Header Ads

កំចេះតែហ៊ាន!! ដឹង​ការ​ពិត​ហើយ សន្តិសុខ​ពេទ្យ​ជោរ៉ៃ រពឹស​ដៃ​ចង់​យក​​ឥវ៉ាន់​គេ តែ​បាន​គ្រាប់​បែក ផ្អើល​ឆោឡោឡើង...

រាជធានី​ភ្នំពេញ ៖ យោង​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា ករណី​រក​ឃើញ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ មិនមែន​ជា​ការ​ដាក់​បង្កៃ​ឲ្យ​ផ្ទុះ ឬ​ក៏​ប៉ុនប៉ង​ធ្វើ​ឲ្យ​ផ្ទុះ នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ទេ ប៉ុន្តែ​ជា​ករណី​កាន់កាប់​គ្រឿងផ្ទុះ (​គ្រាប់បែក​) ដោយ​ខុសច្បាប់។ សន្តិសុខ​ដែល​យាម​ការពារ​ទី​នោះ ប៉ង​យក​របស់​គេពី​ក្នុង ឃ្លុប​ម៉ូតូ ព្រោះ​ម្ចាស់​ប្រញាប់​ពេក មិន​បាន​ដក​សោ​ទុក តែ​បែរ​ជា​យក​បាន​គ្រាប់​បែក​ទៅវិញ។

បើ​តាម​លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជាក់​ឲ្យ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា នេះ​ថា «​តាម​ការ​ស្រាវជ្រាវ​ជំ​ហ៊ាន​ដំបូង មុខសញ្ញា​ដែល​ជា​ម្ចាស់​ម៉ូតូ ត្រូវ​បាន​បងថ្លៃ​ឲ្យ​យក​គ្រាប់បែក​នឹង ទៅ​បន្ទាយ​នៅ​ខាងលិច​កំពង់ស្ពឺ ម្តុំ​ត្រែង​ត្រយឹង កំពង់​សិលា ប៉ុន្តែ​ដោយសារ​ឪពុក​ឈឺ​ធ្ងន់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ អញ្ចឹង​ម្ចាស់​ម៉ូតូ​បាន​ដាក់​គ្រាប់បែក នៅ​ក្នុង​ឃ្លុប​ម៉ូតូ ស្កុបពី ហើយដោយ​សារ​ប្រញាប់​ពេក ចូល​ទៅ​មើល​ឪពុក ខណៈ​ដែល​យក​ម៉ូតូ​ទៅ​ផ្ញើ ក៏​មិន​បាន​ដក​សោ​ពី​ម៉ូតូ អញ្ចឹង​ហើយ​សន្តិសុខ ដែល​យាម​ការពារ​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ បាន​យក​សោ​ម៉ូតូ​នោះ ទៅ​ចាក់​បើក​ឃ្លុប​ម៉ូតូ ដើម្បី​ឆែក​មើល​ក្រែង​មាន​អីវ៉ាន់ ពេល​នោះ​ក៏​ឃើញ​មាន​ថង់​មួយ រួច​ក៏​យក​ថង់​ហ្នឹង ក្នុង​ចេតនា​ចង់​យក​របស់​គេ។ បន្ទាប់​ពី​យក​ថង់​នោះ ចេញ​ឆ្ងាយ​ពី​ម៉ូតូ រួច​មក​ក៏​ឆែក​ទៅ​ឃើញ​គ្រាប់បែក ក៏​ភ័យ រួច​ក៏​យក​ទៅ​ទម្លាក់​នៅ​ក្បែរ​ម៉ូតូ​វិញ ហើយ​ក៏​ស្រែក​ប្រកូក​ប្រកាស​ថា «រក​ឃើញ​គ្រាប់បែក គេ​ដាក់​នៅ​ក្បែរ​ម៉ូតូ» ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង បន្ទាប់​មក​សមត្ថកិច្ច ក៏​បាន​ទៅ​យក​គ្រាប់បែក​នោះ​មក​រក្សា​ទុក។ សរុប​មក​វិញ​ករណី​នេះ មិនមែន​ជា​ករណី​ដាក់​បង្កៃ​ឲ្យ​ផ្ទុះ ឬ​ក៏​ប៉ុនប៉ង​ធ្វើ​ឲ្យ​ផ្ទុះ នៅ​ក្នុង​មន្ទីរពេទ្យ​ជោរ៉ៃ​នោះ​ទេ។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ទៀត​ថា ចំពោះ​ករណី​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​រក​ឲ្យ​ឃើញ​ពិតប្រាកដ​ថា ប្រភព​គ្រាប់បែក​ហ្នឹង​មកពីណា គោលដៅ​ណា ហើយ​បច្ចុប្បន្ន​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​មុខសញ្ញា​ដែល​ជា​ម្ចាស់​ម៉ូតូ និង​ហៅ​សន្តិសុខ ដើម្បី​មក​ធ្វើការ​បំភ្លឺ និង​ស៊ើបអង្កេត​បន្ត​ទៀត ។

សូម​រំលឹក​ថា សន្តិសុខ​យាម​ម៉ូតូ​នៅ​ក្នុង​មន្ទីរពេទ្យ បាន​ប្រទះ​ឃើញ​គ្រាប់បែក​១​គ្រាប់ ពណ៌​ខ្មៅ​រុំ​ស្គុត​ពី​ក្រៅ​នៅ​ក្បែរ​កង់​ម៉ូតូ ស្កុបពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-7901 នៅ​ក្នុង​កន្លែង​ផ្ញើ​ម៉ូតូ​នៃ​មន្ទីរពេទ្យ​ជោរ៉ៃ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ តែ​សំណាង​គ្រាប់​នេះ​មិន​បាន​ផ្ទុះ បង្ក​គ្រោះថ្នាក់​ឡើយ។

បើ​តាម​សន្តិសុខ​យាម​ម៉ូតូ​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដើរ​ត្រួតពិនិត្យ​កន្លែង​ផ្ញើ​ម៉ូតូ​ក៏​ប្រទះ​ឃើញ​វត្ថុ​ពណ៌​ខ្មៅ រុំ​ស្គុត​ស​ពី​ក្រៅ នៅ​ក្បែរ​កង់​ម៉ូតូ​ផ្នែក​ខាងក្រោយ (​ម៉ូតូ​ម៉ាក​ស្គូពី ពណ៌​ក្រហម​) ដែល​គេ​ដាក់​ផ្ញើ ដោយ​ដំបូង​ស្មាន​តែ​ជា​ឆ្នាំង​សាក​ទូរស័ព្ទ​ដៃ ក៏​រើស​យក​មក​មើល​នៅ​កន្លែង​ភ្លឺ ទើប​ដឹង​ថា ទំនងជា​គ្រាប់បែក រូប​គាត់​ក៏​ទុក​ចោល​នៅ​លើ​តុ រួច​ទៅ​រាយការណ៍​ប្រាប់​អនុប្រធាន​មន្ទីរពេទ្យ​រួច​នាំ​គ្នា​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ តែ​ម្តង៕

ប្រភព៖ jongruk

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments