Header Ads

បុរាណវិទូបញ្ជាក់ពីមូលហេតុដែលហ៊ានសន្និដ្ឋានថា !! បុរាណដ្ឋាននៅលើភ្នំគូលែនអាចជាអតីតរាជវាំងឬរាជដំណាក់របស់ ព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩

ក្រោយពីក្រុមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរានិងបុរាណវិទូនៃអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) បានសហការជាមួយក្រសួងបរិស្ថាន ធ្វើកំណាយនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។ ដោយទីតាំងនេះមានឈ្មោះក្នុងឯកសារបារាំងហៅថា “បន្ទាយ” បច្ចុប្បន្នហៅថា “ផ្ទះគូចារ្យ ” ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា ក្រុមបុរាណវិទូបញ្ជាក់ពីមូលហេតុដែលហ៊ានសន្និដ្ឋានថា ការកំណាយឃើញបុរាណដ្ឋាននៅលើភ្នំគូលែនអាចជាអតីតរាជវាំងឬរាជដំណាក់របស់ព្រះបាទជ័យវរ្ម័នទី២ក្នុងសតវត្សទី៩។ ដោយលោកបណ្ឌិត JB Chevance ប្រធានអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) បានលើកឡើងនូវភុស្តតាង ចំនួន៤៖

១. យោងទៅលើឯកសារស្រាវជ្រាវរបស់បារាំងនិងខ្មែរពីមុនៗដែលសន្និដ្ឋានថានេះជារាជវាំងរបស់ព្រះអង្គដែលទ្រង់បានមកតាំងរាជធានីនៅលើខ្នងភ្នំគូលែន។ តាមការសន្និដ្ឋានរបស់អ្នកជំនាញ ទីនេះប្រហែលជាអតីត «រាជដំណាក់ឬរាជវាំង» របស់ព្រះបាទជ័យវរ្ម័នទី២ កសាងនៅដើមសតវត្សរ៍ទី៩ មានទំហំផ្ទៃដី៤០០ម៉ែត្រx៦០០ម៉ែត្រ។

២. បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ប្រមាណជាងពីររយឆ្នាំបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ បានរៀបរាប់យ៉ាងក្បោះក្បាយពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថាមហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ព្រោះមានប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំនប់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។

៣. ទីតាំងនេះក៏ធ្លាប់មានការសន្និដ្ឋានពីអ្នកស្រាវជ្រាវជាតិ-អន្តរជាតិថាប្រហែលជារាជវាំង ក៏ប៉ុន្តែនៅតែមិនទាន់មានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយមកបញ្ជាក់នោះទេ ទើបក្នុងឆ្នាំ២០០៩ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានសហការជាមួយបុរាណវិទូនៃអង្គការ ADF ចាប់ផ្តើមធ្វើកំណាយ។ ជាលទ្ធផលនាពេលនោះ តាមរយៈការយកធ្យូងទៅពិសោធឃើញថា ទីតាំងនេះគឺស្ថិតក្នុងសតវត្សទី៩ នៃរាជរបស់ព្រះបាទជ័យវរ្ម័នទី២។

៤. ផ្អែកតាមទិន្នន័យ LiDAR ឆ្នាំ២០១២ និង ២០១៥ និងលទ្ធផលបឋមបានពីការធ្វើកំណាយក្នុងឆ្នាំ២០១៨នេះ បានបង្ហាញកាន់តែច្បាស់ពីរចនាសម្ពន្ធរៀបចំក្រុង មានទំនប់បុរាណ ប្រាសាទបុរាណ សំណង់សាធារណៈ ប្រព័ន្ធធារាសាស្ត្រ បារាយណ៍ជាដើម គឺចាប់ផ្តើមចេញពីទីតាំងមួយនេះ។ តាមសណ្ឋានដីទូទាំងភ្នំគូលែន អត់មានសណ្ឋានដីណាដូចកន្លែងនេះទេ ដែលមានទំនប់ព័ន្ធនិងផ្លូវខ្វាត់ខ្វែងជុំវិញ។ យោងតាមលទ្ធផលដែលសន្និដ្ឋានបឋមមាន៖

-យើងបានរកឃើញកាំជណ្តើរសង់ពីឥដ្ឋដែលជាច្រកចូលពីទិសខាងកើត។ -ចំពោះសំណង់កណ្តាលនៃអគារអាចបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១៖ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័វរ្ម័នទី២ ក្នុងសតវត្សទី៩ បច្ចេកទេសសំណង់មានការបង្ហាប់គ្រឹះដោយប្រើដីលាយជាមួយកម្ទេចថ្មបាយក្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាត់ពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។ ដំណាក់កាលទី២៖ គឺចាក់ដីកម្រាស់៣០សង់ទីម៉ែត្រនៅលើកម្រាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រៀបកម្រាលឥដ្ឋនៅពីលើ។ ក្នុងដំណាក់កាលនេះ យើងមិនទាន់អាចធ្វើការសន្និដ្ឋានថាធ្វើពេលណានៅឡើយនោះទេ ដោយសារយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់។ និង ដំណាក់កាលទី៣៖ ស្ថិតក្នុងអំឡុងទសវត្សទី៦០ រហូតដល់បច្ចុប្បន្នតាមរយៈការសាកសួរពីចាស់ទុំនៅតំបន់នេះ ទៅទស្សវត្សទី៦០ គឺមានលោកតាអាចារ្យម្នាក់បានមកសង់ផ្ទះនេះដើម្បីតាំងធម៌ លុះដល់ប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments