Header Ads

ចម្លែកណាស់!! ចំណាយលុយជិត ៤ម៉ឺនដុល្លារ ទិញដីមួយកន្លែង ទុកជាង១ទសវត្សរ៍ ព្រោះជឿថា មានអាថ៌កំបាំងនៅពីក្រោម ដល់ទីបំផុត…

បុរសម្នាក់ដែលជាអ្នកស្រលាញ់ចូលចិត្តប្រវត្តិសាស្រ្ត បានចំណាយលុយរបស់គាត់ដែលខំសន្សំស្ទើរមួយជីវិត ទៅទិញដីមួយកន្លែង ព្រោះគាត់ជឿជាក់ថា មានអាថ៌កំបាំងកប់នៅពីក្រោមដីនោះ ហើយការជឿជាក់នេះពិតជាត្រឹមត្រូវមែន បន្ទាប់ពីគាត់បានជីករកឃើញទីក្រុងបុរាណ ស្ថិតក្នុងយុគសម័យកណ្តាលមួយនៅខាងក្រោម។

តាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Stuart Wilson លោកបានទិញដីមួយកន្លែងនៅតំបន់ South Wales ដែលមានទំហំ ៤,៦អា អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ព្រោះលោកជឿជាក់ថា វានឹងក្លាយទៅជាចំណុចដ៏សំខាន់មួយនៃប្រវត្តិសាស្រ្តរបស់ស្តេចត្រាញ់ Norman។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីទុកចោលអស់រយៈពេល១២ឆ្នាំ បុរសវ័យ ៣៧ឆ្នាំរូបនេះក៏ចាប់ផ្តើមជីកគាស់កកាយរកឃើញសំណង់ឧស្សាហកម្មបុរាណនៃទីក្រុង Trellech ក្នុងតំបន់ South Wales។ ទីក្រុងបុរាណនេះ លាតសន្ធឹងនៅចន្លោះរវាងទីក្រុង Monmouth និងភូមិ Trelleck ហើយត្រូវបានគេជឿជាក់ថា វាស្ថិតនៅក្នុងសតវត្សរ៍ទី១៣ ដែលមានផ្ទះប្រជាជនអមជុំវិញ និងមានមនុស្សរស់នៅជាង ១០.០០០នាក់ រួមទាំងស្ដេចត្រាញ់ Norman នៃរាជវង្ស de Clare ដែលប្រើទីនេះជាកន្លែងផលិតដែក។

បន្ទាប់ពីបានធ្វើការជីកកកាយ នេះលោក Wilson រួមជាមួយអ្នកធ្វើការស្ម័គ្រចិត្តរបស់លោក ជាច្រើននាក់ទៀតបានរកឃើញសំណង់ផ្ទះមួយ ដែលមានសាល២ និងទីធ្លាមួយ រុំព័ទ្ធទៅដោយជញ្ជាំង និងអគាររាងមូលខ្ពស់មួយ។ តាមរយៈផ្ទះដែលមានសភាពស្មុគស្មាញមួយនោះ ពួកគេក៏បានរកឃើញ បន្ទប់មួយចំនួននៅក្នុងផ្ទះ រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។ ក្រុមការងារស្ម័គ្រចិត្តរបស់លោក Wilson ក៏បានរកឃើញអណ្តូងមួយ សំណល់នៃការងារធ្វើដែក របស់របរធ្វើពីឈើមួយចំនួន និងផ្នែកមួយចំនួននៃស្បែកជើងដែលធ្វើពីស្បែកសត្វ។

លោក Wilson បានឲ្យដឹងថា អគារទាំងនោះ ទំនងជាត្រូវបានរៀបចំ និងជួសជុលឡើងវិញ ដោយថ្មនៅអំឡុងឆ្នាំ ១៣០០ បន្ទាប់ពីកងកម្លាំងរបស់ប្រទេសអង់គ្លេស និងប្រទេសវេលស៍បានវាយប្រហារក្នុងតំបន់នេះ។ ហើយនៅត្រឹមឆ្នាំ ១៤០០ អគារមួយចំនួនបានបាក់ធ្លាក់ចុះមកក្រោម និងចុងក្រោយនៅត្រឹមឆ្នាំ ១៦៥០ បន្ទាប់ពីសង្គ្រាមស៊ីវិល ទីក្រុងទាំងមូលត្រូវបានគេបោះបង់ចោលតែម្តង។

គួរបញ្ជាក់ថា លោក Wilson មានអ្នកធ្វើការស្ម័គ្រចិត្តឲ្យលោក រាប់រយនាក់ជារៀងរាល់ឆ្នាំ ដើម្បីជួយគាត់ក្នុងការជីកកកាយទីក្រុងបុរាណមួយនេះ ហើយក៏កំពុងតែស្វែងរកការធ្វើផែនការដើម្បីទទួលបានការអនុញ្ញាតសម្រាប់ជាមជ្ឈមណ្ឌលអប់រំផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments