Header Ads

ពិតជាចម្លែកណាស់!! អាថ៌កំបាំងរក្សាសព ទាំង៣នេះ ល្បីរន្ទឺ តែបង្កប់រឿងរ៉ាវភ្ញាក់ផ្អើល គ្មានអ្នកបកស្រាយបាន

រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន បាន​បន្សល់​ទុក​ជា​ចម្ងល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយ​សូម្បី​អ្នក​វិទ្យាសាស្ត្រ​ដែល​ស្រាវជ្រាវ​ខ្លាំង ក៏​អាច​ស្រឡាំងកាំង​នឹង​ភាព​អស្ចារ្យ​កាល​ពី​សម័យ​បុរាណ​ដែរ។ ក្នុង​ចំណោម​រឿង​ទាំង​អស់​នោះ អាថ៌កំបាំង​រក្សា​សព​របស់​មនុស្ស​ជំនាន់​ដើម​ទាំង៣ នៅ​ប្រទេស​ចិន នៅ​មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​អាច​បក​ស្រាយ​បាន​ច្បាស់​នោះ​ទេ។

១. ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ រក​ឃើញ​ក្នុង​ឆ្នាំ២០១៥

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ អ្នក​ជំនាញ​បាន​​រក​ឃើញ​សាកសព​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាត់​ព្រះ​កាយ​ប្រហែល​​ពីរ​រយ​ឆ្នាំ ក្នុង​កាយវិការ​សមាធិ ព្រះហស្ត​ទាំង​គូ​ក្ដោប​ចូល​គ្នា ហើយ​មាន​សភាព​ល្អ មិន​ស្អុយ​រលួយ​ឡើយ។ រឿងរ៉ាវ​នេះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដាញ​សារព័ត៌មាន​ធំៗ​លើ​លោក និង​បង្កើត​ជា​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​ព្រះ​សព​នេះ​មិន​ស្អុយ​រលួយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ​ពេល​នោះ​បព្វជិត​ជាន់​ខ្ពស់​ក្នុង​សាសនា​ព្រះ​ពុទ្ធ​មួយ​អង្គ បាន​បញ្ចេញ​សង្ឃដីកា​ថា ព្រះ​សង្ឃ​ដែល​រក​ឃើញ​គង់​ភាវនា​​ក្នុង​ព្រះ​ភ្នែន​ដូច​ផ្កាឈូក​នេះ កំពុង​សមាធិ​ស្លុង​អារម្មណ៍​អណ្ដែត​អណ្ដូង​ស្មារតី និង​មិន​ទាន់​សុគត​នៅ​ឡើយ​ទេ។ ​សព​ព្រះ​សង្ឃ​ដែល​រក​ឃើញ​​​រក្សា​ទុក​ក្នុង​ស្បែក​សត្វ នៅ​ភាគ​កណ្ដាល​ប្រទេស​ម៉ុងហ្គោលី​នេះ ត្រូវ​គេ​យក​ទៅ​ស្រាវជ្រាវ​អស់​ពេល​ជា​យូរ និង​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ ​

អ្នក​វិទ្យាសាស្ត្រ នៅ​តែ​មិន​អាច​បក​ស្រាយ​បាន​ថា ហេតុអ្វី​បាន​ជា​សព​ព្រះ​សង្ឃ​អាច​នៅ​រក្សា​បាន​យ៉ាង​ល្អ​ដូច​នេះ ប៉ុន្តែ​មតិ​ខ្លះ​បាន​អះអាង​ថា អាកាស​ធាតុ​ត្រជាក់​គឺ​ជា​មូលហេតុ​នៅ​ពី​ក្រោយ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​នេះ។ យ៉ាង​ណា​ក្ដី វេជ្ជបណ្ឌិត Barry Kerzin ដែល​ជា​គ្រូពេទ្យ​ប្រចាំ​ព្រះ​កាយ​របស់​មេដឹកនាំ​សាសនា​នៅ​ទីបេ ដាឡៃ ឡាម៉ា បាន​ប្រាប់​កាសែត Siberian Times ថា ព្រះ​សង្ឃ​ដែល​រក​ឃើញ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សមាធិ​ដ៏​កម្រ​មួយ។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​អ្នក​តាំង​សមាធិ អាច​បន្ត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​រហូត គេ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​ពុទ្ធ។

សព​ព្រះ​សង្ឃ​នេះ ត្រូវ​រក​ឃើញ ក្រោយ​ពេល​បុរស​ម្នាក់​លួច​យក និង​បម្រុង​លក់​តាម​ទីផ្សារ​ងងឹត។ មន្ត្រី​ប៉ូលិស​ប្រទេស​ម៉ុងហ្គោលី បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ហើយ ចំណែក​​សព​ព្រះសង្ឃ​ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ជាតិ​ជំនាញ​កោសល្យវិច័យ រហូត​បាត់​ដំណឹង​ដល់​សព្វ​ថ្ងៃ។

២. ក្នុង​រូប​ចម្លាក់ ១០០០​ឆ្នាំ បែរ​ជា​មាន​បង្កប់​សព​ព្រះ​សង្ឃ​យ៉ាង​អាថ៌កំបាំង

នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ពោល​គឺ​មួយ​ខែ​ក្រោយ​មក ក្រុមអ្នក​វិទ្យាសាស្ត្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ថត​កាំរស្មី​ទៅ​លើ​រូប​ចម្លាក់​មួយ ប្រទះ​ឃើញ​សាកសព​ព្រះ​សង្ឃ​មួយ​អង្គ​បាត់​សរីរាង្គ​ទាំង​អស់​កំពុង​សមាធិ​នៅ​ក្នុង​នោះ។ រូប​ចម្លាក់​ដែល​រក​ឃើញ​នេះ អាច​មាន​អាយុ​កាល​តាំង​ពី​សតវត្ស​​ទី១១ ឬ​ ១២ មក​ម្ល៉េះ។ ​​​

ការ​ថត​កាំ​រស្មី​ទៅ​លើ​រូប​ចម្លាក់​នេះ ធ្វើ​ឡើង​នៅ​សារមន្ទីរ Drents នា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Meander ប្រទេស​ហុល្លង់។ ក្រុម​អ្នក​ស្រាវជ្រាវ​ដឹង​តាំង​ពី​មុន​ថត​ថា​មាន​សព​ព្រះ​សង្ឃ​នៅ​ក្នុង​នោះ ប៉ុន្តែ​បន្ទាប់​ពី​ថត​រួច​ពួក​គេ​​រឹត​តែ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​សរីរាង្គ​របស់​ព្រះសង្ឃ​ត្រូវ​គេ​យក​ចេញ​ពី​ក្នុង​ព្រះ​កាយ​អស់។ លើស​ពី​នេះ គេ​ថែម​ទាំង​រក​ឃើញ​​ក្រដាស​រុំ​​ដែល​មាន​សរសេរ​អក្សរ​ចិន​នៅ​ជាមួយ​សព​ព្រះសង្ឃ​ផង​ដែរ។ ​​​​

ពុទ្ធសាសនិក​ជា​ច្រើន ជឿជាក់​ថា​ព្រះ​សង្ឃ​នៅ​ក្នុង​រូប​ចម្លាក់​នេះ មិន​ទាន់​សុគត​ទេ ពោល​គឺ​នៅ​កំពុង​សមាធិ​យ៉ាង​ស្ងៀម​ស្ងាត់​ដូច​ព្រះ​សង្ឃ​ដែល​បាត់​ព្រះ​កាយ ២០០​ឆ្នាំ និង​រក​ឃើញ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ យ៉ាង​ដូច្នេះ​ដែរ។

៣. ការ​​រក្សា​សព​ជាង ២​ពាន់​ឆ្នាំ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​បក​ស្រាយ​បាន

រឿង​រ៉ាវ​រក្សា​សាកសព​ជាង ២​ពាន់​ឆ្នាំ​នៅ​ប្រទេស​ចិន បាន​ល្បី​ពាសពេញ​ពិភពលោក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រហូត​មក​ដល់​បច្ចុប្បន្ន គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បក​ស្រាយ​រួច ថា​ក្នុង​ពេល​នោះ គេ​បាន​ប្រើ​បច្ចេកទេស​អ្វី ទើប​អាច​ធ្វើ​ឲ្យ​សាកសព​មិន​រលួយ ហើយ​មាន​សភាព​ធម្មតា​ទាំង​សរីរាង្គ​ខាង​ក្នុង។

Lady of Dai ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​ឈ្មោះ Xin Zhui មាន​ជីវិត​នៅ​ក្នុង​រាជវង្ស​ហាន(ឆ្នាំ​២០៦ មុន​គ្រិស្តសករាជ រហូត​ដល់​ឆ្នាំ​២២៩ នៃ​គ្រិស្តសករាជ) ជា​ប្រពន្ធ​របស់​អភិជន​ម្នាក់​ឈ្មោះ Li Cang នៃ​ជនជាតិ​ភាគ​តិច Dai។ នាង​បាន​ស្លាប់​ក្នុង​ចន្លោះ​ឆ្នាំ ១៧៨-១៤៥​មុន​គ្រិស្តសករាជ នៅ​អាយុ​ប្រហែល ៥០ឆ្នាំ។ ចំណែក​មូលហេតុ​ស្លាប់ អាច​បណ្ដាល​មក​ពី​ជំងឺ​គាំង​បេះ​ដូង ដែល​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​ជា​ករណី​ដំបូង​បំផុត។

សាច់​របស់​សាកសព​ហាក់​នៅ​ទន់​ល្អ ឯ​​ដៃ និង​ជើង​ទាំង​សង​ខាង សុទ្ធតែ​អាច​បត់​បាន។ ចំណែក​គ្រឿង​ក្នុង​វិញ គ្មាន​ការ​ខូច​ខាត​ឡើយ ហើយ​អ្នក​វិទ្យាសាស្ត្រ​នៅ​អាច​ពិនិត្យ​ដឹង​ថា នាង​មាន​ឈាម​ប្រភេទ A ទៀត​ផង។ អ្វី​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​នោះ គឺ​នាង​នៅ​មាន​សក់ និង​ត្របក​ភ្នែក ដែល​​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ពិបាក​ជឿ។

ក្ដារ​មឈូស​របស់ Xin Zhui ត្រូវ​ប្រទះ​ឃើញ​ក្នុង​ទី​ទួល​មួយ​នៅ​ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន ក្នុង​ឆ្នាំ​១៩៧១ នៅ​ពេល​កម្មករ​កំពុង​ជីក​លេណដ្ឋាន​ក្រោម​ដី។ សព​របស់​លោក​ស្រី Zhui ត្រូវ​រុំ​​ជិត​ដោយ​​សូត្រ ជាង​២០​ស្រទាប់ និង​រក្សា​ទុក​ក្នុង​ក្ដារ​មឈូស ៤ជាន់ ហើយ​ប្រើ​ធ្យូង និង​ដី​ឥដ្ឋ​បិទ​ពី​ក្រៅ​យ៉ាង​រឹង​មាំ​រហូត​បាក់តេរី​មិន​អាច​ចូល​បាន។

យ៉ាង​ណា​ក្ដី រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​បក​ស្រាយ​បាន​ថា តើ​គេ​បាន​ប្រើ​សារជាតិ​អ្វី​បន្ថែម​ទៀត ទើប​រក្សា​សាកសព​មិន​ឲ្យ​រលួយ ព្រោះ​តាម​ធម្មតា​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ សាកសព​នេះ​ត្រូវ​រក្សា​ទុក​នៅ សារមន្ទីរ​ខេត្ត Hunan ដើម្បី​ធ្វើការ​ពិសោធន៍​បន្ត​ទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments