Header Ads

អុញនោះ!! បុរសក្រីក្រធ្វើឲ្យឆ្កូត​ឡាន BMW ដោយអចេតនា សុខចិត្តសង 15$ បែរម្ចាស់ឡាន..

អុញនោះ!! បុរសក្រីក្រធ្វើឲ្យឆ្កូត​ឡាន BMW ដោយអចេតនា សុខចិត្តសង 15$ បែរម្ចាស់ឡាន..

មនុស្ស​មួយ​ចំនួន​ បាន​ចាត់​ទុក​​រថយន្ត​របស់​ពួកគេ​​​ដូច​ជា​សមាជិក​គ្រួសារ ​ឯ​ខ្លះ​ទៀត​គិត​ថា រថយន្ត​ពួកគេ​គឺ​មាន​សារៈសំខាន់​ជាង​អ្វី​ៗ​ផ្សេង​ទៀត។ ​ម្ចាស់​រថយន្ត​ទំនើប​ៗ​តែង​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​យាន​ជំនិះ ហើយ​ពួក​គេ​នឹង​មិន​លើក​លែង​​ចំពោះ​អ្នក​ដែល​ប៉ះ ឬ​ធ្វើ​ឲ្យ​ខូច​​​រថយន្ត​​ពួក​គេ​ឡើយ​។

ការ​ជួស​ជុល​បន្តិច​បន្តួច​ អាច​មាន​តម្លៃ​រាប់​រយ​រាប់​​ពាន់​ដុល្លារ ​ហើយ​ពុំ​មាន​អ្នក​ណា​ចង់​ប៉ះ​ធ្វើ​ឲ្យ​ឆ្កូត រួច​បង់ថ្លៃ​សង​ខូច​ខាត​ទាំង​នោះ​ទេ។ ​មនុស្ស​ជា​ច្រើន​តែង​តែ​គេចវេស​ពី​ទំនួល​ខុស​ត្រូវ​​របស់​ខ្លួន​បាន​ប្រព្រឹត្ត ​ឬ​ជជែក​តឹង​សរសៃ.ក​យក​ឈ្នះ​ចាញ់​ជាមួយ​ម្ចាស់​ឡាន ទោះ​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​ក៏​ដោយ។ មិន​ទាំង​អស់​ពេក​ទេ ​ចំពោះ​បុរស​ចំណាស់​ក្រី​ក្រ​នេះ​វិញ ​គាត់​បាន​ធ្វើ​ឲ្យ​របក​​ស្នាម​លើ​រថយន្ត​ទំនើប​ម៉ាក BMW ​ដោយ​អចេតនា​ ពេល​ដើរ​លំហែ​តាម​ដង​​ផ្លូវ ​ប៉ុន្តែ​​គាត់​បាន​សន្យា​សង​​ថ្លៃ​ខូច​ខាត​ទៅ​ម្ចាស់​រថយន្ត ​ប៉ុន្តែ​សុំ​ទុក​​ពេល​ឲ្យ​​ពីរ​បី​ខែ​ទៀត។

បុរស​រូប​​មាន​ឈ្មោះ Qinglong ​ជា​ជនជាតិ​ចិន ​បាន​នាំ​កូន​ដើរ​លេង​តាម​ផ្លូវ និង​ទី​ធ្លា​នានា។ ​គាត់​មាន​ការ​ភិត​ភ័យ​ស្លេក​ស្លាំង​ភ្លាម ​បន្ទាប់​ពី​ធ្វើ​ឲ្យ​ឆ្កូត​រថយន្ត​ទំនើប​របស់​គេ​ចត​ទុក​ចោល ​ប៉ុន្តែ​គាត់​មិន​បាន​គេចវេស​ទំនួល​ខុស​ត្រូវ​ឡើយ ​​គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទុក​លើ​កញ្ចក់​រថយន្ត​ខាង​មុខ​​ឲ្យ​ម្ចាស់​​មើល។ Qinglong ​បាន​សុំ​ទោស និង​រៀប​រាប់​ថា​ ពេល​នេះ​ខ្លួន​មិន​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ ដោយ​សារ​របរ​រក​ស៊ី​របស់​គាត់​បាន​ក្ស័យធន។ ​គ្រួសារ​កំពុង​ជួប​បញ្ហា​ប្រាក់កាស ហើយ​ខ្លួន​គាត់​មាន​ប្រាក់​តែ ១០០​យ័ន ឬ​ប្រមាណ ១៥​ដុល្លារ​​ប៉ុណ្ណោះ​។ ​

ទោះ​យ៉ាង​ណា លោក​បាន​សន្យា​សង​​ថ្លៃ​ខូច​ខាត​រយៈ​ពេល​ពីរ​បី​ខែ​ទៀត​ ប្រសិន​បើ​ម្ចាស់​រថយន្ត​យល់​ព្រម។ “​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ឆ្កូត​រថយន្ត​របស់​អ្នក​ដោយ​អចេតនា ហើយ​ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​អ្វី​ខ្ញុំ​ធ្វើ​ឲ្យ​ខាត​បង់​។ សូម​ទទួល​ប្រាក់ ១៥​ដុល្លារ​នេះ​ផង​ដែល​ជាប្រាក់​បង់​សង​​​បឋម ហើយ​សូម​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​ពីរ​បី​ខែ​ទៀត ​ដើម្បី​បង់​ប្រាក់​ដែល​នៅ​សេស​សល់ផង​។ ខ្ញុំ​សូម​ធានា​ថា ខ្ញុំ​នឹង​មិន​រត់​គេច​ឡើយ”។ ​លោក Qinlong ​បាន​សរសេរ​ផ្ញើរ​​ក្នុង​សំបុត្រ។

ពេល​ម្ចាស់​រថយន្ត​មក​ប្រទះ​ឃើញ ក៏​បាន​ខ្ចី​ទូរសព្ទ​មិត្តភ័ក្ដិ​ទូរសព្ទ​ទៅ​រក​លោក Qinglong ​ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​សង​ថ្លៃ​ខូច​ខាត​មែន ឬ​យ៉ាងណា។ ​ដំបូង លោក​បាន​ប្រាប់​ Qinglong ថា ​រថយន្ត​ដែល​ឆ្កូត​នោះ​​ម៉ាក Benz។ Qinglong ​មាន​អារម្មណ៍​សោក​ស្ដាយ ហើយ​បាន​សួរ​តប​​វិញ​តាម​ទូរសព្ទ​ថា “​តើ​អ្នក​ជា​មិត្តភ័ក្ដិ​ម្ចាស់​រថយន្ត​មែន​ទេ។ តើ​អ្នក​អាច​ជួយ​ខ្ញុំ​ស្វែង​រក​ម្ចាស់​រថយន្ត​នោះ​បាន​ទេ។ ខ្ញុំ​ចង់​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ស្នាម​ឆ្កូត​​រថយន្ត​របស់​គាត់ ហើយ​ខ្ញុំ​នឹង​បង់​ថ្លៃ​ខូច​ខាត​ឲ្យ”។ ​ម្ចាស់​រថយន្ត​ប្រាប់​ថា ​តម្លៃ​ជួស​​ជុល​យ៉ាង​តិច ១៩០០​យ័ន ឬ​ប្រមាណ ២៩០​ដុល្លារ ប៉ុន្តែ​ដោយ​សារ​ឃើញ​ភាព​ស្មោះ​ត្រង់​របស់​​លោក Qinlong ម្ចាស់​រថយន្ត​សម្រេច​លើក​លែង​ឲ្យ​គាត់។

​ប៉ុន្តែ លោក Qinglong បាន​បដិសេធ​មិន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​វា​​ប្រឆាំង​នឹង​គោលការណ៍​​ប្រចាំ​ជីវិត​​របស់​ខ្លួន។ ​ម្ចាស់​រថយន្ត​កាន់​តែ​រំជួល​ចិត្ត​ជាមួយ​ពាក្យ​សំដី​របស់ Qinglong ​ហើយ​ប្រាប់​វិញ​ថា “​បើ​លោក​​ពូ ពិត​ជា​ចង់​សង​ថ្លៃ​ខូច​ខាត​មែន ​ក្រុម​ហ៊ុន​ខ្ញុំ​ត្រូវ​ការ​បុគ្គលិក​បន្ថែម​ទៀត​ឥឡូវ​នេះ តើ​លោក​​ពូ អាច​មក​ធ្វើ​ការ​ជាមួយ​ខ្ញុំ​បាន​ទេ? ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​ភាព​ស្មោះ​ត្រង់ និង​ទំនួល​ខុស​ត្រូវ​​របស់​លោក​ពូ​ខ្លាំង​ណាស់ ហើយ​លោក​ពូ​អាច​សង​ខ្ញុំ​បន្តិច​ម្ដង​ៗ​ពេល​ធ្វើ​ការ​ជាមួយ​ខ្ញុំ ​ហើយ​យើង​នឹង​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ផង​”។

ដោយ​សារ​តែ​ភាព​ស្មោះ​ត្រង់​របស់ Qinglong ​បាន​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ទំនើប BMW ​អាណិត និង​សម្រេច​ចិត្ត​ជួយ​ដោះ​ស្រាយ​ជីវភាព​ឲ្យ Qinglong ​ថែម​ទៀ​ត។ “​ក្នុង​សង្គម​យើង​រស់​នៅ​សព្វ​ថ្ងៃ ​ពិបាក​រក​មនុស្ស​ដូច​ជា​លោក​​ពូ​ណាស់ ប្រសិន​បើ​លោកពូ​​ពេញ​ចិត្ត​នឹង​ជួយ​ជំនួញ​ខ្ញុំ ខ្ញុំ​នឹង​កាន់​តែ​សប្បាយ​ចិត្ត​បំផុត”។ ម្ចាស់​រថយន្ត​បន្ថែម​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments