Header Ads

ពិតជាសាហាវណាស់!! ឈឺចិត្តសង្សារត្រូវគ្នាជាមួយប្រពន្ធគេវិញ ម្ដាយអប្រិយម្នាក់ដាច់ចិត្តចាប់កូនបោះពីលើអាគារសម្លាប់ចោល

ថៃ៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យមនុស្សជាច្រើនហួសចិត្ត ក៏ដូចជាតក់ស្លុតជាខ្លាំង ដោយស្ត្រីជនជាតិថៃម្នាក់ទទួលសារភាពថាបានបោះទារកតូចទើបនឹងកើតចេញតាមបង្អួចជាន់ទី ១៧ ចុះមកក្រោម បណ្ដាលឲ្យក្មេងបាត់បង់ជីវិតភ្លាមៗ។ ហេតុផលដែលបណ្ដាលឲ្យស្ត្រីឈ្មោះ Netchanok Nokyungtong វ័យ ២០ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ក្មេងកំសត់សម្រេចចិត្តធ្វើរឿងគ្មានធម៌មេត្តាបែបនេះចំពោះកូន ក៏ព្រោះតែឈឺចិត្តនឹងមិត្តប្រុសដែលជាមនុស្សមានប្រពន្ធកូនរួចហើយបានចាកចេញចោលនាង ដោយត្រឡប់ទៅរស់នៅជាមួយគ្រួសារគេវិញ។

Nokyungtong បានប្រាប់ទៅសមត្ថកិច្ចថា នាងទទួលរងការខ្មាសគេងើបមុខមិនរួចទេ នៅពេលដែលគូស្នេហ៍វ័យ ៤០ ឆ្នាំរបស់នាងបានបោះបង់នាងចោលហើយត្រឡប់ទៅរកក្រុមគ្រួសារគេនៅឯប្រទេសកូរ៉េខាងត្បូងវិញ ក្រោយពីនាងបានប្រាប់ទៅគេថានាងមានផ្ទៃពោះ។ ស្ត្រីរូបនេះបានឲ្យដឹងថា នាងឈឺពោះសម្រាលកូនបានកូនប្រុសម្នាក់នៅក្នុងផ្ទះជួលជាន់ខ្ពស់មួយក្នុងទីក្រុង ប៉ាតាយ៉ា ប្រទេស ថៃ កាលពីរសៀលថ្ងៃ អង្គារ។ ក្រោយពីសម្រាលហើយភ្លាម នាងបានរុំខ្ចប់ទារកដាក់ចូលក្នុងកាបូបផ្លាស្ទិក រួចបោះចេញតាមក្រៅបង្អួចបន្ទប់គេងតែម្ដង ដោយគ្មានភាពស្ទាក់ស្ទើរបន្តិចណាឡើយ។

រឿងរ៉ាវបានខ្ចរខ្ចាយ បន្ទាប់ពីបុរសជាសាក្សីម្នាក់ធ្វើការរាយការណ៍ប្រាប់ទៅសមត្ថកិច្ចថា នៅកំឡុងម៉ោងប្រហែល ៥ ល្ងាច រូបគេបានឃើញវត្ថុដ៏ធំមួយធ្លាក់កាត់តាមបង្អួចនៃបន្ទាប់ជាន់ទី ៤ ហើយធ្លាក់ដល់ដីជាន់ក្រោម។ នៅពេលដែលរត់ចុះទៅពិនិត្យមើលថាជាអ្វីនោះ សាក្សីមានការរន្ធត់ក្នុងចិត្តមែនទែន ដោយប្រទះឃើញថារបស់ដែលធ្លាក់ គឺជាក្មេងប្រុសទើបកើតមិនទាន់ទាំងកាត់ទងផ្ចិតម្នាក់។ មន្ត្រីប៉ូលីសបានឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាព ក្រោយមកមិនបានប៉ុន្មានក៏ធ្វើការចាប់ឃាត់ខ្លួនស្ត្រីជាម្ដាយក្មេង។ គួរបញ្ជាក់ផងដែរថា Nokyungtong បានប្រាប់ប៉ូលីសបន្ថែមថា នាងបានផ្ដល់កំណើតឲ្យកូនទាំងមិនបានរំពឹងទុកមុន ខណៈពេលចូលក្នុងបន្ទប់ទឹក។

លោកវរសេនីយ៍ឯក Apichai Khemphet បាននិយាយថា Nokyungtong បានទទួលសារភាពក្នុងករណីសម្លាប់ទារក ហើយស្ត្រីជាម្ដាយរូបនេះនឹងត្រូវទទួលការកាត់ទោស បន្ទាប់ពីភស្តុតាងទាំងអស់ត្រូវបានប្រមូលគ្រប់។ លោកវរសេនីយ៍ឯកនិយាយបន្តទៀតថា “នេះ គឺជាបទឧក្រិដ្ឋដ៏ឃោរឃៅខ្លាំងណាស់។ ទារកកើតមកក្នុងស្ថានភាពសុខភាពមិនល្អហើយ ស្ត្រីជាម្ដាយមិនមានអារម្មណ៍សោកសង្រេងចំពោះអ្វីដែលបានកើតឡើងសោះ។” ទោះជាយ៉ាងណា ប៉ូលីសក៏បានឲ្យជនសង្ស័យធ្វើត្រាប់សកម្មភាពពេលកើតហេតុឡើងវិញទាំងអស់ផងដែរ។ បន្ទាប់មកស្ត្រីជាជនសង្ស័យត្រូវបានប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពជាមុនសិន ប៉ុន្តែនាងនឹងស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលីស មុននឹងដល់ពេលត្រូវកាត់ទោស៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments