Header Ads

សាហាវណាស់ !! ជនពាលម្នាក់ចង់ដោះដៃទៅរកស្រីថ្មី ចាប់សង្សាររឹតកសម្លាប់

ខេត្តមណ្ឌលគិរី៖ ជនពាលម្នាក់បានប្រើពាក្យដ៏ផ្អែមល្ហែមរបស់គេ ដាក់នារីជនជាតិភាគតិចម្នាក់ រហូតធ្វើឲ្យនាងបាក់ចិត្តស្រលាញ់ ហ៊ានលះបង់ទាំងកាយ និងចិត្ត អស់រយៈពេលជាងមួយឆ្នាំ ហើយចុងក្រោយបែរចង់ដោះដៃទៅរកអ្នកថ្មីទៀត ទើបនាងប្រកែកមិនព្រមកាត់ផ្ដាច់ចំណងស្នេហា ក៏យកខ្សែមករឹតកសម្លាប់នាង តែបុណ្យ​ព្រេងសំណាងរបស់នាងមិនអស់ គ្រាន់តែសន្លប់ និងភ្ញាក់ដឹងខ្លួនឡើងវិញ រត់ទៅប្ដឹងសមត្ថកិច្ច ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៥​ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិ​​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុងសែនមនោរម្យ។

បើតាមសម្ដីរបស់នារីរងគ្រោះ បានឲ្យដឹងថា​ កាលពីជាងមួយឆ្នាំមុន នាងបានរាប់អាននឹងយុវជនម្នាក់ (ជនសង្ស័យ) តែក្រោយពីមានទំនាក់ទំនាក់គ្នាមួយរយៈមក ជននោះបានប្រើពាក្យពេចន៍ដ៏ផ្អែមរបស់គេ និងសុំសេចក្ដីស្នេហាពីនាង រហូតធ្វើឲ្យនាងបាក់ចិត្តស្រឡាញ់។ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ សង្សាររបស់នាងបានចុច​​ទូរ​ស័ព្ទមកនាង ហើយណាត់ឲ្យនាងទៅ​ជួប​។​

ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីបានណាត់គ្នាហើយ នាងក៏បានទៅជួបនឹងសង្សាររបស់នាង តាមការណាត់ ហើយជនសង្ស័យ​បាន​បើក​ម៉ូតូដឹកនាង​ទៅ​តាមផ្លូវ ​ច្រកចូល​ភ្នំ​ដោះ​ក្រមុំ។ នៅពេល​ទៅ​ដល់​លើ​ភ្នំ​ដោះ​ក្រមុំ​ ជនសង្ស័យ​បាន​សុំបញ្ចប់ទំនាក់ទំនងស្នេហាជាមួយ​នឹងរូបនាង។ ឮបែបនេះ ​នាង​មិន​ព្រម និងមានការរន្ធត់ចិត្តយ៉ាងខ្លាំង។

ដោយសារតែការទប់អារម្មណ៍ នៃការឈឺចុកចាប់នៅក្នុងចិត្ត មិនបាន នាងបានស្រែកទ្រហោ​យំ ​រហូត​អស់កម្លាំង​ និង​មាន​អាកា​រ​ឈឺពោះ ក៏​ដេក​ទៅ​នឹង​ដី​ នៅទីនោះតែ​ម្តង​។ លុះ​មកដល់​ម៉ោង១ ​និង​​៣០​នាទី​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​0៧ ខែឧសភា។ ក្រោយ​ពេលដឹងខ្លួន​ឡើងវិញ ជនសង្ស័យ​បាន​បបួល​នាង​ត្រឡប់​ទៅ​ផ្ទះ តែ​នាងបានឆ្លើយថា ចាំ​ខ្លួន​បាត់​ឈឺពោះ​សិន។

នារីរងគ្រោះ បានបន្តថា បន្តិច​ក្រោយមក​ សង្សាររបស់នាងបាន​យក​ខ្សែ​កា​តាប​ ពណ៌​ខ្មៅ​ ប្រវែង​៥៤​សង់ទីម៉ែត្រមករឹត.​កនាង​ រហូតសន្លប់​បាត់ស្មារតី ទើបគេ​ដឹក​នាង​​យក​ទៅ​បោះចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដើម្បី​បំបាត់ដាន​។ បន្ទាប់ពីដឹងខ្លួនឡើងវិញ នាងបានរត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ឲ្យនាង។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​ បានឱ្យ​ដឹង​ថា ​ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងសម្លាប់សង្សាររបស់ខ្លួន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ មុខរបរ​ជាជាង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​ នៅ​ស្រុក​កោះ​ញែក និងមានលំនៅ​ក្នុងភូមិ​ដូង ឃុំ​តា​រ៉ុ​ង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម តែគេបានមកស្នាក់​នៅផ្ទះ​បងប្អូន ​នៅ​ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែនមនោរម្យ។ រីឯនារីរងគ្រោះ ឈ្មោះ ​ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង មានលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ។

លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះ ទើបនៅ​វេលាម៉ោង​ប្រហែល​៥​ព្រឹក ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះទៅ​ឃាត់​ខ្លួន​ជនសង្ស័យ ​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ​។ ​

ក្រោយ​ពេល​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ បានសារភាព​ថា ខ្លួន​ពិតជា​បាន​យក​ខ្សែ​កា​តាប​មករឹត​​កជន​រង​គ្រោះ​មែន។ នៅពេលឃើញនាង​សន្លប់ រូបគេស្មានតែនាងស្លាប់​ទើបដឹកយក​ទៅបោះ​ចោល​ នៅ​លើគំនរ​សំរាម។ ក្រោយពេលទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ប្រភព៖ KBN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments