Header Ads

ដើមជ្រៃយក្សរបស់កម្ពុជា មានបារមីខ្លាំងមិនព្រមទៅស្រុកយួន

ខេត្ត​ត្បូងឃ្មុំ ៖ ជ្រៃ​យក្ស​មួយ​ដើម​ធំ​ដែល​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​អ្នកស្រុក​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​តម្លៃ​១.០០០​ដុល្លារ និង​បាន​ដឹក​តាម​រថយន្ត បម្រុង​នាំ​ចេញ​ទៅ​វៀតណាម តែ​មិន​អាច​ដឹក​ចេញ​បាន​ដោយ​សារ​រថយន្ត​នោះ​បាក់​ទ្រុង​ក៏​ទម្លាក់​ចោល​នៅ​ក្បែរ​ព្រំដែន បានធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ទើប​ធ្វើ​ឲ្យ​រថយន្ត​បាក់​ទ្រុង​ទៅ​មុខ​លែង​រួច កុំ​អី​បោល​ចូល​ស្រុក​យួន​បាត់​ទៅ​ហើយ ។

ជ្រៃ​យក្ស​មួយ​ដើម​នេះ​ត្រូវ​បាន​លោក លី ឡេ​ង អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​យាម​ការពារ ដោយ​មិន​ឲ្យ​ឈ្មួញ​យក​ទៅ​ណា​ទៀត​ទេ ។ បន្ទាប់​មក​ក៏​យក​មក​ដាំ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ស្រុក​ត្បូងឃ្មុំ ស្ថិត​នៅ​ឃុំ​ជី​រោទ៍​ទី​២ រហូត​មក​ដល់​ពេល​នេះ ដើម​ជ្រៃ​យក្ស​នេះ​បាន​លូតលាស់​ចេញ​ស្លឹក​ខៀវស្រងាត់ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១ មីនា ក៏​មានការ​ប្រារព្ធ​ពិធី​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​បារមី​ជ្រៃ​យក្ស​ដើម្បី​សុំ​សេចក្តីសុខ សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ប្រាប់​កោះសន្តិភាព​ថា រូប​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ យក​រថយន្ត​ទៅ​ស្ទូច​ដើម​ជ្រៃ​យក្ស​ពី​ចំណុច​ដែល​ឈ្មួញ​ទម្លាក់​ចោល នៅ​ភូមិ​ជាំ​ស្រុក​មេមត់​តែ​ការ​ស្ទូច​ដំបូង​ៗ​យក​មិន​បាន​នោះ​ទេ ។ លោក​បន្ត​ថា ទោះបីជា​អ្នក​បើករថយន្ត​ស្ទូច​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​យ៉ាងណា​ក្តី​ក៏​មិន​អាច​ស្ទូច​លើក​បាន​ដែរ ក៏​បាន​បែ​បន់​ថា​ប្រសិនបើ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​រូប​លោក​ស្ទូច​ដើម​ជ្រៃ​នេះ​យក​ទៅ​ដាំ ដុះ​បាន​ល្អ​នៅ​ស្រុក​ត្បូងឃ្មុំ​បាន​នោះ នឹង​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​នៅ​ពេល​ក្រោយ ។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មាន​ប្រសាសន៍​បន្ថែម​ថា រូប​លោក​បានឱ្យ​រថយន្ត​ស្ទូច​មក​ដឹក​ដល់​ទៅ​៤​ដង តែ​លើក​មិន​រួច ។ លុះ​ចុង​ក្រោយ​ទាល់តែ​ប្រើ​រថយន្ត​ធុន​យក្ស មក​ពី​រាជធានី​ភ្នំពេញ ​ទើប​ស្ទូច​បាន នាំ​មក​ដាំ​នៅ​ក្នុង​បរិវេណ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ ។ដោយ​សារ​តែ​មានការ​ថែទាំ​យ៉ាង​ដិត​ដល់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើ​ឲ្យ​ដើម​ជ្រៃ​យក្ស​ដែល​មិន​មាន​ស្លឹក​សោះ​នោះ បាន​ដុះ​លូតលាស់​ចេញ​ស្លឹក​ខៀវស្រងាត់ ។ លោក​ថា ការ​លេងភ្លេង​ពិណពាទ្យ​នេះ ក៏​បាន​សុំ​អនុញ្ញាត​ពី​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ប្រគំ​ថ្វាយ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី នៅ​ថ្ងៃ​ពេញ​បរ​មី​១៥​កើត រសៀល​ថ្ងៃ​ទី​១ មីនា ២០១៨ ។

ពិធី​នេះ​ដោយ​មាន​វត្តមាន​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព និង​លោក ប៉ែន កុសល អភិបាលរង​ខេត្ត រួម​នឹង​សហការី​ជា​ច្រើន​នាក់​ទៀត​ចូលរួម​អុជ​ធូប បួងសួង​សុំ​សេចក្តី​សុខ​សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​សូម​ឲ្យ​ជួប​តែ​សេចក្តីសុខ​សាន្ត និង​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​រក​ត្រើយ​សន្តិភាព​ជា​រៀង​រហូត ។លោក ហ៊ឹ​ម ណ​ន អាយុ​៦១​ឆ្នាំ ជា​ចាស់​​ទុំ​មួយ​រូប​មាន​ប្រសាសន៍​ថា រូប​លោក​កម្រ​នឹង​បានឃើញ​ដើមឈើ​ណា​ដែល​មាន​ទំហំ​ធំ​ដូច​ខាងលើ​នេះ ហើយ​​បើ​ធំ​បែប​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​នឹង​មាន​បារមី​កាន់​ពូកែ​សក្តិ​សិទ្ធិ​ណាស់ ។ លោក​ថា ថ្ងៃក្រោយ​នឹង​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​បែរបន់​និង​គោរព​បូជា ហើយ​ដើម​ជ្រៃ​យក្ស​នេះ​ត្រូវ​បាន​ចាត់ទុកជា​សម្បត្តិ​វប្បធម៌​ដ៏​ឧត្តុង្គ​ឧត្ត​ម្ភ​ផង​ដែរ ។

គួរ​រំលឹក​ថា ជ្រៃ​យក្ស​១​ដើម​នេះ​បាន​ដុះ​នៅ​ក្នុង​ចំការ​ដំឡូង​របស់​ពលរដ្ឋ​ឈ្មោះ អ៊ុ​ម ស៊ី​ម ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ បាន​លក់​ឲ្យ​ទៅ​ឈ្មួញ​វៀតណាម​ដែល​ដឹក​មិន​រួច រហូត​ដល់​បាក់​រថយន្ត ។ បើ​តាម​ប្រវត្តិ​វិញ​ដើម​ជ្រៃ​នេះ ដំបូង​បាន​ដុះ​ក្នុង​ដើម​ស្រឡៅ​ដែល​មាន​ប្រហោង​កណ្តាល ក្រោយ​មក ​ក៏​ចេះ​តែ​រីក​ធំធាត់ ដែល​មាន​ដើម​ទំហំ​យក្ស​ដូច​ខាងលើ​នេះ ហើយ​ត្រូវ​បាន​ឈ្មួញ​វៀតណាម​ចុះ​មក​ទិញ​កាលពី​ថ្ងៃ​ទី​១៤ តុលា ២០១៧​កន្លង​ទៅ​នោះ ពេល​ដឹក​ទៅ​ដល់​ព្រំដែន​ក៏​បាក់​តួ​រថយន្ត​ទៅ​មុខ​លែង​រួច ក៏​ទម្លាក់​ចោល​ទៅ ៕ ​

ប្រភព៖ កោះសន្តិភាព

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments