Header Ads

អ្នកកំពុងជួបប្រទះនូវបញ្ហាសុខភាពហើយ ប្រសិនបើអ្នកមានក្លិនខ្លួនទាំងប៉ុន្មានប្រភេទនេះ

មនុស្សភាគច្រើនយល់ថា ញើស គឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យមានក្លិនខ្លួនមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការយល់ឃើញនេះ គឺមិនត្រឹមត្រូវឡើយ។ ការពិតទៅក្លិនខ្លួនមិនល្អ គឺបណ្ដាលមកពីការកើនឡើងយ៉ាងឆាប់រហ័សនៃពពួកបាក់តេរីដែលមានវត្តមាននៅក្នុងញើស ដោយពួកវាធ្វើការបំបែកញើសទៅជាអាស៊ីតបង្កឲ្យមានក្លិនមិនល្អ។ ក្លិនខ្លួនក៏ជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយផងដែរ ដោយវាអាចកើតឡើងព្រោះតែបញ្ហាសុខភាពមួយចំនួនដូចជា ជម្ងឺទឹកនោមផ្អែម បញ្ហាថ្លើម ឬរបបអាហារមិនត្រឹមត្រូវជាដើម។ អត្ថបទខាងក្រោមនឹងលម្អិតឲ្យអ្នកដឹងពីការពិតនៃក្លិនខ្លួន ក៏ដូចជាមូលហេតុសំខាន់ៗដទៃទៀត ៖

១. ប្រសិនបើខ្លួន ឬរាងកាយរបស់អ្នកមានក្លិនអាក្រក់ដូចលាមក ៖ វាអាចបណ្តាលមកពីការស្ទះពោះ វៀន។ នេះ គឺជាស្ថានភាពសុខភាពដ៏គ្រោះថ្នាក់មួយដែលកើតឡើងនៅពេលមានការស្ទះនៅក្នុងពោះ វៀនធំឬតូច។ ជាធម្មតាការស្ទះបែបនេះនៅក្នុងបំពង់ពោះវៀនធំនឹងបណ្តាលឲ្យខ្យល់ដង្ហើមមានក្លិនដូចលាមក ហើយចំណីអាហារគ្រប់ប្រភេទដែលអ្នកទទួលទានចូលទៅ វានឹងធ្វើឲ្យខ្យល់ដង្ហើមកាន់តែមិនល្អខ្លាំងឡើង។ លើសពីនេះទៅទៀត បញ្ហានៃការរំលាយអាហារក៏អាចបង្កឲ្យញើសប្រែជាមានក្លិនអាក្រក់ផងដែរ។ ញើសចេញពីក្លៀក គឺត្រូវទទួលរងផលប៉ះពាល់ច្រើនបំផុត ទោះបីជាផ្នែកផ្សេងៗទៀតនៃរាងកាយអាចបង្កើតញើសដែលមានក្លិនអាក្រក់ដូចលាមកក៏ដោយ។

២. ប្រសិនបើរាងកាយមានក្លិនល្វីង ៖ អ្នកត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ក៏ព្រោះថ្លើមរបស់អ្នកកំពុងតែមានបញ្ហាហើយ។ ថ្លើមដែលដំណើរការមិនប្រក្រតីនឹងផលិតនូវសារធាតុគីមីផ្សេងៗដែលមានក្លិនស្អុយដែលបង្កឲ្យមានក្លិនមិនល្អចេញពីរាងកាយ។ បញ្ហាផ្សេងៗទាក់ទងនឹងការរំលាយអាហារ និងការចង្អោរចង់ក្អួត គឺជារោគសញ្ញាមួយចំនួនដែលចង្អុលបង្ហាញឲ្យដឹងថា ថ្លើមរបស់អ្នកកំពុងទទួលរងការខូចខាត។

៣. ប្រសិនបើរាងកាយមានក្លិនឆ្អាបដូចត្រី ៖ វាជារោគសញ្ញានៃជម្ងឺក្លិនឆ្អាបដូចត្រី ឬ Fish Odor Syndrome ឬ Trimethylaminuria ដែលជាជម្ងឺហ្សែន ឬជម្ងឺតំណរពូជមួយប្រភេទ។ ជម្ងឺនេះនឹងធ្វើឲ្យរាងកាយប្រែជាមានក្លិនអាក្រក់ ហើយថែមទាំងធ្វើឲ្យ ទឹកនោម ញើស ក៏ដូចជាខ្យល់ដង្ហើម មានក្លិនឆ្អាបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សារជាតិប្រូតេអ៊ីនក្នុងចំនីអាហារដែលអ្នកទទួលទានមានច្រើនលើសពេក ឬវត្តមាននៃពពួកបាក់តេរីជាក់លាក់ ក៏អាចជាមូលហេតុដែលបង្កឲ្យរាងកាយប្រែជាមានក្លិនឆ្អាបដែរ។ ដូច្នេះក្រៅពីការព្យាបាលជម្ងឺនេះដោយការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច​ ជាដើមនោះការរៀបចំកំណត់របបអាហារប្រចាំថ្ងៃក៏ជារឿងសំខាន់ដូចគ្នា។

៤. ប្រសិនបើរាងកាយរបស់អ្នកមានក្លិនផ្អែម ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ រាងកាយរបស់អ្នកអាចអាចនឹងមានក្លិនផ្អែមម្យ៉ាង ឬក្លិនដូចផ្លែឈើ ដោយសារតែកម្រិតនៃសារធាតុគីមី ketones នៅក្នុងចរន្តឈាមកើនឡើងខ្ពស់។ ប្រសិនបើទឹកនោមរបស់អ្នកក៏មានក្លិនផ្អែម ឬក្លិនដូចផ្លែឈើ ដែរនោះវាក៏អាចជារោគសញ្ញានៃជម្ងឺ Maple syrup urine disease។ គួរបញ្ជាក់ផងដែរថា Maple Syrup Urine Disease គឺជាជម្ងឺមេតាប៉ូលីសមួយប្រភេទដែលបណ្ដាលឲ្យរាងកាយអសមត្ថ ភាពក្នុងការបំបែកប្រតិកម្មគីមីអាស៊ីតអាមីណូសំខាន់ៗមួយចំនួនដូចជា valine leucine និងអ៊ីសូលូអ៊ីន។

៥. ប្រសិនបើរាងកាយរបស់អ្នកមានក្លិនដូចស៊ុតស្អុយ ៖ អ្នកប្រហែលជាបានទទួលទានសាច់ច្រើនពេកហើយ។ សាច់ គឺជាផលិតផលមួយដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារមានការពិបាកខ្លាំងក្នុងការរំលាយ ហេតុនេះហើយបានជាមនុស្សដែលទទួលទានសាច់ច្រើនជារៀងរាល់ថ្ងៃជួបប្រទះបញ្ហាក្លិនខ្លួនប្រែជាមានក្លិនអាក្រក់ដូចស៊ុតស្អុយ។

៦. ប្រសិនបើរាងកាយមានក្លិនអាល់កុល ៖ អ្នកប្រហែលជាបានទទួលទានគ្រឿងស្រវឹងច្រើនបន្តិចហើយមួយរយៈនេះ។ នៅពេលអ្នកទទួលទានគ្រឿងស្រវឹង រាងកាយរបស់អ្នកនឹងព្យាយាមបំបែកវាទៅជាអាស៊ីតអាសេទីក។ ទោះជាយ៉ាងណាក៏ដោយ រាងកាយអាចធ្វើការរំលាយជាតិអាល់កុលបានប្រហែលតែ ៩០ ភាគរយប៉ុណ្ណោះ។ ក្រៅពីដំណើរការនេះជាតិអាល់នឹងបញ្ចេញមកក្រៅតាមរយៈ ទឹកនោម ញើស និងខ្យល់ដង្ហើម។

៧. ប្រសិនបើរាងកាយអ្នកមានក្លិនញើស ហើយបែកញើសខ្លាំង ៖ អ្នកប្រហែលជាកើតមានជម្ងឺ hyperhidrosis ដែលជាជម្ងឺមួយប្រភេទធ្វើឲ្យរាងកាយបញ្ចេញញើសច្រើនលើសលប់ បើទោះបីជាអ្នកកំពុងស្ថិតនៅក្រោមសីតុណ្ហភាពធម្មតា និងគ្មានអារម្មណ៍តានតឹងណាមួយក៏ដោយ ហើយផ្នែកនៃរាងកាយដែលងាយនឹងបែកញើសបំផុត គឺ ក្លៀក ក្រលៀន និងជើង៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments