Header Ads

ក្តៅៗទៀតហើយ!! សូម្បីតែ ខេមរៈ ស្រីពៅ ក៏ចូលហង្សមាស តាមបងប្រុសដែរ?

ទើបតែលឺ ខេមរៈ សិរីមន្តចូល ផលិតកម្មរស្មីហង្សមាសបង្កឱ្យតារាចម្រៀងជាច្រើននៅហង្សមាស កំពុងតែច្របូកច្របល់គ្នាខ្លាំង ព្រោះប្រឈមបាត់បង់តំណែង។ ជាមួយគ្នានេះ ក៏មានព័ត៌មានថា ខេមរៈ ស្រីពៅ ដែលបាត់មុខមួយរយៈធំនោះ ក៏ត្រៀមស្តារមុខមាត់ឡើងវិញតាមរយៈការលោតចូលផលិតកម្មរស្មីហង្សមាស តាមបងប្រុសរបស់នាង ខេមរៈ សិរីមន្ត ផងដែរ…។

ខេមរៈ ស្រីពៅ បានបាត់ខ្លួនជាង៣ឆ្នាំមកហើយ ដោយបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើន បានបោកបក់លើតារាចម្រៀងប្អូនស្រីអ្នកចម្រៀងល្បី ខេមរៈ សិរីមន្ត នេះ ដោយរហូតមកដល់ពេលនេះ ស្រីពៅ នៅតែមិនទាន់បង្ហាញខ្លួនជាសាធារណៈទៀតឡើយ។

ជាមួយគ្នានេះដែរ ក្រុមការងាររបស់ផលិតកម្មសាន់ដេ បានបង្ហើបឱ្យដឹងថា ខេមរៈ ស្រីពៅ បានចេញពីផលិតកម្មសាន់ដេ មុនពេលខេមរៈ សិរីមន្ត ទៅទៀត ហើយបើតាមដឹង ស្រីពៅ នៅតែស្រលាញ់អាជីពចម្រៀងដដែល បើទោះជាមុននេះ លេចឮដំណឹងថា នាងមានអ្នកហួងហែងក្តី។ ប្រភពបានឱ្យដឹងថា ក្រោយពេលដែលកេរ្តិ៍ឈ្មោះ ខេមរៈ ស្រីពៅ កាន់តែស្ងប់ស្ងាត់ខ្លាំងនេះ អតីតតារាចម្រៀងរូបនេះ ចង់វិលត្រឡប់មកស្តារកេរ្តិ៍ឈ្មោះឡើងវិញ តាមរយៈការចូលទៅផលិតកម្មហង្សមាស ជាមួយបងប្រុសនាង ខេមរៈ សិរីមន្ត ដោយច្រៀងចាប់ដៃគូសាជាថ្មីជាមួយគ្នា ហើយផលិតកម្មហង្សមាស មិនមានអ្វីត្រូវរារែកចិត្តឡើយ ដោយសារតែខ្លួនបានទទួលតារាចម្រៀងល្បីខេមរៈ សិរីមន្ត ទៅហើយនោះ ហេតុនេះហើយ ទោះជាមានលក្ខខណ្ឌខ្លះដែលត្រកូល “ខេមរៈ” ទាមទារ ក៏ត្រូវតែបំពេញដោយគ្មានការទើសទាល់។

ទោះជាយ៉ាងណា លោកខេមរៈ ភារុណ បងប្រុសបង្កីតរបស់ខេមរៈ ស្រីពៅ មិនធ្វើអត្ថាធិប្បាយរឿងនេះឡើយ ដោយលោកថា ដឹងតែរឿងសិរីមន្ត ចូលហង្សមាស ទៅបានហើយ ចំណែករឿងខេមរៈ ស្រីពៅ លោកមិននិយាយអ្វីច្រើនលើរឿងនេះឡើយ…។

ខេមរៈ ស្រីពៅ ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន នៅពេលដែលនាងច្រៀងបទចម្រៀងឆ្លងឆ្លើយជាមួយបងប្រុសនាង ដែលជាតារាចម្រៀងល្បី ខេមរៈ សិរីមន្ត ហើយពេលខ្លះ សិរីមន្ត ផ្ទុះបទណាមួយ ស្រីពៅ នឹងយកទៅកាឡៃច្រៀងជាបទស្រីវិញ។ តែអំឡុងពេលដែលខេមរៈ ស្រីពៅ ឡើងកូដ និងមានស្បែកសាច់កាន់តែសខ្ចីនោះ ស្រាប់តែតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ រូបនេះ បានបាត់ខ្លួនដោយអាថ៌កំបាំងទៅវិញ ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនបានបោកបក់លើប្អូនស្រី ខេមរៈ សិរីមន្ត នេះ ដូចជាថ្មីនេះលេចឮថា ស្រីពៅ ជិតក្លាយទៅជាជំទាវ ហើយនាងកំពុងរស់នៅដូចសេដ្ឋិនី តែរងគំនាបពីគូស្នេហ៍ ទើបមិនអាចបន្តអាជីពចម្រៀង ជាដើម។ ភ្លាមៗនោះ ខេមរៈ សិរីមន្ត បានចេញមុខការពារប្អូនស្រី ដោយអះអាងថា ស្រីពៅ កើតជំងឺរលាកបំពង់ក និងក្រពះ ត្រូវទៅសម្រាកព្យាបាល នៅប្រទេសថៃ ហើយពេលនាងមានសុខភាពប្រក្រតីវិញ នឹងចូលច្រៀងដូចដើមទៀតផង។

ខេមរៈ សិរីមន្ត ក៏បានបដិសេធរឿងដែលគេថា ស្រីពៅ ប្រើឡេខុសនាំឱ្យប្រតិកម្មស្បែករលួយ ដេកលើកន្ទេលស្លឹកចេក នៅស្រុកកំណើតនោះផងដែរ។ ប៉ុន្តែ នៅពេលដែលអ្នកយកព័ត៌មានយើងបានជួបសិរីមន្ត ផ្ទាល់ តារាចម្រៀងរូបនេះនៅតែមិនច្បាស់ពីការវិលចូលសិល្បៈវិញ របស់ខេមរៈ ស្រីពៅ ហើយថែមទាំងថា ប្អូនស្រីលោក និងលោកផ្សេងគ្នា អីចឹងមិនអាចកំណត់ថា ពេលណាស្រីពៅ ចូលច្រៀងវិញបានទេ។

ក្រុមអ្នកជំនាញសិល្បៈបានឱ្យដឹងថា ខេមរៈ ស្រីពៅ ប្រសិនបើវិលចូលមករកអាជីពចាស់វិញ ដោយចូលជ្រកកោនក្រោមដំបូលហង្សមាស ជាមួយបងប្រុសនាង ខេមរៈ សិរីមន្ត នោះ អតីតតារាចម្រៀងរូបនេះ នឹងឆក់ឱកាសទាញការចាប់អារម្មណ៍បានឡើងវិញ តាមរយៈការចាប់ដៃច្រៀងជាមួយសិរីមន្ត សាជាថ្មីនោះ។ ប៉ុន្តែ តារាចម្រៀងដែលធ្លាប់ស្និទ្ធនឹងខេមរៈ ស្រីពៅ បាននិយាយស្របគ្នាថា ឱកាសតិចតួចបំផុត ដែលអាចថា ខេមរៈ ស្រីពៅ វិលមកវិញនោះ ព្រោះពេលនេះ សូម្បីតែមិត្តភក្តិដែលធ្លាប់ជិតដិតជាមួយស្រីពៅ ពីមុន សាកសួរពីសុខទុក្ខតារាចម្រៀងរូបនេះ ក៏ក្រុមគ្រួសារនាងមិនប្រាប់ជាដាច់ខាត អីចឹងហើយបានជាមានអាថ៌កំបាំងកាន់តែខ្លាំង ជុំវិញការល្បីសុខៗ ស្រាប់តែស្រីពៅ ដកខ្លួន ចេញពីអាជីពចម្រៀង ដោយមិនដឹងពីមូលហេតុពិតប្រាកដនេះ៕

ប្រភព៖ kcamupdate

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments