Header Ads

គួរឲ្យអាណិតណាស់!! កំលោះយកក្រមុំខ្វិនធ្វើប្រពន្ធ ជួបគ្រោះកំបុតដៃ

បុរសម្នាក់នេះ ស្រីល្អគរគោកមិនបេតី តែបែរជាមកលង់ស្នេហ៍ក្រមុំខ្វិនខ្វង់ ធ្វើជាប្រពន្ធ។ តែគួរឱ្យសង្វេគណាស់ ខណៈដែលប្រពន្ធខ្វិននេះ សម្រាលកូនទី២ បាន៣ខែ ស្រាប់តែបុរសជាប្តីជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើង រងរបួសដៃទាំង២ធ្ងន់ ដោយក្រុមគ្រូពេទ្យ តម្រូវឱ្យកាត់ដៃទាំងពីរចោល បណ្តាលឱ្យប្តីកំបុតដៃ ប្រពន្ធខ្វិន តើបានអ្វីជាទីពឹងពំនាក់?…។

លោកញឹម ហំ អាយុ២៧ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំពងសត្វ ស្រុកទឹកឈូរ ខេត្តកំពត បានរៀបរាប់ពីដំណើរជីវិតអភ័ព្វឱ្យដឹងថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៩នាក់ (ប្រុស៦ ស្រី៣) ដែលឪពុកឈ្មោះញឹម ហ៊ាន អាយុ៥៣ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង លោករៀនសូត្របានតិចតួចណាស់ ត្រឹមថ្នាក់ទី៦ ក៏ឈប់ទៅ ព្រោះតែមានបងប្អូនច្រើន និងក្រុមគ្រួសារមានជីវភាពក្រខ្សត់ផង។ លុះចូលដល់វ័យជំទង់ លោកដើរស៊ីឈ្នួលជួល ព័ទ្ធគេគ្មានទំនេរដៃ យកប្រាក់មកជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ រហូតដល់ធំពេញ កំលោះ ប៉ុន្តែលោកមិនមានចិត្តចាប់អារម្មណ៍ លួច

នាងស៊ីវ វឌ្ឍនា និងលោកញឹម ហំ ជាមួយកូន

ស្រលាញ់កូនក្រមុំអ្នកណាម្នាក់ធ្វើឱ្យរងរបួសបេះដូងខូចចិត្តខូចថ្លើមឡើយ។ លុះដល់អាយុ២០ឆ្នាំ មានក្រមុំពិការដៃជើងម្នាក់ឈ្មោះស៊ីវ វឌ្ឍនា អាយុ ប្អូនលោក១ឆ្នាំ រស់នៅភូមិអង្គសុភី បានមកលេងផ្ទះ ម្តាយមីងរបស់នាងជាម្ចាស់ចម្ការស្វាយ ដែលលោកស៊ីឈ្នួលចាំឱ្យ។ គ្រាន់តែបានឃើញនាងវឌ្ឍនា ភ្លាមហាក់បីដូចជាមាននិស្ស័យពីអតីតជាតិ ធ្វើឱ្យលោក មានចិត្តអាណិតធំជាងស្រលាញ់ ទើបសម្រេចចិត្ត សួរចិត្តនាងសាកមើល ទោះនាងជាមនុស្សពិការខ្វិនខ្វង់ ក៏លោកមិនឈឺក្បាលវិលមុខឡើយ។ លុះនាងឆ្លើយអូខេ ព្រមបើកប្រអប់បេះដូង ទទួលយកសេចក្តីស្នេហាបរិសុទ្ធ ពីលោកៗក៏ឱ្យចាស់ទុំចូលស្តីដណ្តឹងនាងដល់មេបា រៀបការតាមប្រពៃណី។

នាងស៊ីវ វឌ្ឍនា

លោកញឹម ហំ បន្តទៀតថា ពេលរៀបការហើយ លោកស្រលាញ់ថ្នាក់ថ្នម បមបីប្រពន្ធខ្លាំងណាស់ មិនឱ្យនាងលំបាកអ្វីឡើយ ដោយសុខចិត្តពលីកម្មខ្លួនបម្រើប្រពន្ធសព្វបែបយ៉ាង តាំងពីបញ្ចុកបាយ ទឹកនំចំណី បីនាងចូលបង្គន់ បន្ទោបង់តូចធំ និងងូតទឹកដុសក្អែលឱ្យនាងជាដើម។ ប្រពន្ធរបស់លោក ត្បិតតែពិការអង្គុយនៅលើគ្រែមួយកន្លែងពិតមែន តែនាង មានលទ្ធភាពផ្តល់ចំណីយប់ព្រលប់ឱ្យប្តីស៊ីចុកបានជាធម្មតា ដូចជាប្រពន្ធគេ ដទៃទៀតដែរ មិនយូរប៉ុន្មាន លោកក៏បានធ្វើឱ្យប្រពន្ធឃ្លានម្ជូរពោះធំ បង្កើត បានកូនប្រុសម្នាក់ជាត្រួយជីវិត។ លុះចូលដល់ឆ្នាំ២០១៦ លោកបាននាំប្រពន្ធ កូនមកជួលបន្ទប់ស្នាក់នៅទីក្រុងភ្នំពេញ។

នាងញឹម ស្រីឯម ជួយបង្ចុយទេកដល់លោកញឹម ហំ

លោកញឹម ហំ ឱ្យដឹងទាំងតូចចិត្តថា ពេលនោះ លោកបានចូលធ្វើការសំណង់ ក្នុងក្រុមហ៊ុនសំណង់មួយ ជាអកុសល ក្នុងពេលកំពុងបំពេញការងារលើកដែកឱ្យ ជាងផ្សារដំបូលផ្ទះ មិនបានប្រយ័ត្ន លើកឡើងលើទៅប៉ះខ្សែភ្លើងស្រាត ដែលមាន តង់ស្យុងខ្ពស់ បណ្តាលឱ្យឆ្លងចរន្តឆក់ឆាបឆេះរលាកពេញខ្លួន រងរបួសធ្ងន់។ តែសំណាងដែរ ត្រូវបានថៅកែចិត្តធម៌ បានដឹកបញ្ជូនលោកមកសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី រួចបញ្ជូនបន្តទៅព្យាបាលរបួស នៅប្រទេសវៀតណាម អស់រយៈពេលកន្លះខែ ទើបនាំលោកត្រឡប់មកវិញ ដោយក្រុមគ្រូពេទ្យនៅទីនោះ សម្រេចកាត់ដៃ ទាំងពីររបស់លោកចោល ព្រោះរបួសរបស់លោកនៅពេលនោះធ្ងន់ធ្ងរ ពេក រីឯការចាយលើសេវា គ្រូពេទ្យ និងហូបចុកត្រូវថៅកែចិត្តធម៌ជា អ្នករ៉ាប់រងទាំងស្រុង។ ចាប់ពីនោះមក លោកត្រូវក្លាយជាមនុស្សពិការដៃ មិនអាចបម្រើ មើលថែប្រពន្ធអភ័ព្វរបស់លោកបានទៀតទេ ទើបសុំឱ្យ ប្អូនស្រីរបស់លោកមកជួយបម្រើប្រពន្ធលោកមួយរយៈសិន ព្រោះ នាងទើបតែសម្រាលកូនទី២ បាន៣ខែប៉ុណ្ណោះ។

នាងស៊ីវ វឌ្ឍនា អាយុ២៦ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាង មានឪពុកឈ្មោះស៊ីវ សាវុធ អាយុ៤៩ឆ្នាំ និងម្តាយឈ្មោះគង់ សារ៉េត អាយុ៤៦ឆ្នាំ រូបនាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣)។ តាមពិតទៅពេលកើតចេញពីឧទរម្តាយ ដំបូង នាងមិនពិកល្យពិការទេ ពោលគឺអាចដើរហើរជាធម្មតា។ លុះ ពេលនាងចម្រើនវ័យបាន២ឆ្នាំ ស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រុមគ្រូពេទ្យមិនអាចជួយព្យាបាលជំងឺនាងឱ្យជាសះស្បើយបានឡើយ ក៏ទន់សរសៃដៃជើងដើរហើរលែងរួចតែម្តង ត្រូវពឹងលើក្រុមគ្រួសារបម្រើមើលថែគ្រប់ពេលវេលា។ លុះពេញក្រមុំ នាងមានរូបរាងគួរឱ្យប្រុសៗទាក់ទាញអារម្មណ៍ដែរ តែដោយសារពិការភាពនេះ គ្មានប្រុសណា ចាប់អារម្មណ៍លើរូបនាងយកធ្វើជាគូជីវិតឡើយ។ លុះមានថ្ងៃមួយ នៅពេលដែលនាងមកលេងផ្ទះម្តាយមីង នៅភូមិបុស្សញិញនេះ ស្រាប់តែប្តីសព្វថ្ងៃនេះ មកលួងលោមអង្វរសុំស្នេហ៍ ដោយនាំចាស់ទុំរបស់គេចូលស្តី ដណ្តឹងរៀបការយកនាងធ្វើជាប្រពន្ធពេញច្បាប់។

អ្នកស្រីហ៊ិន សុភី

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា ក្រោយពីរៀបការហើយ ទើបដឹងថា ប្តីនាងពិតជាស្រលាញ់ប្រពន្ធ ស្មគ្រ័ស្មោះណាស់ តែងបម្រើនាងជាប្រពន្ធសព្វបែបយ៉ាង តាំងពីងូតទឹក បញ្ចុកបាយទឹកនំចំណី ហើយនាង ក៏ខំប្រឹងធ្វើខ្លួនជាប្រពន្ធល្អ ដោយបម្រើការងារយប់ ព្រលប់មិនឱ្យប្តីទាស់ចិត្តម្តងណាឡើយ។ តែគួរឱ្យ ស្តាយ ខណៈដែលនាងកំពុងពោះធំ កំណើតកូនទី២ ជិតដល់ថ្ងៃសម្រាលទៅហើយ ស្រាប់តែប្តីជួបគ្រោះ ថ្នាក់ឆក់ខ្សែភ្លើងពេលកំពុងបំពេញការងារ ហើយក៏ ត្រូវក្រុមគ្រូពេទ្យនៅប្រទេសវៀតណាម សម្រេចកាត់ ដៃទាំងពីរចោល ដើម្បីសង្គ្រោះជីវិត ទើបបណ្តាលឱ្យ ប្តីនាងត្រូវក្លាយជាមនុស្សកំបុតដៃ មកដល់សព្វថ្ងៃ មិនអាចមើលថែនាងបានទៀតឡើយ កុំតែបានប្អូនថ្លៃ មកជួយបម្រើមើលថែនាង ម៉្លេះអីមិនដឹងជាជួបការ លំបាកដល់កម្រើកណាឡើយ ទៅថ្ងៃខាងមុខទៀត មិន ដឹងជាប្តីប្រពន្ធនាងជួបការលំបាកវេទនាយ៉ាងណាទេ។

និងអ្នកស្រីស៊ីវ វី

នាងញឹម ស្រីឯម អាយុ២៤ឆ្នាំ ជាប្អូនស្រី និងអ្នកស្រីស៊ីវ វី អាយុ៥០ឆ្នាំ ជាម្តាយមីង ព្រមទាំង អ្នកស្រីហ៊ិន សុភី អាយុ៤១ឆ្នាំ បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតប្តីប្រពន្ធ និងក្មួយមួយគូនេះខ្លាំង ណាស់ មិនគួរណាមានវាសនាអភ័ព្វប្រពន្ធខ្វិន ហើយ ត្រូវប្តីធ្លាក់ខ្លួនពិការកំបុតដៃទាំងពីរទៀត។ កាលពី មុនបានប្រុសជាប្តី បម្រើ មើលថែ និងធ្វើការរកប្រាក់ ចិញ្ចឹមប្រពន្ធកូន តែពេលនេះបុរសជាប្តីត្រូវជួបគ្រោះ ពិការទៀត តើបានអ្នកណារកស៊ីចិញ្ចឹមអ្នកណាទៅ? តែយ៉ាងណា ក្រុមសាច់ញាតិ និងអ្នកជិតខាងខ្លោច ចិត្តអាណិតក៏ចេះតែជួយយកអាសាទៅ។

នាងញឹម ស្រីឯម

រីឯអ្នកស្រុកមួយចំនួនទៀត បានសម្តែងនូវការ អាណិតអាសូរប្តីប្រពន្ធមួយគូនេះខ្លាំងណាស់ មិនគួរ ព្រហ្មលិខិតឥតមេត្តា ឱ្យប្តីពិការទៀតបែបនេះទេ ប្រើប្រពន្ធខ្វិនទៅហើយនោះ។ កាលពីមុន បានបុរស ជាប្តីជាអ្នកធ្វើការរកប្រាក់ចិញ្ចឹមមើលថែប្រពន្ធកូន ឥឡូវបុរសជាប្តីត្រូវកំបុតដៃអស់ទៅហើយ តើមាន លទ្ធភាពឯណាទៅដើរស៊ីឈ្នួលជួលព័ទ្ធធ្វើការឱ្យគេរកប្រាក់មកចិញ្ចឹមប្រពន្ធកូនទៀតនោះ? ជាមួយគ្នានេះដែរ ពួកគាត់សូមអំពាវនាវដល់ សប្បុរសជន និងបណ្តាអង្គការសប្បុរសធម៌ក្នុង និង ក្រៅស្រុកទាំងឡាយមេត្តាអាណិតសន្តោសប្រណី ជួយឧបត្ថម្ភប្តីប្រពន្ធពិការមួយនេះផង ព្រោះពេលនេះ ពួកគេកំពុងតែជួបការលំបាកខ្លាំងណាស់…”៕

ប្រភព៖ nokorthomdaily

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments