Header Ads

ខ្លោចចិត្តណាស់!! ឪពុក​ម្តាយ​រន្ធត់​យំ​រហូត​សន្លប់ ពេល​ឃើញ​កូនស្រី​តូច​ក្លាយជា​បែប​នេះ

ភ្នំពេញ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​ទិញ​មី​កញ្ចប់​ហូប​អស់​១​កញ្ចប់​នៅ​សាលារៀន រួច​ក៏​ស្រាប់តែ​កើត​មាន​អាការ​ឈឺពោះ​ក្អួតចង្អោ និង​ត្រូវ​គ្រូបង្រៀន​ទាក់ទង​ហៅ​ឪពុក​ម្តាយ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​អកុសល ក្មេង​ស្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សង្ស័យ​ថា កូនស្រី​ស្លាប់ ដោយសារ​ពុល​មី​កញ្ចប់ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា កុមារី​ដែល​ត្រូវ​ក្រុម​គ្រួសារ​សង្ស័យ​ថា ពុល​មី​កញ្ចប់​ស្លាប់​នោះ មានឈ្មោះ​ភៀន ឆេ​ង​លៀង អាយុ​៩​ឆ្នាំ ជា​សិស្សសាលា​បឋម​សិក្សា ហ៊ុន​សែន ទួល​សុភា​ឃួ​ន និង​សាលា​អន្តរជាតិ ប៊ែ​ល​ធី​ជម្ពូ​វន្ត មាន​ឪពុក​ឈ្មោះ​ផា​ន់ ភៀន អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ត្រី​នៅ​ផ្សារ​ព្រៃ​ទា ម្តាយ​ឈ្មោះ​ជិន សុខ​ឃឿ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​ត្រី មាន​លំនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ភូមិ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

បើ​តាម​សម្តី​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ថា កូន​របស់​គាត់​មាន​តែ​២​នាក់​ទេ សុទ្ធតែ​ស្រី ដោយ​កូនច្បង អាយុ​១៧​ឆ្នាំ ចំណែក​កូនស្រី​ពៅ​អាយុ​៩​ឆ្នាំ (​ក្មេង​ស្រី​រង​គ្រោះ​) ។ នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន​សែន ទួល​សុភា​ឃួ​ន បាន​ទូរស័ព្ទ​ប្រាប់​គាត់​ជា​ម្តាយ​ថា កូនស្រី​របស់​គាត់ មិនសូវ​ស្រួល ។ ភ្លាម​នោះ គាត់​និង​ប្តី បាន​ប្រញាប់​ដឹក​គ្នា​ទៅ​ដល់​សាលា​ភ្លាម​ៗ លុះ​ពេល​សួរនាំ​កូន​ថា កូន​ឯង​កើត​អី បានជា​ចុកពោះ? ស្រាប់តែ​ឮ​ក្មេង​ៗ​ជា​មិត្តភក្តិ បាន​និយាយ​ប្រាប់​ថា ឆេ​ង​លៀង បាន​ទិញ​មី​១​កញ្ចប់ យក​មក​ញ៉ាំ តែ​មិនដឹង​ថា​មី​ម៉ា​កអី​ទេ រួច​ហើយ​បាន​រត់​លេង ហើយ​ស្រាប់តែ​ចុកពោះ និង​ក្អួត​តែ​ម្តង ។

ដោយសារ​តែ​អួល​ដើម​ក​មិន​អាច​រៀបរាប់​បន្ត​ទៀត​បាន ទើប​បុរស​ជា​ប្តី និង​ត្រូវជា​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​បន្ត​វិញ​ម្តង​ថា បន្ទាប់​មក​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ បាន​ដឹក​កូនស្រី​មក​កន្លែង​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ទា ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា ធ្ងន់​ទេ ស្មាន​តែ​កូនស្រី​ឈឺពោះ​ធម្មតា ហើយ​ក៏​បាន​លាប​ប្រេងកូឡា​ឱ្យ​រួច​ហើយ ក៏​ឱ្យ​កូនស្រី​ដេក និង​បាន​និយាយ​លេង​ជាមួយ​កូនស្រី​បណ្តើរ​លក់​ត្រី​បន្ត​បណ្តើរ ។

បុរស​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ទ​ទៀត​ថា លុះ​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក កូនស្រី​របស់​គាត់​ចាប់ផ្តើម​មាន​អាការ​កាន់តែ​ធ្ងន់ ទើប​ពួក​គាត់​ប្រញាប់​ដឹក​បញ្ជូន​កូនស្រី​ទៅ​គ្លីនិក ២៤​ម៉ោង ជិត​ផ្សារ​ព្រៃ​ទា ដើម្បី​សង្គ្រោះ តែ​ពេល​ទៅ​ដល់​គ្លីនិក គ្រូពេទ្យ​ឃើញ​អាការ​កូនស្រី​របស់​គាត់​ធ្ងន់​ពេក មិន​បាន​ទទួល​ព្យាបាល​ទេ ប្រាប់​ឱ្យ​យក​ទៅ​មន្ទីរពេទ្យ​ធំ​ទៅ ។ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​ដឹក​កូនស្រី​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី សំដៅ​ទៅ​មន្ទីរពេទ្យ​រដ្ឋ តែ​ដោយសារ​ផ្លូវ​ស្ទះចរាចរណ៍​ពេក ហើយ​អាការ​កូនស្រី​កាន់តែ​ធ្ងន់ ទើប​សម្រេច​នាំ​ចូល​ទៅ​មន្ទី​ពេទ្យ​ស័ង​ម៉ា​រី នៅ​មុខ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង តែ​បាន​បញ្ជូន​ដល់​ពេទ្យ​ខាងលើ គ្រូពេទ្យ​និយាយ​ប្រាប់​ថា មិន​មាន​សង្ឃឹម​ឡើយ​ព្រោះ​ធ្ងន់ធ្ងរ​ទៅ​ហើយ តែ​ខាង​គ្រូពេទ្យ​បាន​ព្យាយាម​ជួយ​ធ្វើ​ចលនា​បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​កូនស្រី​របស់​គាត់​បាន​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ។

ក្រោយ​ពី​កូនស្រី​ជាទី​ស្រលាញ់​ដាច់ខ្យល់​ស្លាប់ គេ​ឃើញ​ឪពុក​ម្តាយ ព្រមទាំង​បងប្អូន​សាច់ញាតិ យំសោក​បោក​ខ្លួន​យ៉ាង​ខ្លាំង ជា​ពិសេស ឪពុក​ម្តាយ​និង​បងស្រី​យំសោក​បោក​ខ្លួន រហូត​ដល់​បុរស​ជា​ឪពុក​ដួល​សន្លប់ ចំណែក​ម្តាយ​រកកលនឹង​សន្លប់​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ និង​ធ្វើ​កោសល្យវិច័យ​សាកសព​ដែរ តែ​រក​ធ្វើ​អ្វី​ក៏​មិនកើត ដោយសារ​តែ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​មានការ​សោកស្តាយ​ខ្លាំង​ពេក គិតតែ​ពី​យំសោក​បោក​ខ្លួន ទើប​សមត្ថកិច្ច​បាន​នាំ​គ្នា​ត្រឡប់​ទៅ​វិញ​អស់​ទៅ ។

ក្រោយមក​ទើប​ក្រុម​គ្រួ​សារបាន​សុំ​យក​សព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ដោយ​មិន​បាន​ប្តឹងប្តល់​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​មិន​បាន​ធ្វើ​កោសល្យវិច័យ​ដែរ បាន​ត្រឹម​ចេញ​សំបុត្រ​មរណភាព​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​ដឹក​សព​យក​ទៅ​ស្រុក​កំណើត ឯ​ខេត្តព្រៃវែង រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ ។ ជុំវិញ​ករណី​ក្មេង​ស្រី​ស្លាប់​ខាងលើ​នេះ សមត្ថកិច្ច​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ សង្ស័យ​ថា មក​ពី​ពុល​មី​កញ្ចប់ ទើប​បណ្តាល​ឱ្យ​ស្លាប់ ៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments