Header Ads

អុញនោះ!! រៀបការបាន៣០ឆ្នាំ ប្ដីបែរត្អូញថា​ប្រពន្ធមុខចាស់​លែងស្រលាញ់ តែប្រពន្ធតប​វិញភ្លឺភ្នែក

​ជាទូទៅ​គេ​ទទួល​ស្គាល់​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​ ភាព​ខ្លាំង​របស់​បុរស​ គឺ​ជា​ស្ត្រី​ដែល​តែង​តែ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត ​លើក​ទឹក​ចិត្ត ​និង​ផ្ដល់​ជា​គំនិត ដើម្បី​ឲ្យ​បុរស​អាច​ឆ្លង​កាត់​ឧបសគ្គ ឬ​ភាព​បរាជ័យ​នានា​បាន។

ឯ​ជីវិត​ស្វាមី​ភរិយា​ក៏​ដូច្នោះ​ដែរ ​ប្រពន្ធ​តែង​តែ​ជា​មនុស្ស​នៅ​ពីក្រោយ​ខ្នង ជា​ទី​ប្រឹក្សា ​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ស្វាមី​សម្រេច​ភាព​ជោគជ័យ​ក្នុង​កិច្ចការ​អ្វី​មួយ ឬ​របរ​​រក​ស៊ី​ប្រចាំ​ថ្ងៃ​។ ​ភរិយា​តែង​តែ​នៅ​ខាង​ស្វាមី​ជានិច្ច​ទោះ​បរាជ័យ ​ឬ​ជួប​ឧបសគ្គ​ណា​មួយ គឺ​តស៊ូ​លំបាក​អត់​ទ្រាំ​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា​ដោយ​មិន​គេច​វេះ​ឡើយ។

​ចំណែក​រឿង​រ៉ាវ​ខាង​ក្រោម​នេះ គឺ​មិន​ខុស​គ្នា​នឹង​ការ​រៀប​រាប់​ខាង​លើ​ប៉ុន្មាន​ទេ ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​តាំង​ពី​បាត​ដៃ​ទទេ រហូត​មាន​លុយ​ឡាន​វីឡា​ស្កឹមស្កៃ ​ប៉ុន្តែ​ស្វាមី​បែរ​ជា​មាន​គំនិត​បង្អាប់ ​ត្អូញត្អែរ​ពី​សម្រស់​ភរិយា​ទៅ​វិញ ពេល​វ័យ​កាន់​តែ​ជ្រេ។ ពួក​គេ​បាន​រៀប​ការ​ដោយ​ក្ដី​ស្រលាញ់ មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​ឪពុក​ម្ដាយ​ទេ។ ទើប​រៀប​ការ​រួច ​ពួក​គេ​មិន​សល់​ទ្រព្យ ឬ​កេរ្តិ៍​មរតក​ពី​ឪពុក​ម្ដាយ​ឡើយ​ ​ប៉ុន្តែ​រស់​នៅ​ដោយ​មាន​សុភមង្គល និង​សប្បាយ​រីករាយ។

ការ​ខិត​ខំ​រក​ស៊ី​របស់​ពួក​គេ​ជា​ច្រើន​ឆ្នាំ​ ធ្វើ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រី​ក្រ ​រហូត​មាន​ប្រាក់​សន្សំ​​ក្នុង​គណនី​ធនាគារ​កាន់​តែ​ច្រើន​ឡើង​ៗ។ ​ប្ដី​ប្រពន្ធ​បាន​ទិញ​ផ្ទះ​ធំ​​មួយ​កន្លែង រថយន្ត និង​សម្ភារៈ​ទំនើប​ៗ​បែប​ជីវិត​អ្នក​មាន​ធូរធារ។

៣០ ​ឆ្នាំ​ក្រោយ​មក ​នៅ​ថ្ងៃ​មួយ​ប្ដី​បាន​ក្រឡេក​មើល​អ្វី​ៗ​ក្នុង​ផ្ទះ ​ហើយ​បាន​កោត​សរសើរ​ខ្លួន​ឯង​ដែល​អាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​បាន ​បន្ទាប់​មក​ក៏​ក្រឡេក​ទៅ​មើល​ភរិយា។ ​គាត់​បាន​សម្លឹង​មើល​យ៉ាង​ល្អិត​ល្អន់​លើ​ពណ៌​សក់ ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​មុខ និង​ដៃ​ជើង​ រួច​និយាយ​ទៅ​កាន់​ប្រពន្ធ​ថា៖ ​រយៈ​ពេល ៣០​ឆ្នាំ​​មុន ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​ឈើ​តូច​មួយ ​ម៉ូតូ​កញ្ចាស់ ​មើល​ទូរទស្សន៍​ស​ខ្មៅ​ទំហំ ១០​អ៊ីញ ប៉ុន្តែ​គេង​ជា​មួយ​នារី​អាយុ ២៣​ឆ្នាំ (ប្រពន្ធ)​ រាល់​យប់។​

​ហើយ​ពេល​នេះ ​ខ្ញុំ​មាន​ផ្ទះ​តម្លៃ ៥០​ម៉ឺន​ដុល្លារ ​ឡាន​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ​គ្រែ​ធំ ​ទូរទស្សន៍​អេក្រង់​ធំ​ពណ៌​ច្បាស់ ប៉ុន្តែ​បែរ​ជា​គេង​ជាមួយ​​មនុស្ស​​ស្ត្រី​ចាស់​​អាយុ ៥៣​ឆ្នាំ​ទៅ​វិញ”។ ​ប្ដី​រៀប​រាប់​បែប​ឌឺដង​ឲ្យ​ភរិយា។ ពេល​ភរិយា​បាន​ឮ​សម្ដី​ទាំង​នេះ​ភ្លាម ​គាត់​​មាន​អារម្មណ៍​​ភ្ញាក់​ផ្អើល​ទាំង​មិន​នឹក​ស្មាន​ស្វាមី​ខ្លួន​ឯង​ហ៊ាន​និយាយ​​បែប​នេះ​នៅ​ចំពោះ​មុខ​ខ្លួន​ ហើយ​ក៏​បាន​ទម្លាក់​ទឹក​មុខ​ចុះ​ភ្លាម។

ប្រពន្ធ​បាន​សម្លឹង​មើល​មុខ​ប្ដី​​​យូរ​បន្តិច ព្រោះ​ហួស​ចិត្ត ​ប៉ុន្តែ​គាត់​​បាន​តប​ទៅ​វិញ​បែប​ផ្អែម​ល្ហែម និង​មាន​ហេតុ​ផល​ជា​ច្រើន។ ភ្លាម​នោះ​​គាត់​បាន​អនុញ្ញាត​ឲ្យ​ស្វាមី​មាន​អាយុ​ជាង ៥០​ឆ្នាំ​នេះ ​​ចេញ​ទៅ​ស្វែង​រក​នារី​​វ័យ​ក្មេង​អាយុ ២៣​ឆ្នាំ​ណា​ម្នាក់ បើ​គិត​ថា​ប្រពន្ធ​ក្មេង​មាន​សេចក្ដី​សុខ​ជាង។ ​គាត់​ថា ​មាន​តែ​ស្រ្តី​ចំណាស់​ទេ ​ដែល​ជា​ភរិយា​ដ៏​ល្អ​បំផុត ​ព្រោះ​អាច​​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្វាមី​បាន​ភ្លាម​ៗ ​បទ​ពិសោធន៍​ជីវិត​ច្រើន មាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​គ្រួសារ និង​សាច់​ញាតិ​បាន​ល្អ​ប្រសើរ។

ចំណែក​ប្រពន្ធ​ក្មេង គឺ​តែង​តែ​ចូល​ចិត្ត​ចាយ​ខ្ជះខ្ជាយ ​ទិញ​គ្រឿង​តុប​តែង​កាយ​ថែទាំ​សម្រស់​ច្រើន ​និង​ដើរ​ផ្សារ​ម្ដង​ៗ​​អស់​ប្រាក់​ច្រើន។ ​ម្យ៉ាង​ទៀត ​អ្នក​ជុំវិញ​នឹង​មើល​មក​អ្នក​ទាំង​ពីរ​ដោយ​គិត​​រឿង​អ្វី​មួយ​ផ្សេង​​ដែល​មិន​មែន​ជា​ការ​ស្រលាញ់​ចិត្ត​នឹង​ចិត្ត។ ​ភាគ​ច្រើន​ប្រពន្ធ​ក្មេង​មិន​សូវ​ចេះ​ថ្នម​ស្វាមី ​សម្ដី​គំរោះគំរើយ ​ខ្លះ​ទៀត​​ម្ញ៉ិកម្ញ៉ក់​រំអួយ​​ខ្លាំង​ណាស់​។ ​

ក្រោយ​ពី​ឭ​​ភរិយា​លើក​ឡើង​ចំៗ​​បែប​នេះ ប្ដី​ហាក់​ភ្ញាក់​ខ្លួន​ព្រើត​និយាយ​លែង​ចេញ ​ក៏​ដើរ​ទៅ​ឱប​ប្រពន្ធ​ទាំង​ក្ដី​អាណិត និង​សោក​ស្ដាយ​សម្ដី​ខ្លួន​ឯង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments