Header Ads

ពិតជាហួសចិត្តណាស់!! ឃើញស្ត្រីចំណាស់ដួល ខំប្រញាប់ប្រញាលរត់ចូលទៅជួយ ស្រាប់តែចុងក្រោយត្រូវគាត់ទារលុយទៅវិញ (មានវីដេអូ)

ចិន​៖ ពេលខ្លះការដែលធ្វើជាមនុស្សល្អ ធ្វើអំពើល្អ គឺមិនមែនងាយស្រួលនិងអាចទទួលបានផលល្អត្រឡប់មកវិញនោះទេ ក៏ព្រោះតែក្នុងពេលបច្ចុប្បន្នអត្រានៃមនុស្សបោកប្រាស់កាន់តែកើនឡើងជាលំដាប់។ មនុស្សមានបំណងទុច្ចរិតទាំងនោះហ៊ានធ្វើពុតគ្រប់បែបយ៉ាងដោយមិនខ្មាស ដើម្បីអាចទាញយក ឬកេងចំណេញផលប្រយោជន៍ពីអំពើល្អរបស់អ្នកដទៃ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្មេងប្រុសវ័យជំទង់ ៣នាក់ បែរជាត្រូវស្ត្រីចំណាស់ម្នាក់ជំរិតទារប្រាក់ទៅវិញ បន្ទាប់ពីពួកគេបានព្យាយាមជួយ។

ហេតុការណ៍គួរឲ្យហួសចិត្តនេះបានកើតឡើងក្នុងខេត្ត Jiangxi ប្រទេសចិន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ខណៈដែលក្មេងប្រុសសិស្សសាលាទាំង ៣ កំពុងដើរតាមបណ្ដោយផ្លូវ ភ្លាមៗនោះពួកគេក៏ឃើញស្ត្រីចំណាស់ម្នាក់ដែលមានកាន់ឈើច្រត់នៅនឹងដៃដួលនៅចំពោះមុខពួកគេតែម្ដង។ ក្នុងនាមជាក្មេងល្អ ពួកគេក៏ប្រញាប់ប្រញាលរត់ចួលទៅជួយលើកស្ត្រីចំណាស់ឡើង ប៉ុន្តែស្រាប់តែស្ត្រីចំណាស់បែរជាចោទពួកគេ ថា ធ្វើឲ្យគាត់ជំពប់ជើងដួល ហើយក៏ទាមទារសុំឲ្យក្មេងទាំងបីទិញថ្នាំឲ្យគាត់តែម្ដង។

មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្រីចំណាស់រូបនោះថែមទាំងទាមទារឲ្យពួកគេបង់ប្រាក់ ៥០ យ័ន ទុកជាសំណងផងដែរ។ ចំនួនទឹកប្រាក់សំណងបានកើនឡើងបន្តិចម្តងៗ រហូតដល់ ១០មុឺនយ័ន ជាថ្លៃសេវាវេជ្ជសាស្រ្ត ខណៈដែលស្ត្រីចំណាស់និយាយថា គាត់ចាំបាច់ត្រូវទៅមន្ទីរពេទ្យពិនិត្យ។ ប៉ុន្តែសំណាងល្អណាស់ ក្នុងពេលនោះក៏មានសិស្សវិទ្យាល័យ ២នាក់ ដើរឆ្លងកាត់កន្លែងកើតហេតុ និងបានឃើញហេតុការណ៍ ពួកគេក៏បានសម្រេចចិត្តជួយក្មេងប្រុុសទាំង៣នាក់ដែលគ្មានកំហុស។

បើទោះជាកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ក្មេងប្រុសទាំង ៣ មិនមែនជាអ្នកធ្វើឲ្យស្ត្រីចំណាស់ដួលក៏ដោយ ក៏ស្ត្រីចំណាស់នៅមិនព្រមចុះចាញ់ទទួលការពិតឡើយ គាត់នៅតែបដិសេធមិនព្រមឲ្យក្មេងប្រុសទៅណា។ ដោយគ្មានជម្រើសអ្វីផ្សេងក្មេងប្រុសទាំងនោះក៏ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចតែម្ដង។ ហេតុការណ៍នេះល្បីកក្រើកជាខ្លាំង បន្ទាប់ពីត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមរបស់ចិន អ្នកលេងអ៊ិនធើណែតជាច្រើនបានបញ្ចេញមតិថ្កោលទោសស្ត្រីចំណាស់នេះហើយនិយាយថា “មកពីមានមនុស្សបែបនេះ ទើបធ្វើឲ្យយើងពិបាកនឹងមានសណ្ដានចិត្តល្អក្នុងការជួយ។ លើកក្រោយ ប្រសិនបើអ្នកជួបប្រទះនឹងស្ថានភាពបែបនេះ អ្នកនឹងគិតពិចារណាជាមុនសិន មុននឹងជួយពួកគេ”៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments