Header Ads

អីយ៉ា វីវហើយ!! ពេជ្រ ថៃ រវល់តែច្រៀងរាំខ្លាំងពេក រហូតភ្លេចចូលរៀន ពេលនេះសាលាបានប្រកាសថា…

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ពិសេសនៅអំឡុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលទើបនឹងកន្លងផុតទៅថ្មីៗនេះ កុមារពេជ្រ ថៃ ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ហាក់កំពុងមមាញឹកជាមួយនឹងការច្រៀងសម្តែងតាមបណ្តាពិធីប្រគំតន្ត្រីធំៗជាច្រើន ឬអាចនិយាយបានថា ពេជ្រ ថៃ កំពុងរវល់កើបលុយដាក់ហោប៉ៅ រហូតដល់ភ្លេចចូលសាលារៀនសូត្រ ព្រោះតាំងពីពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ រហូតមកដល់ពេលនេះ ពេជ្រ ថៃ នៅមិនទាន់បានចូលសាលារៀននៅឡើយ។

យោងតាមប្រភពព័ត៌មានចេញពីវិទ្យាល័យទួលស្វាយព្រៃ បានបង្ហើបឱ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២១០៨ ពេជ្រ ថៃ មិនបានប្រឡងឆមាសលើកទី១នោះទេ ដែលការប្រឡងឆមាសទី១ ត្រូវធ្វើឡើងនៅអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែពេជ្រ ថៃ បានអវត្តមានតាំងពីរយៈពេល១ខែ មុនកាលបរិច្ឆេទការប្រឡងឆមាសលើកទី១មកម៉្លេះ។ លុះក្រោយពេលចប់ប្រឡងឆមាស ក៏ចូលដល់រដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរល្មម ហេតុនេះ ពេជ្រ ថៃ បានបន្តអវត្តមានពីសាលាមួយរយៈធំទៀត ពោលគឺរហូតមកដល់ចុងខែមេសានេះ ពេជ្រ ថៃ មិនទាន់ឃើញវិលចូលសាលារៀនវិញនៅឡើយ។

ប្រភពដដែលបន្តថា ដោយសារតែមិនមែនជាគ្រូបន្ទុកថ្នាក់របស់ពេជ្រ ថៃ ហេតុនេះ គេមិនដឹងថា តើយុវសិស្ស ពេជ្រ ថៃ បានអវត្តមានពីការសិក្សាដោយមានច្បាប់ ឬអត់ច្បាប់នោះទេ ហើយក៏មិនដឹងដែរថា តើខាងសាលានឹងមានវិធានការណ៍យ៉ាងណានោះទេ ចំពោះការអវត្តមានដ៏យូរក្រែលរបស់យុវសិស្ស ពេជ្រ ថៃ។

ដោយឡែក ប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មូលហេតុដែលពេជ្រ ថៃ អវត្តមានពីការសិក្សា ក្នុងរយៈពេលវែងបែបនេះ ក៏ដោយសារតែពេជ្រ ថៃ ជាប់រវល់ចូលរួមកម្មវិធីនានាក្នុងវិស័យសិល្បៈ ជាក់ស្តែងការចូលរួមច្រៀងសម្តែងនៅតាមការប្រគំតន្ត្រីតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ពិសេសការប្រគំតន្ត្រីនៅរដូវបុណ្យចូលឆ្នាំ គឺត្រូវប៉ាន់តែម្តង ពោលគឺមិនអាចដកឃ្លារួចឡើយ ហេតុនេះមានការលើកឡើងថា ពេជ្រ ថៃ ឃើញលុយ បែរជាភ្លេចអស់ការសិក្សាតែម្តង។

គួរបញ្ជាក់ថា កាលពីពេលកន្លងមក ខណៈដែលទើបនឹងផ្លាស់សាលាពីខេត្តបាត់ដំបង មករៀននៅវិទ្យាល័យទួលស្វាយព្រៃ ដំបូង កាលពីអំឡុងចុងឆ្នាំ២០១៧ ពេជ្រ ថៃ ធ្លាប់បានបញ្ជាក់ថា កាលរៀននៅឯស្រុកកំណើត រូបគេរៀនបានពិន្ទុល្អជាបន្តបន្ទាប់ ជាក់ស្តែងកាលរៀននៅថ្នាក់ទី៧ កាលពីឆ្នាំ២០១៦ រូបគេទទួលបានចំណាត់ថ្នាក់លេខ២ ដែលចាត់ទុកថាជាសិស្សដែលរៀនពូកែមួយរូប។ យ៉ាងណា ក្រោយពេលប្តូរការសិក្សានៅរាជធានីភ្នំពេញ រូបគេមិនទាន់ដឹងថា នឹងទទួលបានពិន្ទុល្អ ឬយ៉ាងណានោះទេ ក៏ព្រោះតែរូបគេត្រូវជាប់រវល់លើផ្នែកចម្រៀងផង។ ប៉ុន្តែយ៉ាងណា រូបគេនឹងប្រឹងប្រែងមិនឱ្យលោកគ្រូអ្នកគ្រូខកបំណងទេ ពោលគឺបើទោះបីជាប់រវល់លេងសិល្បៈ ក៏រូបគេត្រូវប្រឹងប្រែងលើការសិក្សាផងដែរ។

ជុំវិញបញ្ហាអវត្តមានរបស់យុវសិស្ស ពេជ្រ ថៃ ពីការសិក្សានៅក្នុងសាលាទួលស្វាយព្រៃ ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងវិទ្យាល័យទួលស្វាយព្រៃ ក៏ដូចជាសាមីខ្លួន ពេជ្រ ថៃ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួររំលឹកថា ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ កុមារ ពេជ្រ ថៃ បានផ្លាស់ប្តូរសាលារៀន ចូលមកសិក្សានៅថ្នាក់ទី៨ជ វិទ្យាល័យទួលស្វាយព្រៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងមិត្តភក្តិរួមថ្នាក់។

កុមារពេជ្រ ថៃ បានថ្លែងប្រាប់ថា មូលហេតុដែលរូបគេសម្រេចចិត្តចូលរៀននៅវិទ្យាល័យទួលស្វាយព្រៃ ដោយសារតែរូបគេពេញចិត្តវិទ្យាល័យមួយនេះ ម៉្យាងសាលានៅជិតផ្ទះផង។ យ៉ាងណា ពេជ្រ ថៃ សុំមិនបញ្ជាក់ពីមូលហេតុដែលរូបគេមិនបានចូលរៀននៅសាលាល្បីឈ្មោះ១ ដែលប្រកាសផ្តល់អាហារូបករណ៍រូបគេនោះទេ។ កុមារល្បីឈ្មោះរូបនេះគ្រាន់តែបង្ហើបថា រូបគេបានប្តូរការសិក្សាពីថ្នាក់ទី៧ នៃអនុវិទ្យាល័យម្រះព្រៅ ភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មកវិទ្យាល័យទួលស្វាយព្រៃ រាជធានីភ្នំពេញ។

មិនខុសពីនៅលើឆាកប្រគំតន្ត្រីធំៗនោះទេ នៅក្នុងថ្នាក់រៀនក្នុងម៉ោងចេញលេង សិស្សានុសិស្សរួមសាលា ក៏ដូចជាមិត្តរួមថ្នាក់តែងមកចោមរោមពេជ្រ ថៃ ព្រោះពេជ្រ ថៃ ពូកែនិយាយលេងសើចកំប្លុកកំប្លែង ធ្វើឱ្យមិត្តរួមថ្នាក់ រួមទាំងលោកគ្រូអ្នកគ្រូសើចសប្បាយ និងស្រលាញ់ចិត្តរូបគេគ្រប់គ្នា៕ប្រភព៖ នគរធំ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments