Header Ads

កាត់បន្ថយការទទួលសាច់ជាបន្ទាន់ !! ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំង ៩ នេះ

មនុស្សភាគច្រើន គឺចូលចិត្តទទួលទានសាច់ជាងបន្លែផ្លែឈើ។ ថ្វីត្បិតតែសាច់ដែលពោរពេញទៅដោយសារធាតុចិញ្ចឹមក៏ដោយ ប៉ុន្តែវាក៏ផ្ទុកជាតិពុលគីមីធម្មជាតិជាតិខ្លាញ់ឆ្អែត និងធាតុដែលធ្វើឱ្យរាងកាយពិបាកក្នុងការរំលាយផងដែរ។ ការទទួលទានសាច់ច្រើនពេកអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរផ្សេងៗដូចជា ការកើនឡើងនូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។ ខាងក្រោមជាសញ្ញាមួយចំនួនដែលបង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចដំណើរការរំលាយសាច់បានល្អ ហើយវាដល់ពេលដែលអ្នកត្រូវពិចារណាចំពោះរបបអាហាររាល់ថ្ងៃ ដោយគួរតែចាប់ផ្ដើមកាត់បន្ថយការទទួលទានសាច់ ៖

៩. ទល់លាមក ៖ មនុស្សម្នាក់ៗមានប្រព័ន្ធរំលាយអាហារខុសៗគ្នាផ្អែកទៅលើហ្ស៊ែន និងទម្លាប់នៃរបបអាហាររបស់ពួកគេ។ បើនិយាយពីសាច់សត្វនោះផ្នែកខ្លះ គឺសម្បូរទៅដោយខ្លាញ់។ ការទទួលទានខ្លាញ់ធ្វើឲ្យរាងកាយប្រើពេលយូរជាងធម្មតាដើម្បីរំលាយ ហើយវាក៏ជាមូលហេតុដែលអាចធ្វើឲ្យមានការពិបាករំលាយអាហារនៅថ្ងៃបន្ទាប់។ ការទល់លាមក អាចជាលទ្ធផលនៃជាតិដែកខ្ពស់ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុងសាច់ក្រហម (សាច់គោ សាច់ជ្រូក ឬសាច់ចៀម)។ ក្រៅពីនេះសាច់ក្រហមមានផ្ទុកជាតិសសៃដែលចាំសម្រាប់ចលនាពោះវៀនតិចបំផុត។ ទោះជាយ៉ាងណា ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនពេកអាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។ សូមព្យាយាមទទួលទានសាច់ក្រហមក្នុងបរិមាណបម្រុងត្រឹមតែ ១០០ ទៅ ២០០ ក្រាម ពីរដងក្នុងមួយសប្តាហ៍បានហើយ ដោយទទួលទានលាយជាមួយបន្លែ ឬធញ្ញជាតិឲ្យច្រើន។ សូមព្យាយាមជៀសវាងការបរិភោគថ្លើម និងតម្រងនោម ប្ដូរទៅជាអាហារសមុទ្រ ឬសាច់មាន់វិញ ហើយគួរជ្រើសរើសសាច់ស្ងោរ ប្រសើរជាងសាច់ចៀន ឬបំពង។

៨. តែងតែមានអារម្មណ៍ឃ្លានជាប់ជានិច្ច ៖ ប្រសិនបើអ្នកមានអារ​​​ម្មណ៍ឃ្លានសឹងគ្រប់ពេល បើទោះបីជាទើបតែទទួលទានអាហាររួចក៏ដោយនោះ វាអាចមានន័យថា អ្នកទទួលបាននូវជាតិប្រតេអ៊ីនច្រើនពេក។ ប្រសិនបើអ្នកចាប់អារម្មណ៍ដឹងថាខ្លួនឯងតែងតែឃ្លាន ចូរព្យាយាមទទួលទានទឹកដោះគោយ៉ាអួរជាមួយនឹងផ្លែបឺរី ជំនួសឲ្យការទទួលទានសាំងវ៊ិច សម្រាប់អាហារថ្ងៃត្រង់។ ក្រៅពីនេះ សូមព្យាយាមកាត់បន្ថយ ឬមិនទទួលទានសាច់តែម្ដងសម្រាប់រយៈពេលបីទៅបួនថ្ងៃ ហើយចាំមើលថាតើអ្នកមានអារម្មណ៍ល្អប្រសើរ និងស្រស់ថ្លាជាងមុនដែរឬទេ។

៧. រង្វង់ខ្មៅក្រោមភ្នែក ៖ កុំយល់ច្រឡំ ហើយសន្មត់ថា រង្វង់ខ្មៅងងឹតក្រោមភ្នែកកើតឡើងបណ្ដាលមកពី ការគេងមិនគ្រប់គ្រាន់ ឬដោយសារតែភាពហត់នឿយឲ្យសោះ។ តាមពិតទៅការមិនរំលាយសាច់ឲ្យបានត្រឹមត្រូវអាចធ្វើឲ្យផលប៉ះពាល់ទៅដល់សម្រស់របស់អ្នក។ ប្រសិនបើក្រោមភ្នែករបស់អ្នកកើតមានស្នាមរង្វង់ខ្មៅខ្លាំងជាងធម្មតា (ជាពិសេសនៅថ្ងៃបន្ទាប់ពីអ្នកទទួលទានសាច់) នោះវា គឺជាសញ្ញាមួយដែលបង្ហាញថាសាច់ដែលអ្នកទទួលទានចូលក្នុងរាងកាយមិនត្រូវបានរំលាយ។ ស្រទាប់ពោះវៀនដែលបានសម្របសម្រួលអនុញ្ញាតឱ្យភាគល្អិតនៃសាច់ឆ្លងកាត់ជញ្ជាំងពោះវៀន និងចូលទៅក្នុងចរន្តឈាម ប៉ុន្តែប្រព័ន្ធសសៃឈាមមិនជួយរំលាយឡើយ។ ដូច្នេះ រាងកាយនឹងព្យាយាមផលិតអង់ទីករជាក់លាក់ដើម្បីសម្រួល ហើយប្រតិកម្មនៃរាងកាយនឹងធ្វើឲ្យមានរង្វង់ងងឹតក្រោមភ្នែក។ បញ្ហានេះតែងត្រូវបានអ្នកជំនាញខាងសុខភាពមើលរំលង។

៦. សម្ពាធឈាមឡើងខ្ពស់ ៖ ប្រសិនបើអ្នកមានជំងឺលើសឈាមនោះវាអាចជាសញ្ញាឲ្យដឹងថា ដល់ពេលដែលគួរកាត់បន្ថយការទទួលទានសាច់ហើយ។ សាច់កែច្នៃ និងឆ្អិន មានផ្ទុកនូវជាតិសូដ្យូមខ្ពស់។ ក្រៅពីនេះស្បែកសាច់មាន់ និងសាច់ក្រហម គឺមានផ្ទុកនូវជាតិខ្លាញ់ខ្ពស់។ ទាំងអស់នេះអាចជាហេតុនាំឱ្យមានការឡើងនៃសម្ពាធឈាមឡើង ហើយថែមទាំងអាចបង្កឲ្យអ្នកកើតមានជំងឺសរសៃឈាមបេះដូងផងដែរ។ ដូច្នេះ ចូរព្យាយាមកាត់បន្ថយបរិមាណនៃការទទួលទានសាច់ ដោយបរិភោគនូវបន្លែឲ្យច្រើនជំនួសវិញ។ ប្រសិនជាអ្នកមិនអាចអត់ទ្រាំនឹងការកាត់បន្ថយ ឬបញ្ឈប់ការទទួលទានសាច់នោះ អ្នកអាចទទួលទានសាច់គ្មានខ្លាញ់ និងអាហារសមុទ្រក៏បាន ព្រោះពួកវាមានផ្ទុកជាតិខ្លាញ់មិនល្អទាប។

៥. ក្លិនខ្យល់ដង្ហើម និងក្លិនខ្លួនមិនល្អ ៖ បញ្ហានេះ គឺអាចជាសញ្ញាមួយដែលបង្ហាញថា រាងកាយមិនអាចធ្វើការរំលាយសាច់បានត្រឹមត្រូវ។ ប្រសិនបើសាច់មិនត្រូវបានរំលាយទេនោះនឹងបណ្ដាលឲ្យក្លិនអាក្រក់ចេញពីប្រព័ន្ធរំលាយអាហារជះត្រឡប់មកវិញតាមរយៈស្បែក និងខ្យល់ដង្ហើម។ ចូរព្យាយាមប្រើប្រាស់អង់ស៊ីមរំលាយអាហារប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ។ គួរបញ្ជាក់ផងដែរថា អង់ស៊ីមរំលាយអាហារមានប្រសិទ្ធភាពជួយបំបែក ក៏ដូចជារំលាយសាច់ដើម្បីកុំឱ្យវានៅកកកុញក្នុងពោះវៀនរបស់អ្នក។

៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ ៖ នៅពេលដែលរាងកាយរបស់អ្នកមិនរំលាយសាច់បានត្រឹមត្រូវទេនោះ វាអាចនឹងបណ្ដាលឲ្យអ្នកឈឺជាញឹកញាប់ជាងធម្មតា។ ប្រព័ន្ធភាពស៊ាំរបស់អ្នកអាចរងផលប៉ះពាល់បណ្ដាលឲ្យយើងងាយនឹងទទួលរងជម្ងឺ ដោយសារជាតិស្ករធម្មជាតិដែលមាននៅក្នុងសាច់ក្រហម (ហៅថា Neu5Gc) ហើយរាងកាយមានភាពពិបាកខ្លាំងក្នុងការរំលាយវា។ ដូច្នេះ អ្នកគួរសាកល្បងអាហារដែលមានជីវជាតិដូចជា គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែឈើជំនួសវិញ។ ចំនីអាហារប្រភេទនេះនឹងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងប្រូតេអ៊ីនសំខាន់ៗដល់រាងកាយយើង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចាំបាច់ត្រូវទទួលទានសាច់សត្វ ចូរប្រាកដថាទទួលទានលាយជាមួយនឹងបន្លែ ឬគ្រាប់ធញ្ញជាតិក្នុងបរិមាណស្មើគ្នាមួយ។ កុំភ្លេចធ្វើលំហាត់ប្រាណ និងទទួលយកវីតាមីន D ឲ្យបានគ្រប់គ្រាន់ផងដើម្បីជាការគាំទ្រធ្វើឲ្យដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំ។

៣. អស់កម្លាំង ល្ហិតល្ហៃ ៖ ប្រសិនបើបន្ទាប់ពីទទួលទានសាច់ហើយ អ្នកចាប់ផ្តើមមានអារម្មណ៍ថាខ្ជិល ឬអស់កម្លាំង កុំគិតថាវាជារឿងធម្មតា។ ព្រោះវាអាចមានន័យថារាងកាយរបស់អ្នកមិនបានរំលាយសាច់ដែលអ្នកទទួលទានចូលឡើយ ហើយវាត្រូវបានជាប់គាំងនៅក្នុងពោះវៀន។ នៅពេលវាជាប់គាំងវានឹងបង្វែរថាមពលរបស់អ្នកទៅកាន់ប្រព័ន្ធរំលាយអាហារវិញ។ ដូច្នេះអ្នកគួរតែធ្វើការកាត់បន្ថយការទទួលទានសាច់ ហើយផ្លាស់ប្ដូរទៅទទួលទានផ្លែឈើ និងបន្លែស្រស់ៗ ទឹកផ្លែឈើ ឲ្យបានច្រើនជំនួសវិញ។

២. ចង្អោរចង់ក្អួត ៖ ចង្អោរចង់ក្អួត គឺជារោគសញ្ញាទូទៅនៃការមិនរំលាយអាហារបានល្អ ព្រោះវាអាចជាប្រតិកម្មចំពោះបាក់តេរីមួយចំនួននៅក្នុងសាច់។ ស្ត្រីមានផ្ទៃពោះមួយចំនួនបានប្រទះឃើញថា ការទទួលទានសាច់បណ្ដាលឲ្យពួកគេមានអាការៈចង្អោរចង់ក្អួតខ្លាំងជាងពេលធម្មតា។ ដូច្នេះគួរផ្លាស់ប្ដូរមកទទួលទានបន្លែឲ្យបានច្រើនជំនួសវិញ ប៉ុន្តែបើការទទួលទាននេះធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួត ព្រមទាំងឈឺចាប់ក្នុងពោះខ្លាំងចន្លោះពេលពី ៤ ទៅ ២៦ ម៉ោង ក្រោយពីទទួលទានសាច់ អ្នកត្រូវប្រញាប់ទៅជួបពិគ្រោះជាវេជ្ជបណ្ឌិតជាបន្ទាន់។

១. ហើមពោះ ៖ សាច់ គឺជាអាហារដែលពិបាកបំផុតសម្រាប់រាងកាយរបស់មនុស្សក្នុងការរំលាយអាហារ ពីព្រោះប្រូតេអ៊ីនដែលមាននៅក្នុងសាច់ (ជាពិសេសសាច់ក្រហម) ពិបាកក្នុងការបំបែក ហើយវាអាចធ្វើអោយមានការហើមពោះ។ អាហារសម្បូរខ្លាញ់ជាច្រើនដូចជាសាច់ គឺធ្វើឱ្យក្រពះមិនសូវសកម្មដែលនឹងធ្វើឱ្យហើម ឬមិនស្រួលក្នុងពោះ។ លើសពីនេះ ការរំលាយសាច់មិនបានត្រឹមត្រូវជាហេតុនាំឲ្យមានការប្រមូលផ្ដុំជាតិពុលក្នុងរាងកាយផងដែរ។ ដូច្នេះជំនួសឱ្យការទទួលទានសាច់ក្រហម អ្នកគួរទទួលទានសាច់ត្រី ឬសាច់មាន់ វិញ ក៏ព្រោះប្រភេទសាច់សត្វទាំងនេះងាយស្រួលសម្រាប់រាងកាយក្នុងការរំលាយ។ ទោះជាយ៉ាងណា គួរទទួលទានលាយជាមួយនឹងបន្លែទើបជាការប្រសើរ។ ប្រសិនបើអ្នកឈប់ទទួលទានសាច់នោះ អ្នកនឹងងាយជៀសផុតពីការហើមពោះបំផុត៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments