Header Ads

ហួសថ្លែង !! ចាប់បានអណ្តើកយក្ស ជិតផុតពូជមួយក្បាល តែចុងក្រោយបែរជាយកទៅ…

ចិន៖ វាគឺជារឿងដ៏សោកស្តាយបំផុត បន្ទាប់ពីរូបភាព និងវីដេអូនៃសត្វអណ្តើកយក្ស ដែលជិតផុតពូជមួយក្បាល ត្រូវបានគេបង្ហោះពេញបណ្តាញអ៊ិនធើណេត ដោយវាត្រូវគេនេសាទបាន យកមកកាប់លក់ចែកគ្នាខ្ទេចគ្មានសស់ មិនស្តាយអ្វីទាំងអស់នៅក្នុងតំបន់ឆ្នេរសមុទ្រនាខេត្ត Guangdong ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសៀងហៃ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងថា អណ្តើកសមុទ្រមួយក្បាល មានទម្ងន់ដល់ទៅ ២០៨គីឡូក្រាម ត្រូវបានក្រុមអ្នកនេសាទមួយក្រុម អូសឡើងលើច្រាំង ស្ថិតក្នុងទីក្រុង Zhanjiang ភាគខាងត្បូងខេត្ត Guangdong ។

បន្ទាប់មកសត្វអណ្តើកយក្ស ដែលស្ថិតក្នុងលំដាប់ទី២ នៃប្រភេទសត្វកំពុងអភិរក្សនេះ ត្រូវបានគេយកទៅកាប់សាច់ភ្លាមៗ ដោយគ្មានស្តាយស្រណោះ ហើយវីដេអូនៃការកាប់សត្វអណ្តើក ឃើញឈាមក្រហមច្រាលនេះ ក៏ត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្តាញអ៊ិនធើណេតផងដែរ។

ដំណឹងនៃការចាប់បានសត្វអណ្តើកយក្សនេះ បានលេចឮទូទាំងក្រុង ហើយប្រជាជនក្នុងតំបន់ក៏បាននាំគ្នារត់មកកាន់កន្លែកកើតហេតុភ្លាមៗ ដើម្បីនាំគ្នាមកឈរចោមរោមមើល និងទិញសាច់អណ្តើកយក្សនេះ ក្នុងតម្លៃ ១៤០យ័ន (ជាង២០ដុល្លារ) ក្នុងមួយគីឡូក្រាម។

យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ សាច់អណ្តើកទាំងអស់ត្រូវបានលក់ខ្ទេចគ្មានសល់ ហើយអ្នកនេសាទដែលចាប់បានអណ្តើកនោះ រកប្រាក់បាន ២០,០០០យ័ន ឬប្រមាណ ២,៩០០ដុល្លារ សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់។

គួរបញ្ជាក់ថា អណ្តើក Leatherback នេះ គឺជាប្រភេទពូជអណ្តើកដែលធំជាងគេ ពួកវារស់នៅក្នុងតំបន់ធំទូលាយ ទូទាំងពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែសកម្មភាពរបស់មនុស្ស បានធ្វើឥ្យចំនួនរបស់ពួកវាធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសតវត្សចុងក្រោយនេះ។

អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ បានចុះបញ្ជីរអណ្តើក Leatherback នេះថាជាសត្វដ៏មានតម្លៃ ខណៈបច្ចុប្បន្នពួកវា កំពុងរងគ្រោះធ្ងន់ធ្ងរស្ទើរតែផុតពូជទៅហើយ។

នៅក្នុងប្រទេសចិន សត្វអណ្តើកប្រភេទនេះ ស្ថិតក្នុងលំដាប់ទី២ នៃប្រភេទសត្វកំពុងអភិរក្ស ដែលមានន័យថា ការប្រមាញ់ និងការសម្លាប់ដោយខុសច្បាប់ គឺជាបទល្មើសព្រហ្មទណ្ឌ តែទោះជាយ៉ាងណា វាហាក់ដូចជាមិនបានបញ្ឈប់សកម្មភាពរបស់ក្រុមអ្នកនេសាទទាល់តែសោះ៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments