Header Ads

ប្រច័ណ្ឌខុសរឿង!! ស្រាប់តែលើកដៃវាយប្រពន្ធរហូតដល់សភាពបែបនេះ...

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីជាប្តីខឹងច្រឡោតខ្លាំង ក៏ប្រើអំពើហិង្សា ដាល់ប្រពន្ធ បណ្តាលឱ្យពកថ្ងាសប៉ុនពងមាន់ ទើបធ្វើឱ្យប្រពន្ធខឹងក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ជនសង្ស័យជាប្តីដែលវាយប្រពន្ធពកថ្ងាស ប៉ុនពងមាន់នោះ មានឈ្មោះស្ទេវិន រ៉ូឌុលហាដូកូ អាយុ២៨ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ជាតិ ដាណែត អាយុ២៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ជាតិ ដាណែត បានឱ្យដឹងថា ប្តីរបស់នាងជាជនជាតិឥណ្ឌូនេស៊ី បានប្រើអំពើហិង្សាវាយដំ នាងយ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលឱ្យនាងទទួលរងរបួសត្រង់ថ្ងាស ពកយ៉ាងធំប៉ុនពងមាន់។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្ទេវិន រ៉ូឌុលហាដូកូ ដើម្បីនាំយកមកសួរសាកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យត្រូវជាប្តីរបស់ជនរងគ្រោះ បានឆ្លើយសារភាពថា រូបគេនិងប្រពន្ធ ពិតជាបានឈ្លោះប្រកែកគ្នា ហើយបានប្រតាយប្រតប់ជាមួយគ្នាមែន ហើយរូបគេថែមទាំងបានយកទូរស័ព្ទរបស់ប្រពន្ធ កាច់ចោលទៀតផង។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានបន្តថា ដោយយោងលើអង្គហេតុ និងចម្លើយជនសង្ស័យកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកងរាជអាវុធហត្ថខេត្ត មានភាពស៊ីសង្វាក់គ្នា ហេតុនេះ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments