Header Ads

ព្រោះតែភាពចៃដន្យក្មេងប្រុសដែលត្រូវជនមិនស្គាល់មុខចាប់ជំរិតយកទៅបាត់ ៩ ខែហើយនោះ ត្រូវបានឪពុកជួយសង្គ្រោះផុតគ្រោះថ្នាក់ត្រឡប់មកវិញ

ចិន៖ ឪពុកមួយរូបដែលបានបាត់បង់កូនប្រុស ដោយសារតែក្រុមជួញដូរមនុស្សចាប់យកទៅកាលពី ៩ខែ មុន ពេលនេះគាត់ទទួលបានកូនប្រុសជាទីស្រឡាញ់ត្រឡប់មកវិញហើយ ក្រោយពីគាត់បានដើរទៅបុកប៉ះចំកូនប្រុសនិងជនដែលបានចាប់ជំរិតនៅឯផ្សារទំនើបមួយកន្លែងដោយចៃដន្យ។ កាលពីថ្ងៃទី ២១ ខែ កុម្ភៈ បុរសជាឪពុកដែលមានឈ្មោះថា Chen Zhouhong បានឃើញកូនប្រុសវ័យ ៦ ឆ្នាំ ឈ្មោះ Cheng Jiafu កំពុងដើរក្នុងតំបន់ Qingxin Town Plaza ដោយមាន ជនសង្ស័យជួញដូរមនុស្សចំនួន ៣នាក់ នៅអមជាមួយ។

ក្រោយពីមើលច្បាស់ប្រាកដថាជាកូនប្រុសរបស់ខ្លួនហើយនោះ Zhouhong ក៏ចូលទៅកន្ត្រាក់ទាញកូនប្រុសចេញពីជនអាក្រក់ទាំងនោះ បន្ទាប់មកក៏ធ្វើការតេទៅរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចឲ្យចុះមកកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីចាប់ខ្លួនជនសង្ស័យទាំងបី។ ជនសង្ស័យទាំងអស់ដែលមានឈ្មោះថា Ou, Chen និង Li ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅកន្លែងកើតហេតុផ្ទាល់តែម្ដង។ ឯកសាររបស់តុលាការបង្ហាញថា ក្មេងប្រុសរងគ្រោះត្រូវបានជនមិនស្គាល់មុខនាំ ចេញពីផ្ទះកាលពីថ្ងៃ ២៧ ឧសភា ២០១៦ នៅឯភូមិ Matang ក្នុងទីក្រុង Qingyuan ខេត្ត Guangdong។

បុរសជាឪពុកបាននិយាយថា រូបគាត់បានទុកឲ្យកូនប្រុសនិងកូនស្រីច្បងនៅផ្ទះតែពីរនាក់ នៅពេលដែលគាត់ត្រូវចេញទៅធ្វើការនៅក្រៅនាថ្ងៃកើតហេតុនោះ។ ក្មេងស្រីបងក្រោយមកបានប្រាប់ទៅកាន់អ្នកជិតខាងដែលមកលេងថា ប្អូនប្រុសរបស់នាងត្រូវជនមិនស្គាល់មុខចាប់យកទៅបាត់ហើយ។ ក្នុងសវនាការដំណើរការរឿងក្ដីដែលបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅឯតុលាការប្រជាជន Qingxin ចៅក្រម Hou Zhaoxing បានសន្និដ្ឋានថា ជនសង្ស័យមានបំណងលក់ក្មេងប្រុសនេះទៅគ្រួសារណាមួយផ្សេងទៀត។ ទោះជាយ៉ាងណា ចុងក្រោយ Ou ត្រូវកំណត់ឲ្យជាប់ពន្ធនាគារសម្រាប់រយៈពេល ៦ ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន ១០០០០យ័ន (១៥០០ដុល្លារ)។ រីឯ Li ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ខណៈដែល Chen ត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទ ចោទប្រកាន់ពីបទចាប់ពង្រត់កុមារ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments