Header Ads

ជួយស៊ែរគាត់ផង កម្សត់ខ្លាំងណាស់!!! ពោះធំ៥ខែ ប្តីរត់ចោលបាត់… ធ្វើការលីសែងចិញ្ចឹមជីវិត រហូតឈឺពោះគ្រប់ខែ បែកទឹកភ្លោះ គ្មានប្រាក់១រៀល…

ភ្នំពេញ ៖ ស្រ្តីកម្សត់ទុរគតម្នាក់ ក្រោយពីលោកប្តីហេងស៊យ រត់ចោលតាំងពីនាង ពពោះទម្ងន់កូន៥ខែ ទុកឲ្យនាងជាភរិយា រស់នៅគ្មានទីពឹង រស់ដោយលំបាក ជាមួយការងារលីសែងរហូតដល់ថ្ងៃគ្រប់ខែ ឈឺពោះ បែកទឹកភ្លោះ គ្មានប្រាក់មួយរៀល សម្រាប់បម្រុងទុក ត្រូវបានប្រជាពលរដ្ឋជួយហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីទុរគតខាងលើ មានឈ្មោះ មុិញ សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរកម្នករលើក លី សែង អង្គរឲ្យគេ គ្រាន់ដូរបាយរស់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមការរៀបរប់ ទាំងទឹកភ្នែករលីងរលោង ស្រ្តីខាងលើ បានឲ្យដឹងថា ខ្លួនជាកូនកំព្រាឪពុកម្តាយ គ្មានសាច់ញាតិ ចាកចេញពីស្រុកកំណើត មករកការងារធ្វើ នៅទីក្រុងភ្នំពេញ តាំងពីខ្លួននៅតូចមកម្ល៉េះ រស់នៅជាមួយរបរដើរសុីឈ្នួល លើក លីសែង ដាក់អីវ៉ាន់ឲ្យគេ ជួនដើរបេះបន្លែលក់ គ្រាន់បានកម្រៃ ដូរបាយហូប រស់នៅទាំងត្រដរ រហូតដល់ចុងឆ្នាំ២០១៦ នឹកថាខ្សែជីវិតរបស់នាង នឹងជួបនូវព្រេងសំណាង ប្រកបជីវភាព បានធូរស្រាលបន្តិចហើយ ក្រោយពីមានបុរសម្នាក់ សុំស្នេហ៍ សុំស្រឡាញ់ ស្ម័គ្រស្មោះទទួលនាងធ្វើជាភរិយា ទាំងមិនបានរៀបការ ឬសែនព្រេនអ្វីឡើយ។

ពោលគឺបានគ្នាជាប្តីប្រពន្ធ របៀបស្នេហាហេងស៊យ ដោយបុរសនោះ ប្រកបរបរជាកម្មករសំណង់ អះអាងថា ខ្លួនពោះម៉ាយ ទើបធ្វើឲ្យនាង ជឿនិងទុកចិត្ត ត្បិតកាលបើសន្យាស្ម័គ្រស្មោះ យកគ្នាធ្វើជាប្តីប្រពន្ធទៅហើយ សុខចិត្តប្រគល់ខ្លួនប្រាណ ទោះជាការងាររែកពុនធ្ងន់ ប្រើដោយកម្លាំងយ៉ាងណាក៏ដោយ ច្បាស់ជាអាចសម្រាលជីវភាព បានធូរស្រាលមួយផ្នែក ដោយសារការងារមានធ្វើទាំង២នាក់ ។

ស្រ្តីខាងលើបន្តទៀតថា ការរស់នៅជាមួយគ្នា អស់រយៈពេល៥ខែ អ្វីៗត្រូវបានបែកធ្លាយ ស្នេហារុះរោយ ដោយបុរសរូបនោះ មិនមែនជាពោះម៉ាយទេ គឺជាប្តីរបស់គេនៅឡើយ អ្វីៗត្រូវបានលាតត្រដាង ដឹងការពិត ឃើញសភាពមិនស្រួល ប្តី​ហេង​ស៊យរូបនោះ គេចខ្លួនចោលបាត់ ទៅរស់នៅជាមួយប្រពន្ធដើមគេវិញ ទុកឲ្យនាងរស់នៅតែលតោល ដូច​ចកអណ្តែតទឹក សន្ធឹកផ្គរលាន់ រេរាទៅតាមខ្យល់បក់ ក្តីស្រមែត្រូវបានរលាយ តាំងពីពេលនោះមក ស្របពេលដែលនាងពពោះ ទម្ងន់កូនក្នុងផ្ទៃ៥ខែផងនោះ ខ្សែជីវិតវិលទៅរកភាពដើម តស៊ូនឹងការងារដ៏សែនលំបាក ក្នុងដំណើរនៃជីវិត រែកពន់ដោយប្រើ កម្លាំងបាយសុទ្ធសាធ រហូតដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈដែលខ្លួនពោះធំ គ្រប់ខែទៅហើយ កំពុងតែធ្វើការងារ គ្រាន់ដូរបាយ ស្រាប់តែកើតមាន អាការចុកសៀតក្នុងពោះ បែកទឹកភ្លោះ ឈឺពោះសម្រាលកូន ទាំងគ្មានប្រាក់មួយរៀលបម្រុងទុក ពេលនេះហើយ ជីវិតនាងដូចធ្លាក់ ចូលដល់ឋាននរក ដូចកំពុងត្រូវដើរឆ្លងមហាសាគរអ៊ីចឹង។

ស្រ្តីខាងលើ ដោយជួបនូវក្តីលំបាក តោកយ៉ាកវេទនា គ្មានទីពឹង ត្រូវបានអ្នកជិតខាង មើលឃើញនឹងភ្នែក មហាសែនក្រ ហើយបាននាំគ្នា ជួយជាថវិការបន្តិចបន្តួច និងជួយហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូន ទៅសម្រាលនៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង ។

ដោយសារតែជីវិតធ្លាក់មកដល់ កម្រឹតក្រខ្សត់ លំបាកវេទនាខ្លាំងពេក ស្រ្តីខាងលើ សុខចិត្តលើកដៃ សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់រូបនាងផង នាងកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកពោធិចិនតុង៕

ប្រភព៖ news.kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments