Header Ads

អស់ស្ទះ !! ដឹងមូលហេតុ​ពីអាថ៌កំបាំងដុំពេជ្រ​ក្នុងអាចម៍ផ្កាយដែល​បានធ្លាក់នៅ​ស៊ូដង់ កាលពី​ឆ្នាំ២០០៨

អស់ស្ទះ !! ដឹងមូលហេតុ​ពីអាថ៌កំបាំងដុំពេជ្រ​ក្នុងអាចម៍ផ្កាយដែល​បានធ្លាក់នៅ​ស៊ូដង់ កាលពី​ឆ្នាំ២០០៨

កាលពីឆ្នាំ២០០៨ បំណែកនៃ​គ្រាប់ពេជ្រ ដែលបង្កប់នៅក្នុងដុំ​ថ្មអវកាសមួយ បានធ្លាក់ចុះពី​ទីអវកាស មកចំតំបន់​វាលខ្សាច់ Nubian នៃប្រទេស​ស៊ូដង់ ហើយបើតាម​លទ្ធផលនៃការ​សិក្សាថ្មីមួយ គ្រាប់ពេជ្រ​ក្នុងអាចម៍ផ្កាយនេះ គឺជាភស្តុតាង​ជាក់ស្តែងដំបូងបំផុត ស្តីពីភព​ចំណាស់ៗ ដែលមាន​វត្តមាន​កាលពីពេលប្រព័ន្ធ​ព្រះអាទិត្យរបស់​យើង ទើប​កកើតឡើង។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​​ ចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

នៅក្នុងការ​សិក្សាខាងលើ ក្រុមអ្នកស្រាវជ្រាវ​បានរក​ឃើញថា អាចម៍ផ្កាយ Almahata Sitta ដែលធ្លាប់ជា​ផ្នែកនៃភពម៉្យាង​ដែលគេហៅថា Protoplanet ជាភពមួយ​ក្នុងចំណោម​ភពពីដើមៗ​មួយចំនួន ដែលបានទទួល​រងហេតុការណ៍​ប៉ះទង្គិចគ្នា និងបាតុភូត​ពោពេញដោយ​ថាម​ពល​​ឯទៀតៗ ដើម្បីជាចុងក្រោយ​បង្កើតចេញជា​ភពនានា នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។

បើតាមលទ្ធផល​ស្រាវជ្រាវដដែល ដុំគ្រាប់ពេជ្រទាំងនេះ ដែលស្ថិតនៅក្នុង​អាចម៍ផ្កាយខាងលើ មានផ្ទុកនូវកំណត់ត្រា​គួរឲ្យចាប់អារម្មណ៍ អំពី​ភព Protoplanet ទាំងនេះ ព្រម​ទាំងការប៉ះទង្គិចគ្នា​របស់ពួកវា ពីព្រោះថា​នាពេលកន្លង​មកនេះ វត្តមាននៃភព​ចំណាស់ៗទាំង​អស់នេះ គឺត្រូវបានគេ​ទស្សន៍ទាយឡើយ តាមតែរយៈការបង្កើត​ទម្រង់ម៉ូដែល​ សម្រាប់ការធ្វើពិសោធន៍​តែប៉ុណ្ណោះ។ គួរជម្រាបថា អាចម៍ផ្កាយគ្រាប់​ពេជ្រទាំងនេះ ទំនងជាមានប្រភព​ដើមមកពីភព Protoplanet មួយ មានទំហំចន្លោះ​ទំហំឋាន​ព្រះច័ន្ទ និង​ភព​​ព្រះអង្គារ (Mars) ដែលបាន​បុកទង្គិចគ្នា​​ជាមួយវត្ថុ​អវកាស​ដទៃទៀត កាលពីអំឡុង​រយៈពេល ១០លានឆ្នាំដំបូង នៃការកកើត​ឡើងនូវប្រព័ន្ធ​​ព្រះអាទិត្យ ហើយវាពុំ​នៅសេសសល់វត្តមាន​តទៀតនោះ​ឡើយ​ នាបច្ចុប្បន្ននេះ។

គួររំលឹកបន្ថែមថា ពេលកកើត​ប្រព័ន្ធព្រះអាទិត្យ​ដំបូង កាលពី​ជាង ៤.៦ពាន់លាន​ឆ្នាំមុននេះ ភពនៅក្នុង​ប្រព័ន្ធព្រះអាទិត្យយើង​មានចំនួនរហូតដល់ទៅ​ជាង ១០០ភពឯណោះ ដែលគោចរ​ជុំវិញ​ព្រះអាទិត្យ។ ប៉ុន្តែដោយសារ​តែគន្លងពួកវាស្ថិត​នៅកៀកៗគ្នា ឬច្របូលច្របល់ពេក ទើបភពធំៗ និងតូចៗនានា​ចាប់ផ្តើមទង្គិចគ្នា ដោយភព​ខ្លះរួមផ្តុំគ្នាក្លាយ​ភពធំៗ និងភពខ្លះៗទៀត​ក៏បានកើន​ទំហំ និងមាន​ព្រះច័ន្ទ​ច្រើន ឬតិចគោចរជុំវិញ​ថែមទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments