Header Ads

ព្រឺរោមណាស់ !! កោះខ្មោចកន្លែង​ពោរពេញ​ដោយ​រូប​តុក្កតា​កូនក្មេងបែបលោះព្រលឹង

ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងដ៏ល្អដើម្បីទៅលេង យើងចង់ប្រាប់ថាអត្ថបទនេះនឹងមិនសក្តិសមចំពោះអ្នកទេ។

តែប្រសិនបើអ្នកកំពុងស្វែងរកកន្លែង​ដែល​មាន​ប្រវត្តិដំណាល​ជាយូរលង់ទាក់​ទង​ទៅ​នឹង​ការ​លង​បន្លាច​ ភ័យរន្ធត់ ព្រឺរោម! នេះជាអ្វីដែលអ្នកកំពុងស្វែងរកហើយ។

យើងសូមផ្តល់ណែនាំកោះ La Isla De Las Muñecasដែលត្រូវបានគេស្គាល់ថាជាកោះតុក្កតាឬ កោះខ្មោចនៅម៉ិកស៊ិកូ។កន្លែងនេះពោរពេញដោយតុក្កតាចាស់​ដែល​គេ​ចង​ព្យួររណេងរណោងសឹង​គ្រប់​ទី​កន្លែង​មិន​ថា​នៅ​តាមដើមឈើ ឬក្នុងផ្ទះនោះទេ។ ដូចនេះវាបានបង្កើតទៅជា​ទស្សនីយ៍ភាព​គួរអោយភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាក្រៃ​លែង។

ហេតុអ្វីបានជាតុក្កតាជាច្រើនត្រូវបានគេព្យួរជុំវិញកោះនេះ?

ប្រភពដើមនៃរឿង​រ៉ាវ​ដ៏ភ័យរន្ធត់នៃកោះនេះបានកើតឡើងនាទសវត្សឆ្នាំ 1950 នៅពេលបុរសម្នាក់ឈ្មោះ Don Julin Santana បានសម្រេចចិត្តចាកចេញពីប្រពន្ធនិងកូនៗ របស់គាត់មករស់នៅលើកោះនេះតែម្នាក់ឯង។

ថ្ងៃមួយ Don បានប្រទះឃើញសពក្មេងស្រីអណ្តែត​មកតាម​ខ្សែទឹក​មកទើ​ក្បែរ​មាត់កោះដោយចៃដន្យ។ គាត់បាននិយាយថាទោះបីជានាងបានស្លាប់ទៅហើយ​មែន ប៉ុន្តែវិញ្ញាណរបស់ក្មេងស្រីនេះនៅតែវឹលវល់ស្ថិតនៅលើកោះមិនព្រមទៅណាឡើយ។

បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើរឿងប្លែកៗ ហើយបានយកតុក្កតាក្មេងស្រីមកចង ព្យួរនៅតាមលើដើមឈើ។ ហើយចំនួន​នេះ​ចេះ​តែកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដូច​ដែល​គេ​បាន​ឃើញថាមានតុក្កតាចាស់ៗស្អេកស្កះពេញព្រៃ​មើល​ហើយ​គួរ​អោយ​ព្រឺ​ក្បាល។

គាត់បាន​ធ្វើ​ការ​ពន្យ់ថា គាត់ដូច​ជាមានទំនាក់ទំនងល្អជាមួយវិញ្ញាណរបស់ក្មេងស្រីនុះ។ ការ​ចង​តុក្កតាគឺជា​ការ​ផ្តល់​អោយ​វិញ្ញាណ​របស់​នាង​ស្ងប់សុខ​និង​មិន​ឯការ​នៅ​លើ​កោះ​មួយនេះ លោក​ចង​វា​នៅ​តាម​ដើម​ឈើ​គឺ​គ្រាន់​តែ​ជា​ការ​បង្កើន​សោភ័ណភាព​ និងដូចជាការគោរពវិញ្ញាណរបស់នាងតែប៉ុណ្ណោះ។

ជាធម្មតាមនុស្សម្នាក់ដែលរស់នៅតែម្នាក់ឯង ក៏មិន​មាន​ពេលសម្អាតឬជួសជុលតុក្កតាដែល​ចង​ព្យួរនេះ​ទាំង​អស់​បាន​ទេ។ វាគង់​តែ​ត្រូវ​ទឹក​ ត្រូវ​ខ្យល់​ដែល​ធ្វើ​អោយ​វា​មាន​ការ​ប្រែប្រួល​សភាព​ដើម​ជា​មិនខាន។

កន្លង​មក​ទៀត​រាប់​សិប​ឆ្នាំ​ក៏​មាន​អ្នកផ្សេងទៀតដែលបានមកដល់​កោះនេះ ពួក​គេ​បាន​ជួប​រឿង​ភ័យ​រន្ធត់​ដោយ​សារ​តែ​តុក្កតា​អស់​នេះ​មើល​ទៅ​មាន​សភាព​ចាស់​ រញ៉េរញ៉ៃ ដូច​គេ​យក​ទារក​ទៅ​ចងព្យួរ​បេះបិទ។ ដោយ​សារ​តែ​កន្លង​ហួស​ទៅ​យូរ​ពេក​ទើបតុក្កតា​ទាំងនុះខ្លះត្រូវបានខូចទ្រង់ទ្រាយ ខ្លះបាត់ភ្នែក ខ្លះឆែប​ច្រមុះ​មាត់ ជ្រុះសក់​មួយ​ចំហៀង​ជា​ដើម ។

គួរ​បញ្ជាក់​ថា 50ឆ្នាំក្រោយ Don ក៏បានលាចាកលោកដោយមូលហេតុលង់ទឹកដែរ។

ហើយកាន់តែគួរឱ្យភ្ញាក់ផ្អើលទៀត​នោះ​គឺសពរបស់គាត់ត្រូវបានគេរកឃើញនៅកន្លែង​តែមួយដែលគាត់បានឃើញសពក្មេង​ស្រីម្នាក់នោះ។

នេះហើយជាមូលហេតុដែលធ្វើ​អោយ​រឿងរ៉ាវនេះបានក្លាយជារឿងព្រេងដែល​បាន​និយាយតៗគ្នានិងត្រូវ​បាន​គេ​ហៅ​កោះនុះថាជា កោះខ្មោច និង​មិនសូវមាន​អ្នក​ទៅក្បែរយ៉ាង​ដូច្នេះ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments