Header Ads

ស្នេហាស្មោះស្ម័គ្រ!! ដល់ដង្ហើមចុងក្រោយ របស់ប្តីប្រពន្ធវ័យ៩០ឆ្នាំមួយគូ ធ្វើឲ្យមហាជន រំជួលចិត្តជំនួស

វាជាពេលវេលានៃដង្ហើមចុងក្រោយ របស់គូស្នេហ៍ស្មោះស្ម័គ្រ វ័យចំណាស់មួយគូជួបមុខគ្នាម្តងទៀត មុនពេលដែលស្វាមីត្រូវលាចាកលោក និងបន្សល់ទុកនូវពាក្យសម្តីដ៏រំជួលចិត្តថា “បើទោះជាមានជំងឺ និងសុខភាពទ្រុឌទ្រោមក៏ដោយ គឺមានតែសេចក្តីស្លាប់មួយទេ ដែលអាចបំបែកពួកយើងបាន”។

សារព័ត៌មាន CCTV បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ថា រូបភាពនៃគូស្នេហ៍វ័យចំណាស់ ជួបមុខគ្នាលើកចុងក្រោយមួយគូនេះ បានឆក់យកបេះដូងមហាជនជាច្រើន បន្ទាប់ពីពួកគាត់ទាំងពីរត្រូវបានគេថត កាលពីពេលថ្មីៗកន្លងទៅនេះ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

ប្តីប្រពន្ធដែលមានវ័យ៩០ប្លាយមួយគូនេះ ត្រូវបានបំបែកចេញពីគ្នា ទៅកាន់បន្ទប់ព្យាបាលជំងឺ២ផ្សេងគ្នា សម្រាប់ព្យាបាលជំងឺបេះដូង និងជំងឺបាក់ឆ្អឹង។ លោកតាវ័យ៩២ឆ្នាំ ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាននៅក្នុងបន្ទប់ ICU នៅជាន់ទីបីនៃមន្ទីរពេទ្យ Yinzhou People’s Hospital ខណៈដែលភរិយារបស់លោកតា ត្រូវសម្រាកនៅក្នុងបន្ទប់ជាន់ទី១៤ ឯណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកតាបានធ្វើការសម្រេចចិត្តជាមួយសមាជិកគ្រួសារ បញ្ឈប់ការព្យាបាល បន្ទាប់ពីរងទុក្ខវេទនានឹងជំងឺខូចសរីរាង្គរាំរ៉ៃ។ ខណៈពេលដែលលោកតាត្រូវបានបញ្ឈប់ការប្រើប្រាស់ថ្នាំ និងម៉ាស៊ីនអុកស៊ីសែន ដែលរក្សាឱ្យគាត់មានជីវិត លោកតាបានសម្តែងនូវបំណងប្រាថ្នាយ៉ាងខ្លាំងរបស់គាត់ ដោយចង់ឃើញមុខប្រពន្ធរបស់គាត់ជាលើកចុងក្រោយ។

ភរិយារបស់គាត់ ដែលមានជំងឺបាក់ឆ្អឹងភ្លៅ ស្ថិតនៅជាន់ទី១៤ នៃមន្ទីរពេទ្យ ដោយធ្វើដំណើរតាមជណ្តើរយន្ត គឺប្រើពេលត្រឹមតែ១នាទីប៉ុណ្ណោះ ប៉ុន្តែទោះខ្លីយ៉ាងណា ក៏វាបានបំបែកពួកគាត់ទាំង២នាក់ពីគ្នាដែរ។ ម្យ៉ាងវិញទៀតលោកយាយថែមទាំងមិនអាចអង្គុយលើកៅអីរុញដោយខ្លួនឯងបានផងដែរ។

គិលានុបដ្ឋាយិកា Wang Yanfang ដែលនៅក្នុងបន្ទប់ ICU ក៏បានសម្រេចចិត្តជួយគូស្នេហ៍មួយគូនេះ បន្ទាប់ពីនាងបានឮអំពីការតស៊ូរបស់ពួកគាត់ ដើម្បីអាចបានជួបមុខគ្នាម្តងទៀត។ នាងបានចរចាជាមួយសមាជិកផ្សេងទៀតនៃបុគ្គលិកក្នុងមន្ទីរពេទ្យ ដើម្បីឱ្យប្រាកដថាប្តីប្រពន្ធវ័យចំណាស់អាចជួបគ្នាម្តងទៀត។

ដោយមានជំនួយពីអ្នកគ្រូពេទ្យ Wang ពួកគេទាំងពីរក៏បានជួបគ្នា ហើយលោកយាយ បាននិយាយទៅកាន់ស្វាមីរបស់គាត់ថា “ខ្ញុំនឹងមើលថែទាំខ្លួនឯងឲ្យល្អ ហើយខ្ញុំនឹងត្រឡប់មកមើលបងម្តងទៀត នៅពេលណាដែលជំងឺខ្ញុំបានធូរស្រាល”។

ប្រភពព័ត៌មានបន្តថា រូបភាពប្តីប្រពន្ធទាំងពីរ សម្រាកលើគ្រែក្នុងមន្ទីរពេទ្យ កាន់ដៃគ្នានេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមចិន Wechat ដោយអ្នកគ្រូពេទ្យ Wang និងបានសរសេរថា ក្នុងនាមជាគិលានុបដ្ឋាយិកាម្នាក់ ខ្ញុំបានជួបនឹងការងារជាច្រើនដែលលើសពីកាតព្វកិច្ចជាបុគ្គលិកវេជ្ជសាស្រ្តទៅទៀត ប៉ុន្តែវាពិតជាមានតម្លៃណាស់។

តែទោះជាយ៉ាងណា វាពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ដោយលោកតា បានលាចាកលោក កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ បើយោងតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments