Header Ads

ឆ្អែតឆ្អន់ហើយ!! តារាមានមន្តស្នេហ៍ មាស សម្ផស្ស អស់១០មុឺនដុល្លារ ដោយសារគូដណ្តឹង សុខចិត្តស្តាប់ធម៌ទេសនា តែមិនសម្លាប់ខ្លួន...

តារាអភ័ព្វស្នេហ៍ មាស សម្ផស្ស ដែលផ្តាច់ស្នេហ៍គូដណ្តឹងជាអាណិកជនខ្មែរនៅអាមេរិក លោកដុកទ័រវីល្លៀម ៧ខែមកនេះ បានសម្ងំតាំងសមាធិ ដោយការស្តាប់ធម៌ទេសនាវិញម្តង ដើម្បីឱ្យអារម្មណ៍បានស្ងប់ ហើយនាងតាំងចិត្តថា មិនសម្លាប់ខ្លួនដោយសារប្រុសជាដាច់ខាត។

មាស សម្ផស្ស ដែលអស់លុយ១០ម៉ឺនដុល្លារ ដោយសារតែអតីតគូដណ្តឹងនោះ និយាយថា នាងពិតជាមានការស្តាយលុយនោះខ្លាំងណាស់ តែនាងសង្ឃឹមថា ជាតិក្រោយ ប្រុសស្នេហ៍នឹងសងនាងវិញជាមិនខាន ខណៈដែលពេលនេះ តារាសាច់សខ្ចីរូបនេះថា នាងសុំបិទបេះដូងសិន…។

អតីតគូដណ្តឹងអាណិកជនខ្មែរ នៅអាមេរិក លោកដុកទ័រវីល្លៀម ដែលផ្តាច់ស្នេហ៍នាងកណ្តាលផ្លូវ ហើយងាករេទៅរកស្រីក្មេងនោះ តារាមានមន្តស្នេហ៍មាស សម្ផស្ស បានអះអាងថា នាងរងការឈឺផ្សាឆ្អែតឆ្អន់ហើយ អីចឹងមិនអាចគិតខ្លីទៅចងកសម្លាប់ខ្លួន ព្រោះតែរឿងប្រុសនោះ នាំតែគេថា ជាមនុស្សស្រីកំសាកនោះទេ។

មាស សម្ផស្ស និយាយទាំងស្រងូតស្រងាត់ថា “មានមិត្តភក្តិខ្ញុំនិយាយថា កោតតែអ្ហែងទ្រាំបានទេ បើអញវិញចងកងាប់បាត់ទៅហើយ! ខ្ញុំបានប្រាប់វិញថា ខ្ញុំត្រូវតែរឹងប៉ឹងឡើង ខ្ញុំមិនសម្លាប់ ខ្លួនព្រោះប្រុសជាដាច់ខាត។ នៅពេលនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំមិនយកស្នេហាជាត្រីមុខ អត់គេមួយ រស់មិនបាននោះទេ គឺខ្ញុំត្រូវតែបង្ហាញឱ្យគេឃើញថា ខ្ញុំនៅតែដូចមុន ខ្ញុំមិនងាប់ដោយសារតែប្រុសទេ។ ខ្ញុំចង់ធ្វើជាគំរូល្អឱ្យគេឃើញ បែកបាក់ស្នេហា យើងនៅតែរស់បាន យើងមិនយកផ្លូវចងកសម្លាប់ខ្លួនទេ គឺយើងនៅតែរស់ ដើម្បីក្រុមគ្រួសារយើងតទៅទៀត។ ឥឡូវនេះខ្ញុំស្តាប់ធម៌ ស្តាប់លោកទេសនាច្រើន ដើម្បីជាការរំងាប់អារម្មណ៍ តែខ្ញុំមិនដល់ថ្នាក់ទៅបួសជាដូនជីនោះទេ”។

នេះមិនមែនជាលើកទី១ឡើយ សម្រាប់មាស សម្ផស្ស ក្នុងការប្រេះឆាស្នេហ៍នោះ គឺប្រហែលជាលើកទី៥ ហើយសម្រាប់តារាសាច់សខ្ចីរូបនេះ ដែលហាក់ដូចជាមិនសូវកាក់កបរឿងស្នេហាទាល់តែសោះ គឺសង្សារផ្អែមល្ហែមជាមួយនាងតែដំបូង ក្រោយមកក៍បែកបាក់ដោយទាន់ហន់ទៅវិញ ទើបធ្វើឱ្យតារាមួយចំនួនបាននិយាយដៀមដាម ឱ្យសម្ផស្ស ថា នាងជាតារាអភ័ព្វស្នេហ៍ជាងគេ។ ដោយឡែកការចាប់ដៃជាមួយអតីតគូដណ្តឹងប្រុសខ្មែរ-អាមេរិក លោកវីល្លៀម វិញ គឺសម្ផស្ស ខាតច្រើន ព្រោះ “ប្រាក់ក៏បង់ ថង់ក៏ដាច” គឺរស់នៅជាមួយគ្នាបាន៤ឆ្នាំ ដូចប្តីប្រពន្ធ តែចុងក្រោយ លោកដុកទ័រ បែរជាប្រែចិត្តងាកទៅស្នេហ៍ស្រីក្មេងម្នាក់ដែលជាអ្នកស្គាល់សម្ផស្ស ដ៏ស្និទ្ធស្នាល នោះទៅវិញ ទើបធ្វើឱ្យតារារូបនេះឈឺចាប់សឹងតែទៅសាងផ្នួស។ អ្វីដែលសម្ផស្ស ឈឺចាប់បំផុតនោះ គឺនាងត្រូវអតីតគូដណ្តឹងលួងលោមយកលុយអស់ជាង១០ម៉ឺនដុល្លារ ទៅរកស៊ី ហើយពេលនេះ មិនអាចប្តឹងទារយកប្រាក់ទាំងនោះវិញបានឡើយ ហើយស្នេហាដែលធ្លាប់តែផ្អែមល្ហែមនោះ ពេលនេះបានក្លាយទៅជាគូបដិបក្ខវិញ ដោយកាលពីខែមុននេះ សម្ផស្ស បានជួបអតីតគូដណ្តឹង ដែលកំពុងបណ្តើរស្រីក្មេងដោយចៃដន្យ តែអ្នកទាំង២ មិនបាននិយាយរកគ្នាមួយម៉ាត់ឡើយ។

មាស សម្ផស្ស បន្ថែមថា “រឿងលុយជាង១០ម៉ឺនដុល្លារនោះ ខ្ញុំមិនអាចយកមកវិញបានទេ ព្រោះកាលរស់នៅជាមួយគ្នា យើងមានទៅបានមានលិខិតស្នាមអីឯណា គឺមនុស្សស្រលាញ់គ្នា។ គាត់យកលុយហ្នឹងទៅធ្វើការរកស៊ីរបស់គាត់ ហើយសួរថា ខ្ញុំជាអ្នករៀនខាងជំនាញរក្សាសម្រស់ ហេតុអីបានជាខ្ញុំមិនបើកហាងរក្សាសម្រស់ តាមជំនាញរបស់ខ្ញុំ បែរជាទៅបើកភោជនីយដ្ឋានវិញ គឺមកពីខ្ញុំស្រលាញ់គេហ្នឹង! យើងមិនអាចប្តឹងគេបានទេ មានឯកសារអីឯណា? ក្រោយម្តាយខ្ញុំស្លាប់ទៅ គាត់បន្សល់ដីផ្ទះឱ្យខ្ញុំ ហើយខ្ញុំបានលក់ដីផ្ទះនោះមក ឥឡូវលុយនោះអស់ហើយ។ កាលពីខែមុន ខ្ញុំបានជួបគាត់ដោយចៃដន្យម្តងដែរ តែយើងមិនបានស្តីនិយាយរកគ្នាអីទេ។ ខ្ញុំដឹងថា ពេលនេះគាត់កំពុងតែរស់នៅជាមួយអ្នកថ្មី ជាស្រីក្មេង តែខ្ញុំមិននិយាយថាជាអ្នកណាទេ គ្រាន់តែថា អ្នកនោះជាមនុស្សដែលគ្មានសមត្ថភាពរកប្តីបានដោយខ្លួនឯងទេ គឺចាំតែយកប្តីគេទៅអីចឹង? ខ្ញុំឥឡូវគិតតាមធម៌ព្រះច្រើន ហើយយល់ថា លុយជាង១០ម៉ឺនហ្នឹង ខ្ញុំមិនដឹងធ្វើម៉េចបានមកវិញទេ តែខ្ញុំជឿថា ជាតិក្រោយ អ្នកឯងប្រាកដជាសងមកខ្ញុំវិញជាមិនខាន”។

មាស សម្ផស្ស ថា ការដែលនាងចាញ់បោកអតីតគូដណ្តឹង ដែលធ្វើបាបនាងទាំងចិត្តកាយនៅពេលនេះ គឺមកពីរូបនាងស្លូតខ្លាំងពេក ហើយនាងតាំងចិត្តថា ពេលនេះគឺត្រូវតែសម្ងំមួយរយៈសិន មិនបើកបេះដូងទទួលយកស្នេហ៍ថ្មីនៅពេលនេះឡើយ បើទោះជាមានប្រុសទាំងក្នុងនិងក្រៅស្រុក សម្រុកគ្នាមកចង់ព្យាបាលរបួសបេះដូងនាងឱ្យសះស្បើយនៅពេលនេះក្តី។

តារាខូចចិត្តព្រោះតែស្នេហាមិនដែលសមប្រកបរូបនេះ ថ្លែងទៀតថា “ខ្ញុំស្បថនៅខែភ្ជុំបិណ្យនេះក៏បានដែរ ឥឡូវខ្ញុំសូមខ្លាចហើយប្រុសៗ គឺខ្ញុំសូមបិទបេះដូងមួយរយៈសិន។ ខ្ញុំត្រូវការស្តាប់លោកទេសនាវិញម្តង ដើម្បីជាការរំងាប់ចិត្ត។ ចំពោះអ្នកដែលស្រលាញ់យើងនៅពេលនេះ គឺមានទាំងក្នុងនិងក្រៅស្រុកអីមិនខ្វះទេ ខ្ញុំនិយាយតាមត្រង់ចុះ គឺមានច្រើនណាស់។ អ្នកនៅក្នុងស្រុក គេសុទ្ធតែជាអ្នកមាន បានតេមកសួរសុខទុក្ខយើងថា ម៉េចហើយ! គេចង់ណាត់យើងញ៉ាំបាយអីក៏មានដែរ។ តែខ្ញុំពេលនេះ គឺរាងខ្លាចតែម្តង ខ្ញុំមិនទាន់ចង់បានអ្នកថ្មីនៅពេលនេះទេ! ខ្ញុំខ្លាចហើយ! ក្រោយពេលបែកពីគាត់ (គូដណ្តឹងភ្លាមៗ) នោះ ខ្ញុំគិតថា ចង់រកអ្នកថ្មីភ្លាមៗដែរ ដើម្បីបំភ្លេចអ្នកចាស់ តែឥឡូវខ្ញុំសូមបិទបេះដូងសិន មិនដឹងថាជ្រើសអ្នកថ្មីហ្នឹង យកអ្នកក្នុងឬក្រៅប្រទេសអី អត់ទាន់ចង់គិតទេ៕

ប្រភព៖​ cambostar

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments