Header Ads

តោះមកមើល កំពូលសត្វចម្លែកនិងសាហាវទាំង ១០ នៅព្រៃអាម៉ាហ្សូន!

ព្រៃ​អាម៉ាហ្សូន​ គឺ​ជា​ព្រៃ​លិច​ទឹក​ដែល​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភព​​លោក ហើយ​ក៏​ជា​ព្រៃ​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​កាច​សាហាវ​គ្រប់​ប្រភេទជា​ច្រើន​ផង​ដែរ​។​

ខាង​ក្រោម​នេះគឺ​​ជា​សត្វនៅ​ក្នុងព្រៃ​អាម៉ាហ្សូន​ដែល​គេ​​គិត​ថា​ ពួក​វា​មាន​ភាព​កាច​សាហាវ​ជាងគេ​បំផុត ដោយ​ពិស​របស់​ពួក​វាអាច​​ធ្វើ​ឱ្យ​​មនុស្ស ឬ​សត្រូវ​របស់ពួក​​វា​ស្លាប់បាន​ក្នុង​រយៈពេល​ខ្លី​។​

១.ពស់ អាណាខនដា​ (Anaconda)​ បៃតង៖

មាន​ប្រវែងរហូត​​ដល់​ទៅ ៩ម៉ែត្រ និង​ទម្ងន់​ជាង ២២៧គីឡូក្រាមឯណោះ​ ​ហើយ​​វា​បាន​ជាប់​ឈ្មោះ​ជា​សត្វ​ពស់​ដែល​ធំជាង​គេ​បំផុតនៅ​លើ​ពិភព​លោក ដោយ​​វា​អាច​លេប​ខ្លាដំបង ក្រពើ ជ្រូក​ព្រៃ ក្ដាន់ និង​មនុស្ស​ដោយ​គ្មាន​បញ្ហា។​

២.ក្រពើខ្មៅ ខៃ​មែន​ (Caiman)​ ៖

ជា​ប្រភេទ​ក្រពើដែល​​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ​ដោយ​វា​អាច​មាន​ប្រវែង​រហូត​ដល់​ទៅ ៦ម៉ែត្រឯ​ណោះ​ ហើយ​ក្រពើខ្មៅនេះ​​គឺ​ជា​​សត្វ​ដែល​​គួរ​ឱ្យ​​ខ្លាច​បំផុត​មួយ​នៅក្នុង​​ព្រៃ​អាម៉ាហ្សូន ព្រោះ​ វា​មិន​ដែល​រារែក​ក្នុង​ការ​ចាប់​សត្វ​តូច​ឬ​ធំ​ផ្សេង​ៗ​ជា​ចំណី​ឡើយ។​

៣.អន្ទង់​អគ្គិសនី ឬ​អន្ទង់​ឆក់ៈ

​អាច​បង្កើត​អគ្គិសនី​​ដោយ​ខ្លួន​ឯង​បាន​ ដោយ​​មាន​កម្លាំង​ខ្លាំង​ជាង​​អគ្គសនី​ធម្មតា ៥ដង ហើយ​ការ​ចាប់​ចំណី​របស់​វាគឺ​មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​បញ្ចេញ​ភ្លើង​ឆក់ដ៏​ខ្លាំង​ជា​ច្រើន​នាទី​ដាក់​ឱ្យ​សត្រូវ​ងាប់ រួច​វា​លេប​ទាំង​មូលតែ​ម្តង​។​

៤.ត្រី​​ពីរ៉ាញ៉ា​​ (Piranha) ក្រហម​៖

​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ត្រី​ស៊ី​មនុស្ស​ មាន​មាឌ​តូច តែ​មាន​ធ្មេញ​ស្រួច និងរឹង​ អាច​ខាំ​ហែក​សាច់ឱ្យ​​​ចេញ​ពី​ឆ្អឹង​បាន តែ​អ្នក​ជំនាញ​បាន​ប្រាប់ឱ្យ​ដឹង​ថា​​ថា​​ភាគច្រើន វា​ស៊ី​តែសាច់​សត្វ​ងាប់​ស្រាប់ ​សត្វ​ល្អិត និង​ដើម​រុក្ខជាតិប៉ុណ្ណោះ​​ ហើយ​ពួកវា​ចូលចិត្ត​រស់​នៅ​ជា​ហ្វូង។

៥.កញ្ចាញ់​ចេក​ពិស​ (Dart Frog) ៖

​​​មានពណ៌​ខ្លួន​​ឆើត​ៗ​ដូចជា​ ពណ៌​ស្វាយ បៃតង លឿង និង​ទឹក​មាស​ ហើយ​​​​សត្វ​ដែល​ប៉ះ​ខ្លួន​វា​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​ពិស​តាម​ស្បែក​ នឹង​ជ្រាប​ចូល​ក្នុង​​បេះ​ដូង​សត្រូវ​ ដែល​ធ្វើ​ឱ្យ​​បេះដូង​លែង​ដំណើរការ​។

៦.ឥន្ទ្រី​កំណាចហារពី (Harpy)៖

ជា​ប្រភេទ​សត្វ​បក្សី​ធំ​ជាង​គេ​បំផុត​មួយ ដែល​មាន​ក្រញាំ​​ប្រវែង​ដល់​ទៅ ១៣សង់ទីម៉ែត្រ ហើយ​ក្រញាំ​ទាំង​នេះ​អាច​ចាប់​​កូន​ក្រពើ ស្វា កំប្រុក កណ្ដុរ ពង្រូល និង​បក្សី​តូច​ៗ​នៅ​លើ​ដើម​ឈើ​បាន។

៧.ពីងពាង​ពិស Brazilian Wandering ៖

ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​ពីងពាង​​ដែល​មាន​ពិស​ខ្លាំង​ជាងគេ​បំផុត ហើយ​សត្រូវ​​ដែល​ត្រូវ​ពិសរបស់​វា​ ​តែង​តែ​ដើរ​លែង​រួច មាន​អាការៈ​ពិបាក​ដកដង្ហើម​ និង​ឈឺចុក​ចាប់​ពេញ​រាង​កាយ។

៨.ក្អែប​យក្ស Amazonian ​៖

មាន​ប្រវែង​រហូត​ដល់​ទៅ​ ២៥ ទៅ ៣០សង់ទីម៉ែត្រ ហើយ​ពិស​របស់​​វា​អាច​សម្លាប់ សត្វល្អិត​ អា​ពីង ​បក្សី​តូច​ៗ បង្កួយ ​កង្កែប កណ្ដុរ ពស់ និង​ប្រចៀវ​ជាដើម។ វិធី​សម្លាប់​សត្រូវរបស់វា​ គឺ​វា​យក​ខ្លួន​របស់​វា​រុំ​ព័ទ្ធ​ចំណី រួច​ចាប់​ផ្ដើម​ស៊ី​ចំណី​នោះ​ទាំង​រស់​បន្តិច​ម្ដងៗ។

៩.ស្រមោច​ពិស Bullet៖

មាន​ខ្លួន​តូចដែល​​ប្រវែង​ជាង ២,៥​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ពិស​របស់​វាអាច​ធ្វើ​ឱ្យ​​សត្រូវ​ឈឺ​ចុកចាប់ ដូច​ត្រូវ​​​គ្រាប់កាំភ្លើងអញ្ចឹង​​​ដែរ ​ហើយ​​កន្លែង​ដែល​វា​ខាំ​​នឹង​លែង​ដំណើរការ​តទៅ​ទៀត​។

១០.ប្រចៀវ​ជញ្ជក់​ឈាម Common៖

ចេញ​រក​ចំណី​តែ​ពេល​យប់ និង​​ហុត​តែ​ឈាម​ប៉ុណ្ណោះ​ ហើយ​វា​តែង​តែ​ទៅ​ខាំ​គោ​ក្របី សេះ និង​សូម្បី​តែ​មនុស្ស​ ដែល​ការ​ខាំ​បឺត​ម្ដង​ៗមាន​រយៈពេល​ជាងកន្លះ​ម៉ោង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments