Header Ads

អុញនោះ !! នៅក្រមុំយូរពេក នារីម្នាក់សម្រេចចិត្តរៀបការជាមួយខ្លួនឯង

ជាការពិតណាស់មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បាន ដៃគូដ៏សាកសមបំផុតមួយ អាចចូលមកមើលថែក្នុងជីវិត ចាប់ដៃគ្នាកសាងអនាគតគ្រួសារដ៏រុងរឿង។ ផ្ទុយស្រឡះពីស្រ្តីជនជាតិអ៊ីតាលីវ័យ៤០ឆ្នាំរូបនេះ វាជារឿងដ៏គួរភ្ញាក់ផ្អើលសម្រាប់នាង បន្ទាប់ពីនាងបានសម្រេចចិត្តរៀបការជាមួយនឹងខ្លួនឯងទៅវិញ ក្រោយការស្វែងរកបុរសក្នុងក្តីសុបិនមិនសមតាមបំណង។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នាង Laura Mesi មានអាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាគ្រូបង្ហាត់លំហាត់ប្រាណ (Fitness) ម្នាក់។ នាង Mesi អស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំងដោយសារបរាជ័យក្នុងរឿងស្នេហា បន្ទាប់ពីនាងហត់នឿយនឹងការស្វែងរក ដៃគូប្រចាំចិត្តជាបុរសក្នុងក្តីសុបិនឲ្យសាកសមសម្រាប់នាងអស់ពេលជាង២០ឆ្នាំកន្លងមក។ រហូតដល់ទីបំផុត នាងក៏សម្រេចចិត្តរៀបការជាមួយនឹងខ្លួនឯង ទាំងបែបនេះតែម្តងទៅ។

នៅក្នុងថ្ងៃរៀបការរបស់ Mesi នាងបានអញ្ជើញភ្ញៀវប្រហែលជា៧០នាក់ ដែលសុទ្ធសឹងតែជាមិត្តភក្តិជិតស្និទ្ធបំផុត និងរួមទាំងក្រុមគ្រួសាររបស់នាងផងដែរ តែងខ្លួនក្នុងឈុតរ៉ូបកូនក្រមុំពណ៌.សយ៉ាងស្រស់ស្អាត រៀបចំមានជាអ្នកកំដរស្រី នំខេកកម្ពស់៣ជាន់ រួមទាំងចិញ្ចៀនពេជ្រមួយវង់សម្រាប់ជូនខ្លួនឯង ហើយដែលកម្មវិធីមួយនេះត្រូវបានរៀបចំធ្វើឡើងក្នុងតំបន់ Lombardy ទីក្រុង Lissone ប្រទេសអ៊ីតាលី ដែលចំណាយប្រាក់អស់ប្រហែល ៨,៧០០ផោន (ប្រហែល១១,៥៥១ដុល្លារអាមេរិក) ឯណោះ។

ទោះបីជាយ៉ាងណា ពិធីរៀបការដោយគ្មានកូនកម្លោះរបស់នាង Mesi មិនត្រូវបានគេទទួលស្គាល់តាមផ្លូវច្បាប់ឡើយ។ ប៉ុន្តែសម្រាប់នាងខ្លួនឯងផ្ទាល់ មានភាពរីករាយនូវអ្វីដែលនាងបានធ្វើឡើងមកនេះ ហើយនាងក៏នឹងមានគម្រោងទៅក្រេបទឹកឃ្មុំម្នាក់ឯងនៅប្រទេសអេហ្ស៊ីបផងដែរ។

គួរឲ្យដឹងថានាង Mesi បានសម្រេចចិត្តរៀបការម្នាក់ឯង ក្រោយពីទំនាក់ទំនងស្នេហារបស់នាង ដែលមានអាយុកាលជាង១២ឆ្នាំមកហើយនោះ ត្រូវបានប្រេះឆានាចុងឆ្នាំ២០១៥។ ទើបចាប់តាំងពីពេលនោះមក Mesi នាងក៏បានសន្យាជាមួយខ្លួនឯងថា នាងនឹងរៀបការជាមួយខ្លួនឯងដើម្បីបញ្ចប់ភាពនៅលីវ ប្រសិនណាបើនាងនៅតែមិនអាចស្វែងរកបុរស ជាទីគាប់ចិត្តអាចទទួលយកនាងធ្វើជាគូគ្រងបាន មុនពេលនាងឈានចូលដល់វ័យ៤០ឆ្នាំទេនោះ។

ថ្លែងប្រាប់កាសែត La Repubblica ក្នុងថ្ងៃរៀបការរបស់នាង Mesi និយាយថា «ដូចអ្វីដែលខ្ញុំធ្លាប់បានប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំកន្លងមកអ៊ីចឹង ប្រសិនណាបើខ្ញុំនៅតែមិនអាចស្វែងរកបុរសជាដៃគូស្នេហា អាចសាងអនាគតគ្រួសារជាមួយគ្នាបាន មុនខ្ញុំឈានចូលដល់វ័យ៤០ឆ្នាំទេនោះ ខ្ញុំនឹងត្រូវរៀបការជាមួយនឹងខ្លួនឯងជាដាច់ខាត។ ហើយប្រសិនណា បើថ្ងៃណាមួយខ្ញុំស្វែងរកឃើញហើយ (បុរសជាគូស្នេហ៍) ខ្ញុំនឹងរៀបចំដំណើរជីវិតខ្ញុំខ្លួនឯងឲ្យរីករាយជាទីបំផុត ដោយមិនបាច់ទាល់តែស្ថិតលើសុភមង្គលដែលទទួលបានពីគេឡើយ» ។

នាងបន្តថា «នេះគឺជាពិធីមង្គលការ បែបរឿងព្រេងនិទានរបស់ខ្ញុំ តែគ្រាន់ថាខ្វះព្រះអង្គម្ចាស់ជិះសេះសក្នុងក្តីស្រមៃ ចូលរួមដំណើរជាមួយនឹងខ្ញុំតែប៉ុណ្ណោះ» ៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments