Header Ads

ពិតជាអស្ចារ្យណាស់! ក្មេងប្រុសម្នាក់ធ្វើឲ្យមនុស្សជាច្រើនស្រៀវជំនួស ព្រោះតែសមត្ថភាពពិសេសដូចសត្វទីទុយរបស់គេ

ប៉ាគីស្ថាន៖ ក្មេងប្រុសវ័យជំទង់ម្នាក់ដែលមានសមត្ថភាពពិសេសអាចបង្វិលក្បាលបានជាង ១៨០ ដឺក្រេ រំពឹងទុកក្នុងចិត្តថាថ្ងៃណាមួយរូបគេអាចនឹងក្លាយជាតារាសម្ដែងរឿងរន្ធត់ម្នាក់ប្រចាំហូលីវូដ។ Sameer Khan វ័យ ១៤ឆ្នាំ មកពីទីក្រុង Karachi ប្រទេស ប៉ាគីស្ថាន មិនត្រឹមតែអាចបង្វិលក្បាលរបស់គេត្រឡប់មកក្រោយបានដូចទីទុយប៉ុណ្ណោះទេ ប៉ុន្តែក្មេងប្រុសរូបនេះថែមទាំងអាចបង្វិលស្មាបាន ៣៦០ ដឺក្រេ ទៀតផង។

Sameer បាននិយាយថា “ខ្ញុំមានអាយុប្រហែលជា ៦ ឬ ៧ឆ្នាំ នៅពេលដែលខ្ញុំបានឃើញតួអង្គប្រុសម្នាក់ក្នុងខ្សែភាពយន្តបែបរន្ធត់របស់ហូលីវូដបង្វិលក្បាលរបស់គាត់មកក្រោយ។ វាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ខ្ញុំចាប់ផ្ដើមហ្វឹកហាត់តាំងបីពេលនោះមក ហើយកន្លងផុតទៅប្រមាណជា ២ ទៅ ៣ ខែ ក្រោយមកខ្ញុំក៏អាចធ្វើដូចតួក្នុងរឿងបាន។ ម្ដាយរបស់ខ្ញុំបានទះកំផ្លៀងខ្ញុំ នៅពេលគាត់ឃើញខ្ញុំធ្វើបែបនេះ ហើយគាត់បាន​​​ប្រាប់ផងដែរថាកុំធ្វើអ៊ីចឹងម្ដងទៀតឲ្យសោះ ព្រោះវាអាចនឹងធ្វើឲ្យករបស់ខ្ញុំឈឺចាប់ ឬបាក់ ប៉ុន្តែពេលវេលាបានធ្វើឲ្យគាត់យល់ថា ខ្ញុំជាអំណោយដែលព្រះប្រទាន។ សុបិន្តរបស់ខ្ញុំ គឺធ្វើការដូចតួប្រុសក្នុងភាពយន្តរន្ធត់របស់ហូលីវូដម្នាក់នោះ។”

បន្ទាប់ពីឪពុកធ្លាក់ខ្លួនឈឺ ក្មេងប្រុស Sameer បានសម្រេចចិត្តឈប់រៀន ហើយចូលជាសមាជិកក្រុមរាំមួយឈ្មោះថា Dangerous Boys ដើម្បីអាចរកប្រាក់បានខ្លះជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាថ្លៃចំណាយផ្សេងៗក្នុងគ្រួសារ។ ម្ដាយរបស់ Sameer បាននិយាយថា ” Sameer គ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ ប៉ុន្តែពួកយើងគ្មានជម្រើសអ្វីផ្សេងឡើយ។ ខ្ញុំក៏ចង់ឲ្យគេរៀនសូត្រ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ខ្លួនឯង ប៉ុន្តែជោគវាសនាបានកំណត់អ្វី មួយទុកមុនអស់ហើយ។” ពេលសម្ដែងការរាំក្នុងកម្មវិធីណាមួយម្ដងៗ Sameer អាចរកកម្រៃបានពី ៧.៨៨ ដុល្លារ ទៅ ១៣ ដុល្លារ។ Sameer បានឲ្យដឹងទៀតថាក្នុងមួយខែគេអាចរកកម្រៃបានប្រមាណជាជាង ១៣០ ដុល្លារ ទៅ ១៥០ ដុល្លារ។ “ខ្ញុំខំធ្វើការ ហេតុនេះខ្ញុំអាចផ្គត់ផ្គង់គ្រួសារបាន។ ខ្ញុំមិនចង់ឲ្យព្រោះតែកង្វះធនធានក្នុងផ្ទះ ប្អូនស្រីទាំង៤នាក់របស់ខ្ញុំត្រូវឈប់រៀនដែរនោះទេ។”៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments