Header Ads

ល្បីតៗគ្នាក្នុងរឿងនិទានពីបាតទន្លេ!! ពេលទៅជីកមើលស្រាប់តែឃើញរតនសម្បត្តិជាង១ម៉ឺនមុខមែន..

ល្បីតៗគ្នាក្នុងរឿងនិទានពីបាតទន្លេ!! ពេលទៅជីកមើលស្រាប់តែឃើញរតនសម្បត្តិជាង១ម៉ឺនមុខមែន..

ចិន៖ សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន។

រតនសម្បត្តិទាំងនោះមានជាង ១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhong ដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។ រឿងព្រេងនោះបានដំណាលថា នៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជ បណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។

ក្រុមអ្នកបុរាណវិទូ បានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Chengdu ជាកន្លែងដែលទន្លេ Minjiang និងទន្លេ Jinjiang ជួបប្រសព្វគ្នា។

លោក Wang Wei ដែលជាអ្នកបុរាណវិទូមួយរូប បានមានប្រសាសន៍ថា “ទ្រព្យសម្បត្តិដែលបានរកឃើញទាំងនោះ ភាគច្រើននៅរប៉ាត់រប៉ាយពាសពេញបាតទន្លេ និងជាភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍មួយ ដើម្បីកំណត់អត្តសញ្ញាណតំបន់នោះដែលជាកន្លែងដែលការប្រយុទ្ធគ្នា ត្រូវបានធ្វើឡើង”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលប្រកាស វាជាតំបន់អភិរក្ស និងបានចាប់ផ្តើមធ្វើការ លើផែនការជីករុករក។ ដោយឡែកនៅក្នុងឆ្នាំ២០១៥ ក្រុមកម្មករជាច្រើន បានចាប់ផ្តើមធ្វើការស្វែងរកវត្ថុមានតម្លៃ នៅជិតតំបន់នេះ ដោយជនសង្ស័យចំនួន ៣១នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងដកហូតបានកាក់បុរាណរាប់ពាន់កាក់ ព្រមទាំងឧបករណ៍មុជទឹករបស់ពួកគេផងដែរ។

នៅទីបំផុតក្រុមអ្នកបុរាណវិទូ ក៏ចាប់ផ្តើមការជីកកកាយបាតទន្លេនោះនៅក្នុងខែមករា ឆ្នាំ២០១៧ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ធ្វើការបូមទឹកចេញពីតំបន់ជីកកកាយជាមុនសិន ទើបជីកទៅក្រោមដី ជម្រៅ៥ម៉ែត្រ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments