អោយខ្ញុំ សុំទោសផងលោកយាយ មកពីមេឃងងឹតពេក ទើបខ្ញុំយល់ច្រលំ” (ខ្ញុំប្រញាប់សុំទោសគាត់) រួចរត់ឆ្លេឆ្លារ ទៅចាក់សោរចូលផ្ទះ ដោយមិនបានជីកសួររឹសគល់ ថាគាត់មានរឿងអ្វីនោះទេ ព្រោះខ្ញុំនៅតែមិនទាន់ច្បាស់ ថាគាត់ជាមនុស្សពេញលក្ខណ:។

ខ្ញុំចូលដេកទាំងមិនអស់ចិត្ត ព្រោះអារម្មណ៏ខ្ញុំ នៅតែគិតដល់លោកយាយ ដែលខ្ញុំបានជួបនៅផ្លូវឡើងជណ្តើរ។ តើគាត់យំដោយសារអ្វីទៅ? ខ្ញុំដេកឆ្ងល់ក្នុងចិត្តម្នាក់ឯង ខួរក្បាលព្យាយាមគិតស្វែងរកចម្លើយ ខំគិតរហូតដល់ដេកហៀរទឹកមាត់ T_T ។ ត្បិតមិនអស់ចិត្ត តែរាត្រីនោះ គឺខ្ញុំដេកលក់យ៉ាងស្កប់ស្កល់ គឺដេករហូតដល់ថ្ងៃចាំងគូថ។ ប៉ុន្តែនៅពេលនោះ សម្លេងអ៊ូរអរនៅមុខផ្ទះ បានលឺលាន់ពេញត្រចៀកខ្ញុំ។ ខ្ញុំស្ទុះម្នីម្នា ក្រោកទៅមើលយ៉ាងអន្ទះសារ។

គ្រាន់តែបើកទ្វារភ្លាម បេះដូងខ្ញុំលោតស្ទើរចេញមកក្រៅ។ បបូរមាត់ខ្ញុំប្រែជាស្លេកគាំង សឹងមិនជឿនឹងអ្វីដែលខ្ញុំបានឃើញនៅនឹងមុខ។ ខ្ញុំទន់ជើង ដួលក្រាបអង្គុយទៅនឹងដី នៅពីមុខរាងកាយស្ត្រីចំណាស់ម្នាក់ ក្នុងសំលៀកបំពាក់.ស បញ្ឈរខ្លួន ដោយមានខ្សែពួរមួយដ៏មាំ ថ្ពក់.ក ជាប់ទៅនឹងធ្នើរបស់ជណ្តើរ នៅពីមុខទ្វារផ្ទះខ្ញុំ។ គាត់ស្លាប់ទាំងបើកភ្នែកធំៗ មានឈាមហូរតាមច្រមុះ ជាមួយអណ្តាតដ៏វែង ធ្លាក់ស្ទើរដល់ដី។ ពុទ្ធោ គាត់គឺជាស្ត្រីចំណាស់ ដែលខ្ញុំបានជួបកាលពីយប់មិញ។ គាត់ត្រូវបានប៉ូលីសសន្មតថាស្លាប់ ដោយសារចង.ក ធ្វើអត្តឃាត ព្រោះតូចចិត្តដែលកូនស្រីមិនស្តាប់បង្កាប់ ហើយរត់ចោលផ្ទះកាលពីយប់។ ក្រោយពីរឿងហេតុនេះកើតឡើង មនុស្សម្នាបានបំបែកគ្នាទៅកន្លែងធ្វើការរៀងៗខ្លួន យ៉ាងស្ងាត់ជ្រាប ដូចចោរលួចសេះ នៅសល់តែខ្ញុំដែលអង្គុយរន្ធត់ចិត្តនៅក្នុងផ្ទះម្នាក់ឯង ត្បិតអ្វីៗហាក់កើតឡើងស្តែងៗពេក។ មិនដល់២អាទិត្យផង មនុស្សពីរនាក់បានស្លាប់តៃហោងទៅហើយ នៅក្បែរផ្ទះខ្ញុំ។ ទោះបីខ្ញុំជាអេភូតថង ក៏ប្រហែលពិបាកទប់ចិត្ត ប្រាប់ខ្លួនកុំអោយខ្លាចបានដែរមើលទៅ។

មិនទាន់ទាំងបាត់ភ័យផង ស្រាប់តែរំពេចនោះ សម្លេងគោះទ្វារបានបន្លឺឡើង ទាំងកណ្តាលថ្ងៃ។ “តុកៗ តុកៗ តុកៗ” ខ្ញុំចាប់អារម្មណ៏ថា សម្លេងនោះ គឺមិនខុសពីសម្លេងគោះទ្វារដ៏ចម្លែក ដែលធ្លាប់កើតមានម្តងហើយ កាលពីយប់ដែលស្ត្រីមានផ្ទៃពោះម្នាក់ ធ្លាក់ពីជណ្តើរនោះទេ។ ខ្ញុំចាប់ផ្តើមបែកញើសជោគក្បាល ចង់ផោមក៏ផោមមិនចេញ បានត្រឹមស្ទុះងើបឈរ ក្រឡេកទៅមើលទ្រនិចនាឡិកា ដែលកំពុងចង្អុល ដល់ម៉ោង១២ថ្ងៃត្រង់គត់ ជាសញ្ញាបញ្ជាក់ប្រាប់ថា ជាពេលវេលាដែលខ្មោចកំពុងចេញដើរ…។

នៅពេលនោះ គឺខ្ញុំពិតជារន្ធត់ចិត្តណាស់ តែខ្ញុំប្រឹងប្រមូលអារម្មណ៏ សំដៅដើរទៅកាន់ទ្វារផ្ទះ។

“អ្នកណា? ខ្ញុំសួរថាអ្នកណា?” ខ្ញុំស្រែកសួរយ៉ាងខ្លាំងៗ !

ស្រាប់តែពេលនោះ ! សម្លេងមួយបានលេចចេញ ខ្សាវៗ

“គឺអ៊ំ ! អ៊ំស៊នណាក្មួយ”

ទេវតាពិតជាពូកែដុតខ្ញុំណាស់ អ៊ំស៊នវិញរឹតតែពូកែស៊ីអារម្មណ៏ មិនព្រមឆ្លើយអោយលឿន។ ខ្ញុំពិតជាធូរទ្រូងខ្លាំងមែនទែន រហូតដល់ដើរខ្យល់ពីរបីខ្សីត រួចក៏ស្ទុះទៅបើកទ្វារអោយអ៊ំស៊ន ដែលជាអ្នកជិតខាងខ្ញុំម្នាក់ ដែលចាស់ទុំជាងគេនៅអគារខ្ញុំនេះ។

ទឹកមុខអ៊ំស៊ន ស្លេកស្លាំង គាត់ក្រឡេកមើលឆ្វេងស្តាំ រួចប្រញាប់ប្រញាល់ ច្រានទ្វារចូលផ្ទះខ្ញុំ។

“អ៊ំ ! តើអ៊ំមានការអីដែរ? អ៊ំអត់ស្រួលខ្លួនមែន?” (ខ្ញុំសួរទៅអ៊ំស៊នទាំងចម្ងល់)។

“អត់ អត់ អ៊ំអត់កើតអីទេក្មួយ។ តែអ៊ំមានរឿងសំខាន់ចាំបាច់ ត្រូវនិយាយប្រាប់ក្មួយ” (អ៊ំស៊នបន្ត ទាំងទឹកមុខព្រួយបារម្ភ) “តាមការពិត អ៊ំចង់ប្រាប់ក្មួយតាំងពីយប់ថ្ងៃដែលក្មួយ រើមកដំបូងម្ល៉េះ តែអ៊ំខ្លាចក្មួយសម្រាក ទើបមិនហ៊ានរំខាន”។

“មានរឿងអីទៅអ៊ំ ស្តាប់ទៅដូចជាសំខាន់ខ្លាំងម៉្លេះ?” ខ្ញុំសួរទាំងងឿងឆ្ងល់ !

“ហមម វាជារឿងអាថ៌កំបាំងមួយ។ បើក្មួយជឿរឺមិនជឿ ក៏ស្រេចតែក្មួយ ប៉ុន្តែក្មួយដាច់ខាតត្រូវតែដឹងពីរឿងនេះ។ វាទាក់ទងនឹងជណ្តើរ ដែលនៅខាងមុខផ្លូវចូលផ្ទះក្មួយនេះឯង។ បើអាច អ៊ំចង់អោយឯង កុំប្រើប្រាស់ជណ្តើរនេះជាដាច់ខាត នៅពេលមេឃចាប់ផ្តើមងងឹត បើមិនដូច្នោះទេ ក្មួយអាចនឹងជួបគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង”។

ខ្ញុំភ្ញាក់ព្រឺត ចាប់ផ្តើមព្រឺសំបុរគីង្គក់ ហើយក៏ប្រញាប់ ស្រែកសួរអ៊ំស៊ន ដោយក្តីភ្ញាក់ផ្អើល។ “ហេតុ ហេតុអីទៅ អ៊ំ ??? ជណ្តើរនោះមានអ្វីមិនស្រួលមែនទេ? អ៊ំជួយប្រាប់ខ្ញុំអោយលម្អិតពីជណ្តើរនេះផងអ៊ំ ខ្ញុំចង់ដឹងណាស់”

អ៊ំស៊ន ងក់ក្បាល រួចស្ទុះមកចាប់ដៃខ្ញុំ ហើយពោលតិចៗថា “ចាំអ៊ំប្រាប់ក្មួយ អោយអស់នូវរឿងអាថ៌កំបាំងទាំងអស់នេះ” ជណ្តើរនោះ គឺត្រូវបានសាងសង់រាបសិបឆ្នាំមកហើយ គឺតាំងពីក្មួយមិនទាន់កើតម្ល៉េះ។ ហើយអ្វីដែល គួរអោយរន្ធត់ចិត្តបំផុតនោះ គឺកាលពីជំនាន់ខ្មែរក្រហម ប្រជាជនជាច្រើន ដែលរស់នៅអគារនេះ គឺត្រូវគេសម្លាប់ រួចយកសាកសពទៅក្រាលពេញជណ្តើរ ដែលមើលទៅគួរអោយសាហាវព្រៃផ្សៃជាទីបំផុត។ ហេតុនេះហើយ ទើបនៅជំនាន់នោះ ជណ្តើរនេះ បានក្លាយជាទីប្រជុំទៅដោយវិញ្ញាណរាប់រយ តាមសងសឹកពួកខ្មែរក្រហម អុកឡុកមិនអោយអ្នកណាស្នាក់នៅអគារនេះបានឡើយ។ ទើបតែប៉ុន្មានឆ្នាំក្រោយមកទេ ដែលយើងចាប់ផ្តើម ធ្វើការជួសជុល នឹងសូត្រមុនរំដោះគ្រោះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះទាំងឡាយ អោយទៅចាប់កំណើតសារជាថ្មី។ អ៊ំក៏ជាកងយុទ្ធជនម្នាក់ ដែលរស់នៅក្បែរនេះដែរកាលពីមុន ហេតុនេះទើបអ៊ំដឹង រឿងរ៉ាវអស់ទាំងនោះ។ អ៊ំព្យាយាមបំភ្លេចវាចោល ដើម្បីកុំអោយអ្នកជិតខាងទាំងឡាយ មានការខ្លាចរអាហើយបោះបង់អគារនេះចោល។ ប៉ុន្តែអ៊ំមិននឹកស្មានទាល់តែសោះ ថារឿងរ៉ាវចាប់ផ្តើម កើតឡើងសារជាថ្មី ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ។ មនុស្សជាច្រើននាក់ ដែលភាគច្រើនជាអ្នកចំណូលថ្មី បានបន្តស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ នៅក្បែរជណ្តើរនេះ”….។

ខ្ញុំស្តាប់បណ្តើរ ញ័រដៃញ័រជើងបណ្តើរ ស្ទើរមិនជឿ នូវអ្វីដែលខ្លួនឯងបានលឺ។ ចាប់ពីថ្ងៃនោះមក ខ្ញុំក៏ចាប់ផ្តើម ជឿជាក់លើរឿងរ៉ាវដែលអ៊ំស៊នបាននិយាយប្រាប់ខ្ញុំ កាន់តែខ្លាំងទៅៗ ព្រោះតែភាពព្រឺព្រួចជាច្រើន តែងតែកើតមានស្ទើររាល់ថ្ងៃសម្រាប់ខ្ញុំ ពោលគឺខ្ញុំបានជួបរឿងចម្លែកៗ រហូតជ្រុះសក់ស្ទើរអស់ពីក្បាល។

យប់ខ្លះខ្ញុំធ្លាប់លឺសូរសម្លេងស្ត្រីបំពេរកូនល្វើយៗ ក្បែរៗគុម្ភត្រចៀក រហូតដល់ពេលទៀបភ្លឺ ទើបបាត់ទៅវិញ។ យប់ខ្លះទៀត ខ្ញុំនៅតែលឺសម្លេងគោះទ្វារ ដែលខ្ញុំប្រាកដណាស់ ថានោះមិនមែនជាអ៊ំស៊នឡើយ។ ហើយលើសពីនេះទៀត ពេលខ្លះខ្ញុំត្រូវភ្ញាក់កណ្តាលយប់ ដោយសារសម្លេងស្រែក អ៊ូយៗ ដែលខ្ញុំចំណាំបានយ៉ាងច្បាស់ ថានោះជាសម្លេងស្ត្រីមានផ្ទៃពោះ នៅពេលធ្លាក់ពីលើជណ្តើរស្លាប់។ យ៉ាងណាក៏ដោយ ក៏ខ្ញុំបានត្រឹមតែខ្លាច តែមិនអាចផ្លាស់ប្តូរកន្លែងស្នាក់នៅបានឡើយ ព្រោះម្តាយឪពុកខ្ញុំមិនអាចស្វែងរកផ្ទះថ្មីផ្សេងពីនេះបាន។

ដូច្នេះ ជម្រើសតែមួយគត់សម្រាប់ខ្ញុំ គឺខ្ញុំមិនដែលយកជើងទៅជាន់ជណ្តើរនោះទៀតទេ។ ចាប់ពីថ្ងៃដែលអ៊ំសននិយាយរឿងរ៉ាវទាំងអស់មក ខ្ញុំតែងតែដើរវៀង ទៅប្រើជណ្តើរមួយទៀត នៅចុងម្ខាងនៃអគារ ទោះជាត្រូវបែកញើសជោគអាវប៉ុណ្ណាក៏ដោយ។ ក៏ប៉ុន្តែ អ្វីដែលត្រូវកើត គឺនៅតែកើត។ រឿងរ៉ាវមួយ ដែលខ្ញុំចងចាំមិនអាចភ្លេចបានក្នុងជីវិតខ្ញុំ គឺថ្ងៃដែលខ្ញុំឈ្លោះគ្នាយ៉ាងតឹងសសៃក ជាមួយប៉ាម៉ាក់ខ្ញុំ ដោយសារតែខ្ញុំនៅតែទទូចសុំអោយគាត់ប្តូរផ្ទះ មិនឈប់។

“ម៉ាក់ប៉ាប្រាប់ហែងរួចហើយ ថាយើងគ្មានសល់លុយអីច្រើន ដូចកូនអ្នកមានទេ។ មិនមែនថាចង់ដូរ ចេះតែដូរផ្ទះស្រេចនឹងចិត្តទេ” ។ “យូរៗ ហែ្អងបែរជាទៅចង់ដូរផ្ទះ ដោយសារខ្លាចខ្មោចទៅវិញ។ បើគេស្តាប់លឺ គេសើចយើងងាប់ហើយកូន។ បើថាខ្លាច កូនឯងកុំឡើងជណ្តើរហ្នឹងទៅវាចប់ហើយ” (ម្តាយខ្ញុំ ខំនិយាយលួងលោម ដើម្បីបញ្ឈប់ការទទូចសុំរបស់ខ្ញុំ)

ដោយសារតែភាពនឿយហត់ និងភ័យខ្លាច ខ្ញុំក៏ចចេសរឹងរូស កាន់តែមានអារម្មណ៏មួរម៉ៅ នៅពេលដែលម៉ាក់ប៉ា មិនព្រមស្តាប់តាមយោបល់ខ្ញុំ។ ខ្ញុំទះតុផាំង និយាយដោយកាយវិការមិនសមរម្យ។

“ម៉ាក់ប៉ា និយាយស្រួលណាស់ តែម៉ាក់ប៉ាមិនដឹងទេ ថាខ្ញុំជិតឆ្គួតហើយ ព្រោះតែការភ័យខ្លាច។ មិនអីទេចឹង បើម៉ាក់ប៉ាមិនស្រលាញ់ខ្ញុំ ខ្ញុំនឹងរើចេញទៅដេកនៅកន្លែងធ្វើការក៏បាន”។

“អឺ មានអី ! បើហែងចង់ទៅ ក៏ទៅទៅ ! បើគិតថានៅកន្លែងធ្វើការ សប្បាយជាង ក៏ទៅចុះ” (ប៉ាខ្ញុំស្រែកយ៉ាងគំហុកមកកាន់ខ្ញុំ)។

លឺសម្តីប៉ាខ្ញុំបែបនេះ កំហឹងខ្ញុំរឹតតែកើនឡើងរាប់លានដង ហើយរឹតតែជំរុញចិត្តខ្លួនឯង អោយដើរចេញពីផ្ទះ។ មិនបង្អង់យូរ ខ្ញុំក៏បើកទ្វារដើរចេញពីផ្ទះ ទាំងទឹកមុខក្រហម ព្រោះតែតូចចិត្តដែលគ្មាននរណាម្នាក់ ស្តាប់តាមយោបល់ខ្ញុំ។ ទោះជាម្តាយខ្ញុំ ព្យាយាមឃាត់យ៉ាងណា ក៏ខ្ញុំនៅតែព្យាយាមដើរចេញពីផ្ទះ ជាមួយអាកប្បកិរិយាដ៏គំរោះគំរើយ ព្រោះតែខឹងនឹងសម្តីរបស់ប៉ា។

ប៉ុន្តែ….មិនទាន់ចេញផុតពីមុខផ្ទះផង ខ្ញុំស្រាប់តែមានអារម្មណ៏ចម្លែក។ ខ្ញុំទើបតែនឹកឃើញថា ខ្លួនឯងកំពុងឋិតនៅលើពាក់កណ្តាល នៃជណ្តើរដ៏ស្ងប់ស្ងាត់មួយ នៅពីមុខទ្វារផ្ទះខ្ញុំ។ វាជាជណ្តើរ ដែលគ្មានអ្នកណាម្នាក់ឆ្លងកាត់ឡើយ នាពេលយប់។ វាជាជណ្តើរ ដែលខ្ញុំតែងតែដើរគេចរៀងរាល់ថ្ងៃ។ ខ្ញុំចាប់ផ្តើមបែកញើសតិចៗ ចង់រត់ឡើងទៅផ្ទះវិញ ប៉ុន្តែដោយសារនឹកឃើញដល់ពាក្យសម្តីរបស់ប៉ា ខ្ញុំក៏ប្រមូលភាពក្លាហានទាំងអស់ ដើម្បីចុះអោយដល់ក្រោម។

ខ្ញុំនៅចាំបានថា អាកាសធាតុនៅក្នុងជណ្តើរពេលនោះ គឺពិតជាត្រជាក់ខ្លាំងណាស់។ ខ្ញុំឈានជើងចុះជណ្តើរយឺតៗ ព្រោះហាក់ដូចជាមានអ្វី ឃាត់ដំណើរខ្ញុំមិនចង់អោយចេញផុតពីជណ្តើរ។ រំពេចនោះ ខ្ញុំហាក់ស្រាវឆ្អឹងខ្នង ហើយសម្លេងសំរឹបជើងតិចៗ បានបន្លឺឡើង ដូចជាមានមនុស្ស កំពុងចុះជណ្តើរពីក្រោយខ្នងខ្ញុំ។

“ម៉ាក់? រឺមួយម៉ាក់កំពុងចុះមកឃាត់ខ្ញុំ?” ខ្ញុំគិតម្នាក់ឯង ដោយក្តីរំភើប រួចក៏បែរខ្នងក្រឡេកមើល។ ប៉ុន្តែនៅពីក្រោយខ្ញុំ គ្មានស្រមោលអ្វីបន្តិចឡើយ ក្រៅពីភាពងងឹតសូន្យសុង ដែលបង្កើតបរិយាកាស អោយកាន់តែព្រឺព្រួច។ ខ្ញុំរឹតតែ ភ័យស្លន់ស្លោរ រួចក៏ប្រញាប់ចុះជណ្តើរកាន់តែលឿន

….ប៉ុន្តែ…..រំពេចនោះ…….. ខ្ញុំបានចោលកន្ទុយភ្នែកក្រឡេកឃើញ រាងកាយរបស់នារីម្នាក់ ដែលហាក់ដូចជាកំពុងអង្គុយលើពិតានជណ្តើរ យោលជើងចុះឡើង ពីលើក្បាលខ្ញុំ។ ខ្ញុំងើយមុខយឺតៗ សំលឹងទៅកាន់ភ្នែកដ៏ធំៗប៉ុនពងមាន់ និងស្នាមញញឹមប្រឡាក់ដោយឈាម ដ៏គួរអោយតក់ស្លុតបំផុត ចេញពីរូបរាងស្ត្រីម្នាក់ដែលអង្គុយលើពិតាន។

…..នាងកំពុងបង្វិលក្បាលរបស់ខ្លួនឯងចុះឡើង បង្វិលរហូតដល់ហូរឈាមតក់ៗ ស្រក់ស្រោចទៅលើកាំជណ្តើរ គួរអោយរន្ធត់ក្រៃលែង។ វាជាវិនាទីមួយ ដែលខ្ញុំអាចយល់កាន់តែច្បាស់ ពីអារម្មណ៏ដែលត្រូវខ្មោចតៃហោងលង។

ខ្ញុំស្ទើរសន្លប់បាត់ស្មារតី ស្រែកលែងចេញ ហើយគាំងដើរទៅមុខលែងរួច បានត្រឹមអង្គុយខ្ពបទៅលើកាំជណ្តើរ។ រំពេចនោះ ដៃមួយគូរដែលប្រឡាក់ ពោរពេញដោយឈាម បានលេចចេញពីក្រោមជណ្តើរ ស្ទុះមកចាប់ជើងខ្ញុំយ៉ាងណែន រួចក៏ទាញទម្លាក់ខ្ញុំ ពីជណ្តើរយ៉ាងគំហុក។….

———————————————-

នឹកឃើញដល់រឿងទាំងនោះ ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់ ហើយក៏មានវិប្បដិសារីខ្លាំងឥតគណនា ។ ទឹកភ្នែកខ្ញុំ កំពុងតែហូរចុះតក់ៗ ព្រោះតែនឹកស្តាយស្រណោះ ដល់កំហុសឆ្គងរបស់ខ្លួន។ បើពេលនោះ ខ្ញុំមិនចចេសរឹងរូស ហើយស្តាប់តាមសម្តីម៉ាក់ប៉ា ម្ល៉េះពេលនេះ គ្រួសារខ្ញុំប្រហែលជាកំពុងតែរស់នៅជួបជុំគ្នា យ៉ាងកក់ក្តៅហើយ។

ខ្ញុំរឹតតែសោកស្តាយ ដែលមិនអាចនៅមើលថែម៉ាក់ប៉ា អោយបានយូរជាងនេះ។ រឹតតែសោកស្តាយ នៅពេលឃើញម៉ាក់និងប៉ា ស្រែកយំបោកខ្លួន នៅពីមុខសាកសពរបស់កូនគាត់។

សប្តាហ៏ក្រោយ វាដល់គម្រប់ខួបមួយឆ្នាំហើយ នៃបុណ្យសពរបស់ខ្ញុំ។ អស់រយ:ពេលជិតមួយឆ្នាំហើយ ដែលខ្ញុំបានស្លាប់បាត់បង់ជីវិត យ៉ាងអនោចអធម។ ជិតមួយឆ្នាំហើយ ដែលខ្ញុំបានលាក់ទុកការស្លាប់របស់ខ្លួន អោយឋិតក្នុងភាពអាថ៌កំបាំងជាប់រហូត។

ប៉ុន្តែក្នុងយប់នេះ ខ្ញុំហាក់ធូរស្បើយក្នុងចិត្តច្រើន នៅពេលដែលបានសរសេររឿងរ៉ាវទាំងនោះ អោយមនុស្សជាច្រើនបានដឹង។ អស់រយ:ពេលជិតមួយឆ្នាំនេះ ខ្ញុំតែងតែបង្ហាញខ្លួនស្ងាត់ៗនាពេលយប់ ជាមួយដួងព្រលឹងវិលវល់ជាច្រើន ដែលហោះតែលតោលនៅជុំវិញជណ្តើរ។

ដឹងទេ? ថាជីវិតខ្ញុំ គឺពិតជាឯកាណាស់ ហេតុនេះ ទើបខ្ញុំព្យាយាមស្វែងរកវិធី ដើម្បីសរសេររឿងក្នុងចិត្ត អោយគ្រប់គ្នាបានអាន។ ហើយអ្នកជឿដែររឺទេ? ថាខ្ញុំកំពុងនៅក្បែរអ្នក ហើយក៏កំពុងតែអានរឿងនេះជាមួយអ្នកដែរ។

បច្ចុប្បន្ននេះ ប្រសិនបើអ្នកដើរមកាន់ច្រកនៃជ្រុងម្ខាងរបស់ប៊ូឌីញ អ្នកនឹងនៅឃើញជណ្តើរដែលខ្ញុំរៀបរាប់ខាងលើ។ វាជាជណ្តើរដែលត្រូវបានគេបោះបង់ចោល តែនៅរក្សាទ្រង់ទ្រាយនិងរូបរាងដើមដដែល ប្រៀបដូចជាមានអ្នកថែរក្សាជាប់ជាប្រចាំដូច្នោះដែរ។ ហើយបើអ្នកព្យាយាមសំលឹងអោយបានយូរបន្តិច ស្រមោលមនុស្សមួយក្រុមនឹងលេចឡើង។ ក្នុងនោះ អ្នកនឹងសម្គាល់ឃើញមនុស្សជាច្រើន ជាពិសេសគឺស្ត្រីមានផ្ទៃពោះ ស្ត្រីជរាស្លៀកឈុតស និងយុវជនម្នាក់ដែលកំពុងអង្គុយសរសេរ អត្ថបទ នៅលើបង្កាន់ដៃនៃជណ្តើរ ហើយយុវជនម្នាក់នោះ ច្បាស់ណាស់គឺជារូបខ្ញុំ….។

ប្រភព៖ kcamreload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments