Header Ads

ប្រទះឃើញគ្រោងឆ្អឹងមនុស្ស ក្នុងខ្មោចសំពៅបុរាណ នៅបាតសមុទ្រ អាយុកាលជាង២ពាន់ឆ្នាំ

ក្រុមអ្នកស្រាវជ្រាវបានស្វែងរកឃើញ គ្រោងឆ្អឹងនាវិកម្នាក់ ដែលបានស្លាប់នៅក្នុងសំពៅបុរាណ Antikythera ដែលបានលិចកប់បាត់នៅបាតសមុទ្រ ជាយូរលង់ណាស់មកហើយ។

អស់រយៈពេល ១សតវត្សមកហើយ ដែលក្រុមអ្នកបុរាណវិទូ បានធ្វើការស្រាវជ្រាវលើទីតាំងដែលមានសំពៅដឹកទំនិញក្រិចបុរាណមួយលិចបាត់។ ហើយពេលនេះ សមិទ្ធផលចុងក្រោយនៃការស្រាវជ្រាវរកឃើញគ្រោងឆ្អឹងមនុស្ស អាចអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ ធ្វើការវិភាគ DNA ដែលមានអាយុកាលច្រើនជាង ២ពាន់ឆ្នាំ។

អ្នកស្រាវជ្រាវមកពីក្រសួងវប្បធម៌ និងកីឡា រួមជាមួយវិទ្យាស្ថាន Woods Hole Oceanographic Institution (WHOI) បានរកឃើញគ្រោងឆ្អឹងមនុស្សបុរាណ កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ បានរកឃើញបំណែកគ្រោងឆ្អឹងមនុស្សជាច្រើនផ្នែក ដូចជា លលាដ៏ក្បាល​ ថ្គាម ធ្មេញ ដៃ ជើង ជាដើម និងបំណែកផ្សេងៗទៀត ដែលបានស្ថិតនៅបាតសមុទ្រ។

ការរកឃើញនេះ វាជាលើកទីមួយផងដែរ សម្រាប់ក្រុមអ្នកស្រាវជ្រាវ ដែលអាចមានឱកាសធ្វើការពិនិត្យ DNA ប្រភេទគ្រោងឆ្អឹងមនុស្សបុរាណ ដែលកប់បាត់ក្រោមបាតសមុទ្រ អស់រយៈកាលយ៉ាងយូរដូច្នេះ។ ក្នុងនោះបុរាណវិទូអាមេរិកម្នាក់ លោក Brendan Foley ប្រចាំវិទ្យាស្ថាន Woods Hole Oceanographic នៅរដ្ឋម៉ាសាឈូសេត និងសមាជិកក្រុមរុករកផ្សេងទៀត និយាយថា “យើងមានការភ្ញាក់ផ្អើលមែនទែន ព្រោះយើងមិនដែលគិតថាអ្វីៗ កើតឡើងបែបនេះឡើយ”។

គ្រោងឆ្អឹងដែលបានរកឃើញ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍សម្រាប់ធ្វើការវិភាគ នៅពេលដែលអាជ្ញាធរក្រិចផ្តល់ការអនុញ្ញាត។ ហើយបើយោងតាមក្រុមអ្នកស្រាវ​ជ្រាវ វាប្រហែលជាអាចឲ្យពួកគេកំណត់អត្តសញ្ញាណមុខមាត់ និងប្រភពដើមរបស់គ្រោងឆ្អឹងនេះទៀតផង។

សំពៅដឹកទំនិញក្រិកបុរាណមួយនេះ ទំនងជាត្រូវបានលិចដោយសារព្យុះបក់ផ្ទប់ជាមួយថ្ម កាលពីប្រមាណឆ្នាំ៦៥ មុនគ.ស នៅសមុទ្រ Aegean ហើយបើទោះជាវាស្ថិតនៅក្រោមផ្ទៃបាតសមុទ្ររាប់ពាន់ឆ្នាំក៏ដោយ ក៏គ្រោងឆ្អឹងនៅមានសភាពល្អផងដែរ៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments