Header Ads

រុក្ខជាតិ ៥ យ៉ាងដែលជាអង្គរក្សបណ្ដេញសត្វពស់ដ៏ពូកែសម្រាប់ដាំនៅក្បែរផ្ទះ

សត្វពស់ជាប្រភេទសត្វដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតមួយក្នុងចំណោមសត្វដែលមានពិសផ្សេងទៀត។ សត្វពស់មានច្រើនប្រភេទនិង រស់នៅគ្រប់ទីកន្លែងទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំមានអត្រាមនុស្សស្លាប់ និងពិការជាច្រើននាក់ដោយសារពិសពស់។ ដោយសារតែពិសដ៏កាចសាហាវរបស់វានេះហើយបានធ្វើឲ្យមនុស្សមានភាពភ័យខ្លាច និងរិះរកវិធីផ្សេងៗដើម្បីទប់ស្កាត់ការពារពិសរបស់វា ដូចជាការបង្កើតថ្នាំបន្សាបពិសពស់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សបានស្រាវជ្រាវអំពីវិធីការពារ និងបណ្ដេញពស់ផ្សេងៗដែលយើងនឹងលើកយកមកនិយាយនៅថ្ងៃនេះ។

រុក្ខជាតិមួយចំនួនដូច ផ្កាស្បៃរឿង តាំងអោ ស្លឹកគ្រៃ ប្រទាលពស់ និងដើមក្រូចសើច គឺជារបស់ធម្មជាតិសម្រាប់ប្រឆាំងនឹងពស់ដ៏ពូកែ។ រុក្ខជាតិទាំងនេះមានរសជាតិល្វីង និងមានក្លិនខ្លាំងដែលអាចធ្វើឲ្យពស់មានការភាន់ភាំង និងមិនស្រួលខ្លូននៅពេលដែលវាវារក្បែរ។ រុក្ខជាតិទាំងអស់នេះអាចដាំបាននៅជុំវិញផ្ទះ និងតាមសួនច្បាររបស់លោកអ្នកដើម្បីដេញសត្វពស់ផ្សេងៗឲ្យឆ្ងាយ ពីព្រោះពូកវាមិនអាចអត់ធុននឹងក្លិនខ្លាំងរបស់រុក្ខជាតិទាំងនេះបានទេ។

ផ្កាស្បៃរឿង ( Marigold )

តាមការស្រាវជ្រាវបានអោយដឹងថាផ្កាស្បៃរឿង ជាប្រភេទផ្កាម៉្យាងដែលមានពណ៌លឿងភ្លឺស្រស់ និងមានក្លិនខ្លាំងដែលអាចបណ្ដេញសត្វល្អិតមួយចំនួន និងពស់បាន។ដោយយោងតាមបទពិសោធន៍របស់អ្នកចំការភាគច្រើន បានអះអាងថាផ្កាស្បៃរឿងពិតជាអាចបណ្ដេញពស់បានមែន។

តាំងអោ ( Wormwood )

ដើមតាំងអោជារុក្ខជាតិមួយប្រភេទដែលអាចបរិភោគ និងយកមកធ្វើជាថ្នាំព្យាបាលផ្សេងៗបាន។ តាំងអោមានអត្ថប្រយោជន៍ជាច្រើនលើសលុប។ ក្នុងនោះដែរវាក៏ជារុក្ខជាតិបណ្ដេញពស់ដ៏ពូកែមួយ ដោយសារក្លិនរបស់ស្លឹកវាអាចធ្វើឲ្យពស់មិនហ៊ានមកក្បែរ។ ក្លិនតាំងអោមានប្រសិទ្ធភាពខ្លាំងនៅពេលដែលស្ងួត ប៉ុន្តែការដាំនៅក្បែរផ្ទះក៏មានប្រសិទ្ធភាពល្អដែរ។

ស្លឹកគ្រៃ ( Lemon Grass )

ស្លឹកគ្រៃត្រូវបានប្រជាជនខ្មែរយកមកប្រើប្រាស់តាំងពីសម័យបុរាណដូចជាក្នុងការធ្វើម្ហូប និងជាឧសថព្យាបាលរោគផ្សេងៗជាច្រើន។ ជាទូទៅស្លឹកគ្រៃមានក្លិនឈ្ងុយប្រហើរសម្រាប់មនុស្ស ប៉ុន្តែវាជាក្លិនដែលពស់ស្ងប់ និងមិនហ៊ានមកជិត។ លើសពីនេះទៅទៀតការដាំស្លឹកគ្រៃនៅក្បែរផ្ទះអាចបណ្ដេញមូសថែមទៀតផង។

ដើមក្រូចសើច ( Kaffir Lime )

ក្រូចសើចជាក្រូចមួយប្រភេទដែលមានរូបរាងស្រដៀងទៅនឹងក្រូចឆ្មារ។ ក្រូចសើចត្រូវបានគេយកទៅចម្រាញ់ធ្វើជាសាប៊ូកក់សក់ ឬសម្រាប់កក់សក់ផ្ទាល់ដើម្បីកម្ចាត់ភាពរមាស់ និងអង្គែ។ ចំណែកឯស្លឹកវិញត្រូវមានគេយកទៅបន្ថែមក្លិននៅក្នុងការធ្វើម្ហូបផ្សេងៗ។ ក្រូចសើចមានរសជាតិជូរខ្លាំង ហើយមានក្លិនឆួល។ ពស់មិនសូវត្រូវគ្នាជាមួយក្លិនដ៏ខ្លាំងមួយនេះទេ។ នៅសម័យបុរាណប្រជាជនខ្មែរបានយកក្រូចសើច ឬស្លឹកក្រូចសើចនេះជាប់ខ្លួននៅពេលធ្វើដំណើរផ្លូវឆ្ងាយ ឬចូលព្រៃជ្រៅ។

ប្រទាលពស់ ( Snake Plant )

មនុស្សដាក់ឈ្មោះថាប្រទាលពស់ គឺដោយសារប្រទាលនេះមានស្លឹកវែងៗមានរាងដូចជាសត្វពស់។ ពស់ខ្លាច និងមិនហ៊ានមកក្បែររុក្ខជាតិមួយនេះគឺដោយសារតែរូបរាងរបស់ស្លឹកនេះហើយ។ ប្រទាល់ពស់មិនត្រឹមតែអាចការពារពស់បានប៉ុណ្ណោះទេ វាអាចជាគ្រឿងសម្រាប់តុបតែងលម្អផ្ទះដ៏ស្រស់ស្អាតថែមទៀតផង។

វិធីការពារផ្សេងទៀត

រុក្ខជាតិទាំង ៥ នេះមិនធានាថាអាចការពារពស់មិនឲ្យចូលក្នុងផ្ទះរបស់លោកអ្នក ១០០% នោះទេ។ ដើម្បីធានាសុវត្ថិភាពជាងនេះលោកអ្នកត្រូវ៖

– រៀបចំផ្ទះទាំងក្នុង និងក្រៅឲ្យមានសណ្ដាប់ធ្នាប់ ដោយមិនត្រូវមានគំនរឈើ ឬសំរាមផ្សេងៗ

– ត្រូវកាត់ស្មៅនៅជុំវិញផ្ទះឲ្យខ្លី

– បណ្ដេញសត្វល្អិតផ្សេងៗដែលជាប្រភពអាហាររបស់ពោះដូចជាសត្វកណ្ដុល កន្ដូប កន្លាតផ្សេងៗ

– ធ្វើការប៉ះប្រហោងផ្សេងៗនៅលើជញ្ជាំងផ្ទះរបស់លោកអ្នក

– បើអ្នកអាចដាក់សំណាញ់ព័ទ្ធជុំវិញសួនច្បារ និងផ្ទះបានគឺកាន់តែល្អ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments