Header Ads

ញ៉ញើតណាស់!! ត្រូវពស់​ខាំ​រវល់​តែ​ទៅ​រក​គ្រូខ្មែរ ទម្រាំ​ដឹក​មក​ពេទ្យ​ចង់​ហួសពេល...

ខេត្តកំពង់ធំ ៖ ស្ត្រី​រង​គ្រោះ​ដោយសារ​ពស់​ខាំ​ត្រូវ​បាន​សាច់​ញាត់​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ខណៈ​អស់ជំនឿ​លើ​គ្រូខ្មែរ​ហើយ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា គាត់​ឈ្មោះ ទាវ ឆាយ អាយុ​៤៧​ឆ្នាំ មាន​ប្តី​ឈ្មោះ អ៊ឹម ហឿ​ត អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​តា​ឡែក​ចាស់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ រូប​គាត់ និង​ប្តី ព្រមទាំង​កូន​ៗ និង​ចៅ​បាន​នាំ​គ្នា​ទៅ​យក​ល្បាស់​ស្រូវ​នៅ​ក្នុង​ស្រែ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​១​រសៀល ដោយ​រវល់​ជាប់ដៃ​ធ្វើ​បង្ហើយ​ឲ្យ​រួច​កុំ​ឲ្យ​ពិបាក​មក​ម្តងទៀត នៅ​ពេល​ជិត​រួច​ទៅ​ហើយ​ស្រាប់​មាន​ពស់ពព្លាក់​បាន​ខាំ​ចំ​ដៃ​ឆ្វេង​របស់​គាត់​បណ្តាល​ឲ្យ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ហើយ​សត្វ​ពស់​ដែល​ខាំ​គាត់​នោះ ពួក​គាត់​មិន​បាន​វាយ​សម្លាប់​ចោល​នោះ​ទេ ដោយ​ឮ​គេ​និយាយ​ថា​នៅ​ពេល​ណា​ពស់​ចឹក​ឬ​ខាំ បើ​វា​ពស់​នោះ​ស្លាប់​ទៅ​អ្នកជំងឺ​ពិបាក​ព្យាបាល​ណាស់ ឬ​ក៏​ព្យាបាល​មិនជា ទើប​ពួក​គាត់​មិន​វាយ​វា​សម្លាប់​។

ហើយ​ពេល​នោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​រក​គ្រួ​ខ្មែរ​ស្តោះផ្លុំ​លាបថ្នាំ និង​បាន​ឲ្យ​ពេទ្យ​នៅ​ក្នុងភូមិ​ចាក់​ថ្នាំ​ឲ្យ​ស្មានថា​វា​មិន​អី មើលគ្រូ​ខ្មែរ​អស់​រយៈពេល​៣​ថ្ងៃ​មិន​ធូរស្បើយ​ធ្វើ​ឲ្យ​អាកា​រៈ​ដៃ​របស់​គាត់​ឈឺ​ចុកចាប់​រឹតតែ​ខ្លាំង​ឡើង​ៗ ក៏​សម្រេចចិត្ត​ឲ្យ​សាច់ញាតិ​នាំ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា នេះ រហូត​មក​ដល់​ថ្ងៃនេះ​គឺ​មាន​រយៈពេល​៣​ថ្ងៃ​ហើយ​។

ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក​ខាងលើ​នេះ លោក​វេជ្ជបណ្ឌិត នួន វិចិត្រ ប្រធាន​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​សាល​សង្គ្រោះ មាន​ប្រសាសន៍​ប្រាប់ កោះសន្តិភាព​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា នេះ​ថា ចំពោះ​អាកា​រៈ​អ្នកជំងឺ​ពស់​ខាំ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នេះ ដោយសារ​តែ​មូលហេតុ​ថា នៅ​ពេល​ដែល​ពស់​ខាំ​ភ្លាម​ៗ​សាច់​ញាត់​មិន​បាន​នាំ​ជន​រង​គ្រោះ​មក​ឲ្យ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ​ទេ រវល់​តែ​ទៅ​រក​គ្រូខ្មែរ ទំ​រាំ​តែ​មក​ដល់​ពេទ្យ​អ្នកជំងឺ មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ តែ​ទោះជា​យ៉ាងណា​ក្តី​ក៏​លោក​កំពុង​តែ​តាមដាន​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់ ប្រ​សិន​ណា​ជា​អាកា​រៈ​របស់​អ្នកជំងឺ​មិន​មានការ​ថយ​ចុះ​ទេ​នោះ អ្នកជំងឺ​អាច​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់ដៃម្ខាង​។

ក៏​ប៉ុន្តែ​ការ​ព្យាបាល​រយៈពេល​៣​ថ្ងៃនេះ​អ្នកជំងឺ​ហាក់បីដូចជា​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន ដៃ​ជន​រង​គ្រោះ​ត្រូវ​បាន​លាបថ្នាំ​រុំ​បង់ ដាក់​សេរ៉ូម និង​ចាក់​ថ្នាំ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត ហើយ​គ្រូពេទ្យ​កំពុង​តែ​តាមដាន​ស្ថានភាព​របស់​អ្នកជំងឺ​តទៅ​ទៀត​៕

ប្រភពពី:កោះសន្តិភាព

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments