Header Ads

ជួយស៊ែរលើកទឺកចិត្តផង !! កូន​ខ្មែរ​អាច​​ធ្វើ​ចង្កឹះ​ពី​ម៉ាស៊ីន​គ្មាន​ជាតិ​គីមី ១០០% ដោយ​ខ្លួន​ឯង​ហើយ (មាន​វីដេអូ)

ចង្កឹះ​ធ្វើ​ពី​ឈើ​ថោកៗ​ដែល​ដាក់​លើ​ទី​ផ្សារ​កម្ពុជា​សព្វ​ថ្ងៃ សុទ្ធតែ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ហើយ​ភាគ​ច្រើន​គេ​ប្រើ​ថ្នាំ​ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ស៊ី និង​ទុក​បាន​យូរ។ ប៉ុន្តែ​សារជាតិ​ថ្នាំ​ដែល​ដាក់​លើ​ចង្កឹះ​នោះ អាច​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ចាប់​ម្ហូប​ទឹក និង​ម្ហូប​ក្ដៅ​ៗ​ជា​ដើម។ យ៉ាង​ណា​ក្ដី នៅ​ថ្ងៃ​នេះ បុរស​ម្នាក់​ដែល​រស់​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា អាច​បង្កើត​ចង្កឹះ​ក្នុង​ស្រុក​ដោយ​ខ្លួន​ឯង​ពី​ឫស្សី និង​គ្មាន​ប្រើ​ជាតិ​គីមី ឬ​ជាតិ​ថ្នាំ​ណា ដើម្បី​ការពារ​ឡើយ។

លោក ហេង ឃីម ដែល​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Heng Khim បាន​បញ្ជាក់​ថា ចង្កឹះ​ក្នុង​សង្វាក់​ផលិត​កម្ម​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ​នេះ គឺ​គ្មាន​ប្រើ​ជាតិ​គីមី ដើម្បី​រក្សា​គុណភាព​ឡើយ ព្រោះ​វា​ធ្វើ​ពី​ឫស្សី​ល្អ មិន​ងាយ​ងាយ​មាន​សត្វ​ស៊ី ហើយ​អាច​រក្សា​ទុក​បាន​យូរ។ លោក​បាន​ប្រាប់​អ្នក​លេង​បណ្ដាញ​សង្គម​ថា ទី​តាំង​ផលិត​ចង្កឹះ​នេះ ស្ថិត​នៅ​ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប។ សព្វ​ថ្ងៃ​ក្រុម​ការងារ កំពុង​រៀប​ចំ​ច្រក​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ចែក​ចាយ​លើ​ទីផ្សារ ប្រជែង​ចង្កឹះ​មក​ពី​ប្រទេស​ជិត​ខាង។

លោក ហេង ឃីម មិន​ទាន់​បញ្ជាក់​តម្លៃ​ចង្កឹះ​នេះ​នៅ​ឡើយ​ទេ ត្បិត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត វា​ក៏​មិន​អាច​ចែក​ចាយ​ទៅ​ឆ្ងាយ​បាន​ដែរ ព្រោះ​ការ​ផលិត​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​ម៉ាស៊ីន​នោះ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ ដោយ​ត្រូវ​ការ​ប្រើ​កម្លាំង​មនុស្ស​ជា​ជំនួយ ហើយ​មិន​អាច​ផលិត​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង ឃីម ម៉ាស៊ីន​ផលិត​ចង្កឹះ​នេះ នាំ​ចូល​ពី​ប្រទេស​ថៃ ប៉ុន្តែ​ជាង​ខ្មែរ​កំពុង​ស្រាវជ្រាវ​កែច្នៃ​តាម ដើម្បី​បង្កើត​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

នៅ​ក្នុង​វីដេអូ បង្ហាញ​ពី​ការ​ផលិត​ចង្កឹះ គេ​ឃើញ​មាន​អ្នក​ឈរ​ចាំ​ស៊ក​ឫស្សី​ចូល ដើម្បី​ឲ្យ​មុខ​កាំបិត​សំលៀង​ចេញ​ជា​ចង្កឹះ​មក។ មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​សង្វាក់​ផលិត​កម្ម​នេះ នាំ​គ្នា​ស្រាវ​សាច់ ត្បិត​មើល​ទៅ​ហាក់​ដូច​ជា​គ្រោះ​ថ្នាក់​ណាស់ ដោយ​ដៃ​អ្នក​ស៊ក​ឫស្សី​ចូល​កៀក​មុខ​ម៉ាស៊ីន​ខ្លាំង​ពេក ជា​ពិសេស​សំឡេង​វា​ខ្លាំង គួរ​ឲ្យ​ខ្លាច។ ប៉ុន្តែ​លោក ហេង ឃីម បាន​បញ្ជាក់​ប្រាប់​វិញ​ថា មិន​មាន​គ្រោះ​ថ្នាក់​ដូច​ការ​មើល​ឃើញ​នោះ​ទេ ហើយ​ឆ្លង​កាត់​ការ​សាក​ល្បង ឃើញ​ថា​មាន​សុវត្ថិភាព​ណាស់។

តាម​ពិត​ទៅ នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​កូន​ខ្មែរ​អាច​ធ្វើ​ចង្កឹះ​បាន​នោះ​ទេ ព្រោះ​កាល​ពី​មុន ប្រជាជន​ដែល​រស់នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ ក៏​បាន​ផលិត​ចង្កឹះ​ចេញ​ពី​ដើម​ទ្រាំង​ដែរ គ្រាន់​តែ​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ មិន​មែន​ចេញ​ពី​ម៉ាស៊ីន ហើយ​ចង្កឹះ​ទាំង​នោះ​ធ្វើ​ចេញ​ពី ដើម​ទ្រាំង។ ការ​ធ្វើ​ចង្កឹះ​ដោយ​ដៃ​នោះ គឺ​មាន​អង្គការ PYD ជួយ​បង្រៀន​តាំង​ពី​ឆ្នាំ​២០១២ មក ដើម្បី​សម្រួល​ប្រជាជន​ឲ្យ​មាន​ការងារ​ធ្វើ ក្រៅ​ពី​របរ​កសិកម្ម។

យ៉ាង​ណា​ក្ដី ចង្កឹះ​ដោយ​ដៃ​កូន​ខ្មែរ ហាក់​មាន​តម្លៃ​ខ្ពស់ និង​មិន​អាច​វាយ​លុក​ទី​ផ្សារ​ដូច​ចង្កឹះ​ថោកៗ នាំ​ចូល​មក​ពី​ប្រទេស​ជិត​ខាង​ឡើយ។ តម្លៃ​លក់​របស់​ចង្កឹះ​នោះ គឺ​មួយ​បាច់ ១០​គូ ដល់​ទៅ ៧០០០​រៀល។ ប៉ុន្តែ​ចង្កឹះ​ទាំង​នេះ មិន​មាន​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់ ឬ​ប្រើ​ថ្នាំ​ការពារ​រក្សា​ទុក​ឲ្យ​បាន​យូរ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ថ្លៃ​បន្តិច បើ​ប្រៀប​ធៀប​ចង្កឹះ​នាំ​ចូល។

បើ​និយាយ​ពី​ចង្កឹះ​ដែល​ប្រើ​ម្ដង​ចោល ហើយ​មាន​តម្លៃ​ថោក​នោះ គឺ​ធ្លាប់​មាន​ព័ត៌មាន​ចេញ​មក​ពី​ប្រទេស​ចិន និង​វៀតណាម ថា​បាន​ប្រើ​ឈើ​ថោកៗ​ដើម្បី​ធ្វើ​ជា​ចង្កឹះ រួច​ត្រាំ​ថ្នាំ​កុំ​ឲ្យ​សត្វ​ស៊ី។ ចង្កឹះ​នោះ ពេល​ប៉ះ​ជាមួយ​ទឹក អាច​បញ្ចេញ​ជាតិ​គីមី ដែល​ប៉ះ​ពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង។ ដូច​នេះ រវាង​ចង្កឹះ​ដែល​លាង​ហើយ ដាក់​ប្រើ​វិញ និង​ចង្កឹះ​ថោកៗ​ក្នុង​ថង់ គួរ​ជ្រើស​រើស​ចង្កឹះ​លាង​ហើយ​វិញ ជា​ការ​ប្រសើរ​ជាង៕

ទស្សនា​វីដេអូ សង្វាក់​ផលិត​កម្ម​ចង្កឹះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments