Header Ads

អីយ៉ាស់!! បុរសម្នាក់ រស់នៅជាមួយក្រពើ ជាង៣០ឆ្នាំ ស្និតស្នាលជាងប្រពន្ធខ្លួនទៅទៀត

មនុស្សជាច្រើនចិញ្ចឹមសត្វឆ្មា ឬសត្វឆ្កែដ៏គួរឲ្យស្រឡាញ់ ជាជម្រើសសត្វចិញ្ចឹមរបស់ពួកគេ ប៉ុន្តែបុរសម្នាក់បែរជាប្លែកពីអ្នកដទៃ ដោយបានជ្រើសរើសយកសត្វក្រពើមកចិញ្ចឹមក្នុងផ្ទះរស់នៅជាមួយគ្នា ។

យ៉ាងណាមិញ នេះគឺជាបុរសជនជាតិជប៉ុនម្នាក់ ដែលគាត់បានរស់នៅជាមួយសត្វក្រពើមួយក្បាល រយៈពេល ៣៤ឆ្នាំមកហើយ ហើយហាក់ដូចជាស្និតស្នាល ជាងប្រពន្ធរបស់គាត់ទៅទៀត។ នេះបើតាមសារព័ត៌មានដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកាមុននេះថា លោក Nobumitsu Murabayashi មានវ័យ ៦៥ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន គឺជាអ្នកចិញ្ចឹមសត្វក្រពើ caiman មួយក្បាលនេះ ដែលវាមានប្រវែងជាង ២ម៉ែត្រ និងទម្ងន់៤៦គីឡូក្រាម។

ប្រភពព័ត៌មានបន្តថា តាមពិតទៅសត្វក្រពើដ៏ស្លូត មួយក្បាលនេះ ត្រូវបានលោក Nobumitsu ទិញតាំងពីវានៅតូច ពីក្នុងពិធីបុណ្យសត្វកម្រៗ កាលពី៣៤ឆ្នាំមុន មកម្ល៉េះ។ ហើយលោកបានទទួលការអនុញ្ញាតពីសាលាក្រុង ដើម្បីរក្សាសត្វចិញ្ចឹមដ៏ចម្លែកមួយនេះនៅផ្ទះ និងលោកបានហៅវាថា Caiman ។

លោក Nobumitsu បាននិយាយថា “ខ្ញុំមិននឹកស្មានថា ក្រពើឈ្មោលមួយក្បាលនេះធំធាត់ដ៏ម្លឹងសោះ ហើយរយៈពេល ៣៤ឆ្នាំហើយដែលវារស់នៅជាមួយខ្ញុំ។ ខ្ញុំព្យាយាមស្និតស្នាលជាមួយវា តាមរយៈសកម្មភាពមួយចំនួនដូចជា ដុះធ្មេញឲ្យវាជាដើម”។

លោកក៏បានឲ្យដឹងដែរថា ប្រពន្ធរបស់លោកមិនសូវចូលចិត្ត Caiman ប៉ុន្មាននោះទេ ដោយរាល់ថ្ងៃប្រពន្ធរបសគាត់ រវល់តែធ្វើម្ហូបអាហារ ដូច្នេះគាត់ចំណាយពេលរាល់ថ្ងៃជាមួយនឹង Caiman ជំនួសវិញ។

ចំណងមិត្តភាពដ៏ចម្លែករបស់លោក Nobumitsu និងក្រពើ Caiman គឺមានដូចជាការឲ្យចំណីអាហារ ដុះធ្មេញឲ្យវា នាំទៅដើរលេងខាងក្រៅ និងនាំឡើងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកជាដើម ដែលធ្វើឲ្យ Caiman ក្លាយតារាមួយដួងផងដែរ។

ពេលនៅផ្ទះសត្វក្រពើ Caiman មួយក្បាលនេះសឹងតែចំណាយពេលវេលា របស់វាទាំងអស់ដេកនៅក្នុងបន្ទប់តាតាមី (Tatami) គឺជាបន្ទប់បែបប្រពៃណីជប៉ុន ដែលមានកម្រាលធ្វើពីចំបើង និងនៅក្នុងបន្ទប់ទឹក។ ហើយវាក៏មានអាងទឹកផ្ទាល់ខ្លួនមួយដែរ នៅខាងមុនផ្ទះ។

លោក Nobumitsu ក៏បានបញ្ជាក់ដែរថា ការរក្សាទម្លាប់ស៊ីចំណីអាហារ របស់ក្រពើមួយក្បាលនេះអាចជារឿងពិបាកមួយ។ ម្យ៉ាងទៀត លោកត្រូវផ្លាស់ប្តូរ ទ្វារក្រដាសបែបប្រពៃណីជប៉ុន ដែលមាននៅក្នុងផ្ទះ ជារៀងរាល់ឆ្នាំ ដោយសារសត្វចិញ្ចឹមរបស់លោកបំផ្លាញវា។

ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ប្រភេទសត្វក្រពើ Caiman នេះ អាចរស់បានយូរពី៥០ ទៅ៧០ឆ្នាំ ហើយលោក Nobumitsu សង្ឃឹមថា លោកអាចរស់នៅបាន៣០ឆ្នាំទៀត ដើម្បីបន្តនៅថែទាំសត្វ ជាទីស្រឡាញ់មួយក្បាលនេះទៀត៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments