Header Ads

នៅបាត់ដំបង!! រកឃើញផ្នូរបុរាណមានអាយុកាលជាង ៣,០០០ ឆ្នាំនៅល្អាងស្ពាន

នៅបាត់ដំបង!! រកឃើញផ្នូរបុរាណមានអាយុកាលជាង ៣,០០០ ឆ្នាំនៅល្អាងស្ពាន

បាត់ដំបង: ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា-បារាំងមួយក្រុម បានរកឃើញផ្នូរបុរាណចំនួន ២ និងមានវត្ថុបុរាណជាច្រើនទៀតមាន អាយុកាលជាង ៣ ពាន់ឆ្នាំ ខណៈដែលក្រុមអ្នកបុរាណវិទ្យាស្រាវជ្រាវ នេះចុះធ្វើកំណាយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១២ នៅតំបន់ស្ថានីយ៍បុរេ ប្រវត្តិសាស្ត្រល្អាងស្ពាន ក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បេសកកម្មស្រាវជ្រាវនេះ ដឹកនាំដោយលោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុមស្រាវជ្រាវបានរកឃើញផ្នូរបុរាណចំនួន ២ នៅជិតៗគ្នា ហើយនិងយកឆ្អឹងសពបុរាណនេះទៅពិនិត្យក្នុងមន្ទីរពិសោធន៍ឯប្រទេស បារាំង។ ផ្នូរខ្មោចបុរាណនេះ មានអាយុកាលជាង ៣.៣០០ ឆ្នាំមកហើយ។ តាមរយៈការធ្វើកំណាយនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រនេះ គេបានប្រទះឃើញមានវត្ថុបុរាណជាច្រើនមុខទៀតដែលនៅជិតផ្នូរសព បុរាណនេះ មាន ផ្តិល ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ មានកាំបិត ពូថៅធ្វើពីថ្មរំលីង និងថ្មរឹង។

លោកជុច ភឿន បានប្រាប់ថា ក្រៅពីនេះនៅមានកំទេចកំទីឆ្អឹងសត្វរមាស ជ្រូក ពពែ ក្តាន់ និងប្រើស ដែលមនុស្សជំនាន់មុននោះ បរបាញ់សត្វសម្រាប់យកមកធ្វើជា អាហារប្រចាំថ្ងៃ។

កាលសម័យនោះ កន្លែងណាមានការលូតលាស់ គិតតែលូតលាស់ឡើង ហើយកន្លែងណាដែលមិនរីកចម្រើនកាន់តែដុនដាបទៅៗ។ យើងនៅមិនទាន់ដឹងថា តើមនុស្សជំនាន់នោះចេះស្លៀកពាក់ហើយឬនៅ។ បើតាមការធ្វើកំណាយបន្តទៀតនោះ បានរកឃើញវត្ថុតាងដែលទាក់ទងនិងគ្រឿងតម្បាញ ដែលឆ្លុះបញ្ចាំងថា មនុស្សជំនាន់នោះមានការស្លៀកពាក់ដែរ។ តាមការស្រាវជ្រាវឃើញមានកន្លែងខ្លះពួកមនុស្សសម័យមុនមានការ ស្លៀកពាក់ ដោយសំពត់ត្បាញខ្លួនឯងរួមទាំងមានគ្រឿងអលង្ការផងដែរ។

លោកជុច ភឿន បានបញ្ជាក់ថា តាមច្បាប់កំណត់តំបន់ស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ហាមមិនឲ្យមនុស្សចូលទៅធ្វើការជីកបំផ្លិចបំផ្លាញកាប់គាស់ចាប់ពី ចម្ងាយ ៣០០ ម៉ែត្រទៅ ១.៣០០ ម៉ែត្រ។

ចុងក្រោយលោកជុច ភឿន សង្ឃឹមថា តំបន់ស្ថានីយ៍បុរេប្រវត្តិសាស្ត្រនេះ នឹងក្លាយជាតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រមួយ ពីព្រោះទីនេះមានព្រៃភ្នំ ល្អាងធំទូលាយ មានផ្ទាំងថ្មតូច ធំបែបធម្មជាតិសុទ្ធសាធតែម្តង។ ហើយបញ្ហាលំបាកចំពោះមុខ គឺបញ្ហាផ្លូវចូលទៅកាន់ស្ថានីយ៍មិនទាន់បានឈូសឆាយឲ្យបានសា្អត និងពង្រីកឲ្យធំទូលាយងាយស្រួលដល់ភ្ញៀវទេសចរចេញចូល៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments