Header Ads

សប្បាយជំនួសគាត់ណាស់!! លោកតាម្នាក់វ័យ៧១ឆ្នាំ គេហៅគាត់ថា "បុរសក្បាលពីរ" តែងមានបំណងចង់សម្លាប់ខ្លួន ទីបំផុតទទួលបានការវះកាត់ដោយជោគជ័យ(មានវីដេអូ)

លោកតាអភ័ព្វជនជាតិថៃម្នាក់ រងការឈឺចាប់យ៉ាងខ្លាំង ដោយសារតែ កើតមានជំងឺដុះដុំសាច់ធំម្យ៉ាង នៅមួយចំហៀងមុខ ពិបាកសព្វគ្រប់បែបយ៉ាងក្នុងការរស់នៅ នឹកតូចចិត្តចង់សម្លាប់ខ្លួន តែទីបំផុតប្រែក្លាយទៅជាមនុស្សថ្មី ក្រោយទទួលបានវះកាត់ដោយជោគជ័យ។

លោកតា Jaroon Suanmali មានអាយុ៧១ឆ្នាំ រស់នៅក្នុងខេត្ត Lophuri ប្រទេសថៃ ទទួលរងការឈឺចាប់ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសារតែដុះដុំសាច់ដ៏ចម្លែកម្យ៉ាង ចេះតែវិវឌ្ឍន៍រីកធំឡើងៗ នៅមួយចំហៀងមុខផ្នែកខាងស្ដាំរបស់គាត់។ ម្យ៉ាងដោយសារតែ គ្មានលទ្ធភាពទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យនិងព្យាបាលផងនោះ ទើបកាន់តែធ្វើឲ្យជំងឺមួយនេះ ធ្លាក់ដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ដុំសាច់ដែលដុះនោះ ត្រូវបានគេដឹងថា មានប្រវែង១៥សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ២គីឡូក្រាមឯណោះ ជាហេតុធ្វើឲ្យលោកតា Jaroon ពិបាកយ៉ាងខ្លាំង រាល់ពេលសម្រាន្តម្តងៗ និងសូម្បីតែដើរឈរឬអង្គុយ។

លើសពីនេះ គាត់ថែមត្រូវបានអ្នកមួយចំនួនមើលងាយ រើសអើង និងដាក់រហស្សនាមឲ្យគាត់ថា «បុរសក្បាលពីរ» ថែមទៀត។

លោកតា Jaroon ត្រូវបានគេរាយការណ៍ថា សព្វថ្ងៃរស់នៅក្នុងកូនខ្ទមតូចមួយប្រក់សង្ក័សី។ បច្ចុប្បន្នគាត់គឺជាអ្នកនាម័យម្នាក់ (ដើរប្រមូលសំរាមតាមផ្លូវ) អាចរកប្រាក់ចំណូលបានត្រឹមតែ ២ផោន (ប្រហែលជា ២,៦៥ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយថ្ងៃៗ។

ប៉ុន្តែជាសំណាងល្អ ដោយសារតែមានអ្នកដំណើរជាច្រើន តែងបានប្រទះឃើញលោកតា Jaroon ហើយបាននាំគ្នាថតរូបរបស់គាត់ យកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ទើបធ្វើឲ្យមានមហាជនជាច្រើន កើតក្តីអាណិតអាសូរដល់លោកតាយ៉ាងពន់ពេក និងថែមទាំងបានជួយរៃអង្គាស ឧបត្ថម្ភប្រាក់កាក់ដល់លោកតា រហូតមានថវិកាគ្រប់គ្រាន់ ក្នុងការវះកាត់យកដុំសាច់នោះ ចេញពីមុខបានដោយជោគជ័យ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះផងដែរ។

លោកតា Jaroon Suanmali បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានអារម្មណ៍ថារំភើប និងភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលនឹកស្រមៃថាវាការពិត។ អ្នកជិតខាងរបស់ខ្ញុំ ម្នាក់ៗតែងនិយាយថា ស្ថានភាពជំងឺខ្ញុំបែបនេះ ប្រហែលជាមិនអាចរស់បានយូរទេមើល៎ទៅ។ ប៉ុន្តែក្រោយទទួលបានការវះកាត់រួចមក ខ្ញុំមិននឹកស្មានថា ខ្ញុំអាចក្រោកងើបពីគេងបានដោយខ្លួនឯងសោះ។ ឥលូវខ្ញុំមានជីវិតថ្មីហើយ! ខ្ញុំក្លាយទៅជាមនុស្សថ្មីម្នាក់ទៀតហើយ»

លោកវេជ្ជបណ្ឌិតឈ្មោះ Worawat Kaewwichian ជាដុកទ័រវះកាត់ជូនដល់លោកតា Jaroon បានឲ្យដឹងថា ថ្វីបើការវះកាត់នេះត្រូវបានបញ្ចប់ដោយជោគជ័យក្តី ប៉ុន្តែអ្នកជំងឺគឺតម្រូវឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យជាបន្តសិន ដើម្បីធ្វើការតាមដានជំងឺ។ រយៈពេល១សប្តាហ៍ទៀត ទើបអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញបាន ព្រោះថានេះគឺជាស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរមួយ។ ប៉ុន្តែទោះជាយ៉ាងណា ខាងក្រុមគ្រូពេទ្យនៅទីនេះ គឺពិតជារំភើបរីករាយយ៉ាងខ្លាំង ដែលអាចធ្វើប្រតិបត្តិការ វះកាត់ជូនជំងឺបានដោយជោគជ័យ។ នោះក៏ដោយសារតែ ដុំសាច់របស់លោកតា Jaroon មិនបានដុះរាលដាល ចូលទៅក្នុងលលាដ៏ក្បាល ឬប៉ះពាល់ដល់កោសិកាណាមួយឡើយ។
លោកតា Jaroon បានបន្ថែមចុងក្រោយថា នៅពេលដែលលោកតាពិបាកចិត្តម្តងៗ លោកតាពិតជាចង់ សម្លាប់ខ្លួនឯងខ្លាំងណាស់។ ព្រោះថាវាពិតជាពិបាកនិងធ្ងន់ក្បាលយ៉ាងខ្លាំង។ ម្យ៉ាងលោកតាក៏កាន់តែចាស់ មិនសូវមានកម្លាំងកំហែងងើបពីសម្រាន្តឡើយ។ ប៉ុន្តែនៅពេលនេះ ជីវិតរបស់លោកតាបានផ្លាស់ប្តូរជាថ្មី ធ្វើឲ្យគាត់រំភើបចិត្តសឹងរកអ្វីថ្លែងពុំបានឡើយ ៕

ប្រភព៖ khmerload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments