Header Ads

វិទ្យាល័យភូមិថ្មី!! សិស្សសាលាជាច្រើននាក់ដួលសន្លប់ជាបន្តបន្ទាប់

រតនគិរី ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ឪពុកម្ដាយសិស្ស បានជិះម៉ូតូ បើកឡាន ប្រសេចប្រសាច ទៅរកកូន បន្ទាប់ពីមានហេតុការ សិស្សកំពុងរៀន ស្រាប់តែមានអាការៈ ប្រកាច់ ហើយសន្លប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តជាបន្តបន្ទាប់។

ហេតុការនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោយពីសិស្សានុសិស្ស ភាគច្រើនជាសិស្សស្រី មានអាការៈ ប្រកាច់ ហើយស្លេកស្លាំងទន់ដៃ ទន់ជើងសន្លប់តែម្ដង។

លោក ថុន យុន នាយកសាលាវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី បានឲ្យដឹងថា ករណីសិស្សមានអាការៈ ប្រកាច់សន្លប់នេះ មានចាប់តាំងពីថ្ងៃច័ន្ទ ក្នុងសប្ដាន៍នេះមកម្លេះ ក៏ប៉ុន្តែមានតែពីរទៅបីនាក់តែប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមិនមានការភ្ញាក់ផ្អើលដូចថ្ងៃនេះទេ។ កន្លងមកដោយមានការពិគ្រោះគ្នារវៀងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សដែលរៀនក្នុងសាលានេះតែងតែនិយាយថា ឃើញរូបគំនូរដែលគូរបិតតាមជញ្ជាំងមើលទៅអាក្រក់មើល ដូចជាឃើញរូបខ្មោចផងនោះ ក៏យល់ឃើញថា ប្រហែលជាមកពីខុសអារក្ស អ្នកតាហើយ។ លោកនាយកក៏នាំលោកគ្រូ អ្នកគ្រូ ធ្វើពិធីសែនព្រេន នៅព្រឹកថ្ងៃទី៣០ នេះដែរ។ លោកនាយកបានបន្តថា ក្រោយពីបានធ្វើពិធីសែនព្រេនរួច ស្រាប់តែ សិស្សដែលរៀននៅក្នុងថ្នាក់ មានអាការៈ ប្រកាច់ ហើយស្លេកស្លាំងទន់ដៃ ទន់ជើង សន្លប់ បន្តបន្ទាប់ស្ទើរគ្រប់ថ្នាក់ទាំងអស់ បង្ករឲ្យមានភាពភ្ញាក់ផ្អើលឈូឆឡើង ដោយក្នុងមួយថ្នាក់សន្លប់ចាប់ពី៥ ទៅ៦នាក់ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ ក៏ប៉ុន្តែលោកនាយកមិនបានបញ្ជាក់ពីចំនួនសិស្សដែលសន្លប់ចប់ពីថ្ងៃច័ន្ទនិងថ្ងៃនេះទេ គ្រាន់តែលោកប្រាប់ថា សិស្សដែលមានសភាពបែបនេះសុទ្ធតែជាសិស្សស្រីទាំងអស់។

លោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ ទៅលើសិស្សរង្គ្រោះទាំងនោះឃើញថា មានការខ្វះជាតិស្ករ និងជាតិកាលស្យូម។

ចំណែកលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងបន្ទាប់ពីបានចុះពិនិត្យកន្លែងកើតហេតុថា នៅក្នុងថ្នាក់រៀននីមួយៗ មានសភាពហប់ ខ្វះខ្យល់ឧកស៊ីសែន ទើបបណ្ដាលឲ្យមានសភាពបែបនេះ។ លោកបានបន្តថា ជំហ៊ានជាបន្ត ត្រូវតែកែសម្រួល តាមបន្ទប់នីមួយៗ ដោយកែច្នៃដាក់កង្ហាឡើងវិញ។

បើទោះជាយ៉ាង នៅថ្ងៃដដែលនេះ ក្រុមអ្នកសារព័ត៌មានយើង មិនទាន់ទទួលបានចំនួនពិតប្រាកដ ពីសិស្ស ដែលរង្គ្រោះនៅឡើយទេ គ្រាន់តែដឹងថា សិស្សដែលរង្គ្រោះក្នុងករណីនេះមានចំនួនរាប់សិបនាក់។ ហើយបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តរួចមក សិស្សានុសិស្សរង្គ្រោះទាំងនោះ ត្រូវបានធូរស្រាលជាធម្មតា ហើយត្រូវឪពុកម្ដាយនាំយកទៅផ្ទះរៀងៗខ្លួន ពុំមានសិស្សណាម្នាក់រង្គ្រោះថ្នាក់ទេ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments