Header Ads

អុញនោះ !!! អតីតសមាជិកព្រឹទ្ធសភា ជួយរត់តុឲ្យអាហារដ្ឋានរបស់ កញ្ញា ស៊ិន រ៉ូហ្ស៊េត ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

អុញនោះ !!! អតីតសមាជិកព្រឹទ្ធសភា ជួយរត់តុឲ្យអាហារដ្ឋានរបស់ កញ្ញា ស៊ិន រ៉ូហ្ស៊េត ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

ខេត្តបាត់ដំបង៖ លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាពនយោបាយជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតនោះ ក្រោយបាត់បង់តំណែងអស់ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរនោះ ពេលនេះ លោកបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលជាមួយការងារថ្មីជាអ្នករត់តុនៅក្នុងអាហារដ្ឋានដែលទើបបើកថ្មីរបស់ក្រមុំអតីតចៅសង្កាត់អូរចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោក សោ ចាន់ដេត បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពការងារថ្មីរបស់លោកនៅអាហារដ្ឋាន “រ៉ូហ្ស៊េត” ជាមួយសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះ ទទួលបានតំណែងបីទៀតបន្ថែម! ជាការពិតណាស់ ធ្វើការងារនៅកន្លែងណាក៏ដោយ ឱ្យតែមានខ្សែ គឺឡើងតំណែងលឿនណាស់។ ដូចព្រឹកនេះ ខ្ញុំបានគេប្រគល់តំណែងឱ្យបីទៀត (១-រៀបចំនំដាក់ទូ ២-ប្រមូលចាន និង៣-លាងកែវកាហ្វេ)”។

ទោះជាយ៉ាងណា លោកសោ ចាន់ដេត បញ្ជាក់ថា ការងាររត់តុនេះ លោកស្ម័គ្រចិត្តបម្រើជូនអតីតមេឃុំ ចៅសង្កាត់អតីតគណបក្សសង្គ្រោះជាតិរូបណាដែលចាប់ផ្តើមបើកហាងលក់គុយទាវ កាហ្វេ ដំបូង រយៈពេលពីរៗថ្ងៃ ដោយមិនគិតកម្រៃថ្លៃឈ្នួលឡើយ ដើម្បីបង្ហាញនូវទឹកចិត្តគាំទ្រ និងលើកទឹកចិត្តដល់អតីតមេឃុំ ចៅសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបាត់បង់តំណែងតួនាទី ក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ។

លោកសោ ចាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកដដែលនោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ថា “ដំណឹងល្អសម្រាប់អតីតមេឃុំ ចៅសង្កាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ!ខ្ញុំ សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា សូមជម្រាបជូនដំណឹងដល់អតីតមេឃុំ ចៅសង្កាត់ ខេត្តទាំងពីរខាងលើ មេត្តាជ្រាបថា ខ្ញុំ (សោ ចាន់ដេត) នឹងទៅជួយ “រត់តុបើកហាង” ជូនអតីតមេឃុំ ចៅសង្កាត់ រូបណាដែលនឹងចាប់ផ្តើមបើងហាង លក់គុយទាវ កាហ្វេ ដំបូង “រយៈពេលពីរៗថ្ងៃ” ដោយមិនគិតកម្រៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អតីតមេឃុំ ចៅសង្កាត់ ទាំងឡាយណា នៃខេត្តទាំងពីរ ដែលនឹងត្រូវបើកហាង មេត្តាជ្រាបជាព័ត៌មាន”។គួរបញ្ជាក់ថា លោកសោ ចាន់ដេត គឺជាអតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបាត់បង់តំណែងអស់ ថែមទាំងត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ដូចអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតដែរ បន្ទាប់ពីអតីតគណបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments